សារព័ត៌មានមហាខ្មែរ

ក្រសួងសាធារណការនិងរដ្ឋបាលខេត្តសៀមរាប បើកកិច្ចពិភាក្សាលើកទី១ ស្តីពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប

1

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម យិត ប៉ុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេស របស់គណៈកម្មការអន្តរក្រសួង បើកកិច្ចប្រជុំពិភាក្សាលើកទី១ ជាមួយរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ស្តីពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក សម្រាប់ការស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ។

កិច្ចពិភាក្សានេះ នឹងសិក្សាលើប្រការដែលចាំបាច់បំផុតគឺ ពិនិត្យស្ថិរភាពផ្លូវថ្នល់ , រក្សាបរិស្ថានធម្មជាតិនៃទីក្រុងជាមួយស្ទឹងសៀមរាប , លើកកិត្តិយសជាទីក្រុងវប្បធម៌ ប្រវត្តិសាស្រ្ត ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបញ្ជ្រាបសុខុមាលភាពនៃតំបន់ដែលត្រូវអភិវឌ្ឍន៍ ដែលគម្រោងអភិវឌ្ឃន៍នេះ ជាចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងក្តីរំពឹងទុកជាវិជ្ជមាន សម្រាប់តំបន់អង្គរ-សៀមរាប ត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ នាពេលអនាគត ក្រោយវិបត្តិកូវីត១៩ ពិសេសនោះ ការស្ថាបនាផ្លូវ ត្រូវតែជាបណ្តាញផ្លូវប្រទាក់ក្រឡាសមាហរណកម្មជាមួយនឹងបណ្តាញផ្លូវដែលមានស្រាប់ បម្រើឲ្យការរំដោះលំហូរចរាចរណ៍នៃយានយន្ត ដែលត្រូវកើនឡើងនាពេលខាងមុខ រួមទាំងការបន្ស៊ីគ្នាជាមួយគម្រោងប្រព័ន្ធលូទឹកកខ្វក់ របស់គម្រោងដៃគូអភិវឌ្ឍ គឺគម្រោងរបស់ធនាគាពិភពលោកនិងកូរ៉េ ដើម្បីធានាបាននូវប្រព័ន្ធចែកដាច់ពីគ្នា រវាងទឹកភ្លៀងនិងទឹកកខ្វក់ ។

គួរំលឹកដែរថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសផ្ដល់ថវិកាចំនួន១៥០លានដុល្លារអាមេរិក សម្រាប់ការស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាបរួមមក សម្តេចតេជោ បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយបានប្រគល់តួនាទីជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារ ជាប្រធាន អមដោយអនុប្រធានម្នាក់ អនុប្រធានអចិន្ដ្រៃយ៍ម្នាក់ និងសមាជិក១៥រូប ហើយគណៈកម្មការអន្ដរក្រសួង បានបើកកិច្ចប្រជុំជាលើកដំបូង នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលពិភាក្សាលើគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន៣៨ខ្សែ នៅទីរួមខេត្តសៀមរាប ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញកំណើនភ្ញៀវទេសចរ និងសេដ្ឋកិច្ចជាតិក្រោយវិបត្តិជំងឺកូវីដ-១៩ ។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្ដរក្រសួង បានប្ដេជ្ញាយ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែងអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងទីក្រុងសៀមរាប ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក ដោយសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការអន្តរក្រសួង ព្រមទាំងអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ ៕ ប្រភព៖មន្ទីរព័ត៌មានខេត្តសៀមរាប

អត្ថបទទាក់ទង