កម្មករឆ្នាំ​២០២១​ ឡើងប្រាក់ខែ​ ២ដុល្លារបន្ថែម​ ទៀត​ដែល​ធ្វើឲ្យចំនួន​កើនដល់​ ១៩២ ដុល្លារ​

កិច្ចប្រជុំ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​និយោជិត​សម្រាប់​ឆ្នាំ​២០២១​ដែល​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ​បាន​បិទ​បញ្ចប់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ជា​លទ្ធផល​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សម្រេច​រក្សា​ទុក​នូវ​ចំនួន​ប្រាក់​ខែ​គោល​១៩០​ដុល្លារ​អាមេរិក​ដដែល​។ ប៉ុន្តែ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​មក​អន្តរាគមន៍​ដោយ​បាន​បន្ថែម​ទឹកប្រាក់​២​ដុល្លារ​ទៅ​លើ​ប្រាក់​ខែ​ចាស់​នេះ​។ ដូច្នេះ​ហើយ​ សម្រាប់​ឆ្នាំ​២០២១​ខាង​មុខ​នេះ​ ប្រាក់​ខែ​គោល​របស់​កម្មករ​ និយោជិត​មាន​ចំនួន​១៩២​ដុល្លារ​ក្នុង​មួយ​ខែ​។


ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង នឹងទទួលប្រាក់ឈ្នួលអប្បរមាចំនួន ១៩២ ដុល្លារអាមេរិកក្នុងមួយខែចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៨០ ដុល្លារអាមេរិក ក្នុងមួយខែចំពោះកម្មករនិយោជិតសាកល្បង។ នេះបើតាមប្រកាសជាផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានអះអាងថា បន្ថែមពីលើប្រាក់ឈ្នួលអប្បរមានេះ កម្មករនិយោ​ជិតនឹងបន្តទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតដូចដើម រួមមាន ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារអាមេរិកក្នុងមួយខែ និង ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារអាមេរិក ក្នុងមួយខែ។

ជាមួយគ្នានេះ កម្មករនិយោជិតក៏នឹងទទួលបានប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួ​ន​២,០០០រៀលក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និង ប្រាក់រង្វាន់អតីតភាពការងារចំនួនពី២ដុល្លារអាមេរិកដល់១១ដុល្លារអាមេរិកក្នុងមួយខែសម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ដល់ឆ្នាំទី១១។ ដូច្នេះហើយ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២០៩ដុល្លារអាមេរិកដល់២២០ដុល្លារអាមេរិកក្នុងមួយខែ។ នេះបើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិតបន្ថែមត្រឹមតែ២ដុល្លារនេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងប្រឈ​មនឹងបញ្ហាពីរធំៗ គឺទី១ បញ្ហារីករាលដាលនៃជំងឺកូវីដ ១៩ និង បញ្ហាអឺរ៉ុបដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBA។ បញ្ហាទាំងពីរនេះ​បានធ្វើឱ្យរោងចក្រមួយចំនួននៅកម្ពុជាបានបិទទ្វារ ឬប្តូរសង្វាក់ផលិតកម្មដែលធ្វើឱ្យកម្មករនិយោជិតអស់ការងារធ្វើជាច្រើនពាន់នាក់។


ចំពោះបញ្ហានេះ តំណាងនិយោជកបានស្នើឱ្យមានការបន្ថយប្រាក់ខែកម្មករនិយោជិត។ ផ្ទុយទៅវិញ ក្រុមសហជីពតំណាងកម្មករនៅតែបន្តស្នើឱ្យមានការដំឡើងប្រាក់ខែដល់ទៅជាង២០០ដុល្លារក្នុងមួយខែ។ លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ឱ្យដឹងថា ថ្វីត្បិតប្រាក់ឈ្នួលនេះកើនតិចមែន ប៉ុន្តែកម្ពុជា គឺជាប្រទេសតែមួយគត់នៅក្នុងតំបន់ដែលបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតនៅក្នុងពេលមានវិបត្តិសកលនៃជំងឺកូវីដ-១៩៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង