ក្រសួងរ៉ែ ប្រកាសបើកតំបន់សម្បទានស្វែងរុករករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណស្វែងរុករក
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបើកតំបន់សម្បទានស្វែងរុករករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណស្វែងរុករក។
បើតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រសួងរ៉ែ និងថាមពល សូមប្រកាសបើកឲ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាប័ណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន២តំបន់ ដូចមាន «ផែនទីទីតាំង និងកូអរដោណេ» ជូនភ្ជាប់មកជាមួយ ចាប់ពីពេលនេះតទៅ។
បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងរ៉ែ និង ផែនទីទីតាំង និងកូអរដោណេ សម្រាប់តំបន់សម្បទានស្វែងរុករករ៉ែ៖ ក្រសួងរ៉ែ និងថាមពល មានសេចក្តីសោមនស្សជម្រាបជូនដល់សាធារណជន បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា ក្រសួងរ៉ែ និងថាមពល សូមប្រកាសបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាប័ណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉េចំនួន ០២ (ពីរ) តំបន់ ដូចមាន “ផែនទីទីតាំង និងកូអរដោណេ ” ជូនភ្ជាប់មកជាមួយ ចាប់ពីពេលនេះតទៅ។ តំបន់សម្បទានស្វែង រុករករ៉ែដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមានដូចខាងក្រោម ៖
១. តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១០៧,១០ (មួយរយប្រាំពីរក្បៀសដប់ ស្ថិតនៅតំបន់មេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ) គីឡូម៉ែត្រក្រឡា ២. តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១០០ (មួយរយ) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំប៉ាង ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី ។
សាធារណៈជន បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលចាប់អារម្មណ៍ ត្រូវមកស្នើសុំ “ពាក្យស្នើ សុំអាជ្ញាបណ្ណស្វែងរុករករ៉ែដែលមានការបោះត្រាត្រឹមត្រូវ។ នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ជាន់ទី៥ នៃទីស្តីការក្រសួងរ៉ែ និងថាមពល អគារលេខ ៧៩-៨៩ វិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) សង្កាត់ផ្សារ ថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទីជូនដំណឹងនេះតទៅរៀងរាល់ម៉ោងធ្វើការ។
ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ដែលបានបំពេញរួចរាល់ ត្រូវភ្ជាប់មកជាមួយនូវឯកសារ និង របាយការណ៍តម្រូវពាក់ព័ន្ធ ហើយដាក់ក្នុងស្រោមសំបុត្របិទជិតដោយការខ្នងថា “ឯកសារស្នើសុំប្រកួត ប្រជែង” រួចដាក់មកក្រសួងតាម “ការិយាល័យច្រកចេញចូលតែមួយ” របស់ក្រសួងរ៉ែ និងថាមពល យ៉ាងយូរ បំផុតត្រឹមថ្ងៃទី៥ខែតុលា ឆ្នាំ២០២០។
ប្រធានក្រុមហ៊ុនសូមអញ្ជើញមកដាក់សំណុំឯកសារសុំអាជ្ញាបណ្ណស្វែងរុករករ៉ែដោយផ្ទាល់ ឬប្រគល់ សិទ្ធិជូនអ្នកតំណាងរបស់ខ្លួនមកដាក់ជំនួសក៏បាន ប៉ុន្តែត្រូវមាន “លិខិតប្រគល់សិទ្ធិ” ពីប្រធានក្រុមហ៊ុន។ ក្រសួងរ៉ែ និងថាមពល នឹងប្រកាសផ្សាយជាសាធារណៈ ចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលជ័យលាភី ដែលក្រសួងសម្រេចជ្រើសរើសនិងផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែជូន បន្ទាប់ពីបានអនុវត្តតាមនីតិវិធីចប់សព្វ គ្រប់ស្របតាមអនុក្រឹត្យលេខ ៧២ អនក្រ.បក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ និងបានដោះស្រាយបណ្តឹង តវាចប់រួចរាល់ជាស្ថាពរ៕