វៀតណាម​គាំទ្រ​តួនាទី​អាមេរិក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ជំទាស់​នឹង​ចិន​​ នៅ​ឯ​កិច្ច​ប្រជុំ​អាស៊ាន

ប្រទេសវៀតណាម​និយាយថា បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​ដើរតួនាទី​មួយ នៅក្នុងការថែរក្សា​សន្តិភាព​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​ជំទាស់​នឹង​ការអត្ថាធិប្បាយ​របស់​ចិន​ដែលថា កងទ័ព​អាមេរិក​បាន​និង​កំពុង​បង្ក​អស្ថិរភាព​ដល់​តំបន់ ។
សារព័ត៌មាន​អាមេរិក Bloomberg បាន​ចុះ​ផ្សាយ​យ៉ាងដូច្នេះ នៅថ្ងៃទី១០ ខែកញ្ញា​នេះ ដោយ​ស្រង់សម្ដី​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម និយាយ​យ៉ាង​ដូច្នេះថា “យើង​ស្វាគមន៍​ការរួមចំណែក​ឆ្លើយតប​ដោយ​ស្ថាបនា​របស់​សហរដ្ឋ​អាមេរិក នៅក្នុង​កិច្ច​ប្រឹងប្រែង​របស់​អាស៊ាន ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ។”

លោករដ្ឋមន្ត្រី​ការបរទេស​វៀតណាម ផាម ប៊ិញមិញ បានថ្លែងដូច្នេះនៅក្នុង​កិច្ចប្រជុំតាមអនឡាញ​មួយ​រវាង​តំណាង​អាស៊ានដែលមានសមាជិក ១០ប្រទេស ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃឃល ផុមផេអូ (Michael Pompeo) ដោយ​ប្រទេស​វៀតណាម​គឺ​ជា​ប្រធាន​ប្ដូរវេន​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេហ៍ ឬ អាស៊ាន ។
រដ្ឋមន្ត្រីការបរទេសវៀតណាមដដែល និយាយថា បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​បើក​ចំហ​ចំពោះ​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែងជាមួយ​សហរដ្ឋអាមេរិក នៅក្នុងតំបន់​នេះ ។

កន្លងមក ប្រទេសដែលមានជាប់ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែនដី​នៅក្នុងសមុទ្រ​ចិន​ខាង​ត្បូងជាមួយ​មហាយក្ស​ចិន រួមមាន វៀតណាម, ហ្វ៊ីលីពិន, ប្រ៊ុយណេ និង ម៉ាឡេស៊ី ។

នៅមុននេះ​មួយថ្ងៃ នៅក្នុង​ជំនួបប្រជុំ​តាមអនឡាញ​ លោករដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បាន​ប្រាប់រដ្ឋមន្ត្រី​ការបរទេស​អាស៊ីអាគ្នេយ៍ថា​ សហរដ្ឋអាមេរិក​បាន​និង​កំពុង​អន្តរាគមន៍​នៅក្នុងជម្លោះ​ទាមទារទឹកដី​ ក្នុងសមុទ្រ​ចិន​ខាងត្បូង និង​កំពុង​ពង្រឹង​ការ​ពង្រាយ​យោធារបស់ខ្លួនក្នុង​តំបន់ប្រទាញ​ប្រទង់គ្នា “ក្នុងគោលបំណង​បម្រើ​នយោបាយផ្ទាល់ខ្លួនរបស់ខ្លួន” ។
ភាពតានតឹងនៅក្នុងសមុទ្រចិន​ខាងត្បូង បានកើតឡើង​ក្នុងរយៈពេល​ប៉ុន្មានខែ​ចុងក្រោយ​នេះ ខណៈ​ដែល​មហាអំណាច​ពិភព​លោកសហរដ្ឋ​អាមេរិក​និងចិន​ឈ្លោះគ្នា​លើ​បញ្ហា​ជាច្រើន រាប់ទាំង​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅទីក្រុងហុងកុង រហូតដល់​រឿង​សន្តិសុខទិន្នន័យ ពាក់ព័ន្ធនឹង​កម្មវិធី​បណ្ដាញ​សង្គម TikTok និង WeChat របស់ចិន ។

កាលពីខែកក្កដា អាមេរិក​ច្រានចោល​ការទាមទារ​ដែនសមុទ្រ​ដ៏ធំធេង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ពីសំណាក់ប្រទេសចិន និង​បាន​បញ្ជូននាវា​ដឹក​យន្តហោះចម្បាំងទៅក្នុង​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ធ្វើ​សមយុទ្ធយោធា ។

បន្ទាប់មក នៅខែសីហា ចិន​បាន​បាញ់​កាំជ្រួចមីស៊ីលទៅក្នុងសមុទ្រ​ចិន​ខាងត្បូង ដែលទង្វើ​នេះ​នាំ​ឲ្យ​មាន​ការព្រួយបារម្ភ​កើនឡើង​អំពីលទ្ធភាព​នៃ​ជម្លោះ​ប្រដាប់អាវុធ​នៅ​ក្នុង​តំបន់នេះ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង