កិច្ចព្រមព្រៀងបញ្ជៀសពន្ធទ្វេរដងរវាងកម្ពុជា-ម៉ាឡេស៊ីត្រូវបានផ្តល់សច្ចាប័ន
កិច្ចព្រមព្រៀងដែលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជៀសពន្ធទ្វេរដង (DTA) ជាមួយប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០១៩ ក្នុងដំណើរទស្សនកិច្ចមកកាន់ទីក្រុងភ្នំពេញរបស់នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ ត្រូវបានផ្តល់សច្ចាប័នដោយប្រទេសម៉ាឡេស៊ី។
ក្រោមកិច្ចព្រមព្រៀង DTA ការបង់ពន្ធទ្វេរដងនឹងត្រូវបានបញ្ជៀសក្នុងករណីដែលពន្ធណាមួយដែលបានបង់នៅកម្ពុជាដោយក្រុមហ៊ុនម៉ាឡេស៊ីស្របតាម DTA នឹងត្រូវបានអនុញ្ញាតជាឥណទានប្រឆាំងនឹងការបង់ពន្ធនៅម៉ាឡេស៊ីលើប្រាក់ចំណូលដូចគ្នាតាមបទប្បញ្ញត្តិនៃច្បាប់ពន្ធរបស់ ប្រទេសម៉ាឡេស៊ី។ សម្រាប់ក្រុមហ៊ុនកម្ពុជា ពន្ធដែលបង់នៅប្រទេសម៉ាឡេស៊ីនឹងត្រូវអនុញ្ញាតិ អោយដកពីការបង់ពន្ធលើប្រាក់ចំណូលដូចគ្នានៅកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងបញ្ជៀសពន្ធទ្វេរដងនេះនឹងពង្រឹងចំណងពាណិជ្ជកម្មទ្វេភាគីរវាងម៉ាឡេស៊ី និងកម្ពុជា។
លោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថាកិច្ចព្រមព្រៀងនេះនឹងជំរុញការវិនិយោគនិងពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសទាំងពីរ។ លោកថា៖ «យើងបានរង់ចាំអស់រយៈពេលជាយូរមកហើយសម្រាប់កិច្ចព្រមព្រៀងនេះ។ ប្រទេសកម្ពុជាគឺជាប្រទេសចុងក្រោយនៃបណ្តាប្រទេសសមាជិកអាស៊ានដែលបានចុះកិច្ចព្រមព្រៀង DTA ជាមួយប្រទេសម៉ាឡេស៊ី ដែលត្រូវបានចុះហត្ថលេខានៅខែកញ្ញាឆ្នាំ ២០១៩ ហើយត្រូវបានផ្តល់សច្ចាប័ន ដូច្នេះវាគឺជាប្រព័ន្ធដែលត្រូវអនុវត្ត»។
លោកបន្ថែមថាការដាក់ពន្ធទ្វេដងបានរារាំងដល់វិនិយោគិនម៉ាឡេស៊ីមួយចំនួនមិនឱ្យមកកម្ពុជា។ ខណៈដែល DTA ត្រូវបានផ្តល់សច្ចាប័ននាពេលនេះ ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនត្រូវបានរំពឹងថានឹងស្វែងរកឱកាសអាជីវកម្មនិងវិនិយោគនៅកម្ពុជា។
យោងតាមអាជ្ញាធរម៉ាឡេស៊ី ការផ្តល់សច្ចាប័នដល់ DTA គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលសម្រេចបានដោយភាគីទាំងពីរ។ «រដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ចប់នីតិវិធីរដ្ឋធម្មនុញ្ញរបស់ខ្លួនសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងបញ្ជៀសពន្ធទ្វេរដង។ ការផ្តល់សច្ចាប័ននេះនឹងអាចធ្វើឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានដូច្នេះភាគីទាំងពីរអាចអនុវត្តកិច្ចព្រមព្រៀងនោះបាន»។
លោកឯកអគ្គរាជទូតបានបន្ថែមថា លោកជឿជាក់លើវិធានការណ៍វិជ្ជមានដែលនាំឱ្យមានសកម្មភាពវិជ្ជមាន។ លោកថា៖ «អ្វីដែលយើងសម្រេចបានក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ដ្រី លោក មហាធា មហាម៉ាត់ កាលពីឆ្នាំមុននៅពេលដែលយើងបានចុះហត្ថលេខាលើ DTA គឺជាកិច្ចខិតខំប្រឹងប្រែងមួយនៃការធ្វើការជាក្រុមទាំងស្ថានទូតនិងប្រជាជនម៉ាឡេស៊ីទាំងអស់នៅកម្ពុជា។ ខ្ញុំមានសេចក្តីរីករាយដែលសកម្មភាពបែបនេះបានកើតឡើងក្នុងកំឡុងពេលដែលខ្ញុំធ្វើជាឯកអគ្គរដ្ឋទូតនៅកម្ពុជា។ នេះគឺជាការគោលនយោបាយឈ្នះ ឈ្នះទាំងសងខាង ហើយពិតជានឹងជំរុញទំនាក់ទំនងទ្វេភាគីសម្រាប់ប្រទេសម៉ាឡេស៊ីនិងកម្ពុជា»។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ប្រទេសកម្ពុជាគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៨ របស់ម៉ាឡេស៊ីនៅក្នុងអាស៊ាននិងជាប្រទេសទី ៥០ នៅលើពិភពលោក។ ប្រទេសកម្ពុជាក៏ទទួលបានកិច្ចព្រមព្រៀងបញ្ជៀសពន្ធទ្វេរដង (DTA) ជាមួយប្រទេសប្រ៊ុយណេ ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបូរី កូរ៉េខាងត្បូងថៃ និងវៀតណាមផងដែរ៕ ប្រភព៖ Khmer Times