សារព័ត៌មានមហាខ្មែរ

ចិនស ងសឹកអាមេរិក!ចិនចង់បិទ TikTok នៅអាមេរិកចោល ជាជាង​លក់ដោយត្រូវគេបង្ខំ

5

រដ្ឋាភិបាលក្រុង​ប៉េកាំង​បានជំទាស់​មិន​ឲ្យ​ក្រុមហ៊ុន ByteDance របស់ចិន លក់​ប្រតិបត្តិការ TikTok នៅអាមេរិក​របស់ខ្លួន​ដោយ​បង្ខំនោះ​ឡើយ និងថា ខ្លួន​ចង់​ឲ្យ​បិទ​កម្មវិធី​វីដេអូខ្លីៗ TikTok នេះ​ នៅក្នុងសហរដ្ឋ​អាមេរិក តែម្ដង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​កាលពីថ្ងៃសុក្រ​របស់ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ ដោយស្រង់សម្ដី​មនុស្ស​៣នាក់ ដែលដឹងរឿងនេះ ។
ក្រុមហ៊ុនចិន ByteDance បាននិងកំពុង​ស្ថិតក្នុងការចរចា​លក់​ក្រុមហ៊ុន TikTok នៅអាមេរិក របស់ខ្លួន ទៅ​ឲ្យ​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​ចំនួនពីរ ដែលអាចនឹង​ចង់ទិញ គឺ ក្រុមហ៊ុន Microsoft និង Oracle បន្ទាប់ពី​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាម​កាលពីខែមុនថា នឹង​បិទប្រតិបត្តិការរបស់ TikTok នៅក្នុង​ប្រទេស​អាមេរិក ប្រសិនបើ​មិនលក់ទេនោះ ។

លោក ត្រាំ បានទុក​ឱសានវាទរហូតដល់ត្រឹមពាក់កណ្ដាលខែកញ្ញានេះ សម្រាប់ការលក់នេះ ។

ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលចិន​ជឿជាក់ថា ការលក់ដោយបង្ខំបែប​នេះ​នឹងធ្វើ​ឲ្យ​ទាំង​ក្រុមហ៊ុន ByteDance និងទាំង​ប្រទេសចិន មើលទៅមានភាពទន់ខ្សោយ​នៅចំពោះមុខ​ការដាក់សម្ពាធពីរដ្ឋាភិបាល​ក្រុងវ៉ាស៊ិងតោន។ នេះ​បើយោងតាម រ៉យទ័រ ។
ទោះយ៉ាងណា ក្រុមហ៊ុន ByteDance បាននិយាយក្នុងសេចក្ដីថ្លែងការណ៍​ផ្ញើ​ទៅ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ ថា រដ្ឋាភិបាលចិន​មិនដែលបាន​ផ្ដល់​យោបល់​ឲ្យ​ខ្លួន​បិទ​ប្រតិបត្តិការ TikTok នៅក្នុង​សហរដ្ឋ​អាមេរិកឡើយ ។

កន្លងមក រ៉យទ័រ បាន​ផ្សាយថា ក្រុមហ៊ុនដែលអាចនឹងទិញ​ TikTok នៅអាមេរិក បាននិងកំពុងពិភាក្សា​វិធី ៤យ៉ាង សម្រាប់​រៀបចំការទិញ​ TikTok នៅអាមេរិក ពីក្រុមហ៊ុនចិន ByteDance ។

តាមវិធីទាំង៤យ៉ាងនេះ ByteDance អាច​លក់ទ្រព្យ​នៅអាមេរិករបស់ TikTok ដោយ​មិនចាំបាច់​មាន​ការយល់ព្រមពី​ក្រសួង​ពាណិជ្ជកម្មចិន​ឡើយ ដោយ​លក់​មិនចាំបាច់​ផ្ដល់​នូវកូដ Algorithms សំខាន់ៗនោះទេ ។

បញ្ហា TikTok នេះ ត្រូវរដ្ឋាភិបាលអាមេរិករិះគន់អំពី​កត្តា​សន្តិសុខនិង​ឯកជនភាព ដោយ​និយាយថា ទិន្នន័យរបស់អ្នកប្រើប្រាស់​អាចនឹងត្រូវគេចែករំលែក​ជាមួយរដ្ឋាភិបាល​ក្រុង​ប៉េកាំង ។ ប៉ុន្តែ TikTok និយាយថា ខ្លួន​មិន​ធ្វើតាមសំណើ​ណាមួយ​ពីរដ្ឋាភិបាល​ចិន ដែលស្នើ​ឲ្យ​ចែករំលែកទិន្នន័យ​អ្នកប្រើប្រាស់​ដល់​អាជ្ញាធរចិននោះឡើយ ៕

អត្ថបទទាក់ទង