សារព័ត៌មានមហាខ្មែរ

សមាគម​មីក្រូ​ហិរញ្ញវត្ថុ​៖ ផល​ប៉ះពាល់បង្ក​ដោយ​​កូវីដ១៩​លើ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​បាន​ថម​ថយ

19

រាប់​ចាប់​តាំង​ពី​ខែ​មីនា​រហូត​មក​ដល់​ខែ​សីហា​នេះ អតិថិជន​ជាង​២៦ម៉ឺន​នាក់​បាន​ស្នើ​រៀបចំ​ឥណទាន​ឡើង​វិញជាមួយ​នឹង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​១២០០​លាន​ដុល្លារ។ នៅ​ក្នុង​រយៈ​ពេល​នេះ សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​សង្កេត​ឃើញ​ថា ការ​ស្នើ​រៀបចំ​ឥណទាន​នេះ​ មាន​អត្រា​ធ្លាក់​ចុះ​មក​វិញ​នៅ​ចន្លោះ​ខែ​មិថុនា​មក​ដល់​ខែ​សីហា​។ អ្នកនាំ​ពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជាបានលើកឡើងថា នេះ​ជា​សញ្ញា​ល្អដែល​​ឆ្លុះប​ញ្ចាំង​ឲ្យ​ឃើញ​ថា ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​កូវីដ១៩​លើ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​បាន​ថម​ថយ។

រាប់​ចាប់​តាំង​ពី​ខែ​មិថុនា​មក​ដល់​ខែ​សីហា​នេះ អតិថិជន​ស្នើ​រៀបចំ​ឥណទាន​ឡើង​វិញ​មាន​ការ​ធ្លាក់​ចុះ​ជា​លំដាប់​។ ជាក់ស្ដែង​នៅ​រវាង​ខែ​មេសា និង​ឧសភា ក្នុង​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍ មាន​អតិថិជន​ស្នើ​រៀប​ចំ​ឥណទាន​ឡើងវិញ​ប្រមាណ​២​ម៉ឺន​នាក់ ខណៈ​នៅ​ចន្លោះ​ខែ​មិថុនា​ដល់​ខែ​សីហា ក្នុង​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍​ដូចគ្នា អតិថិនជន​ស្នើ​សុំ​រៀប​ចំ​ឥណទាន​ឡើង​វិញ​ចន្លោះ​២ពាន់​ទៅ​៣​ពាន់​នាក់។

បន្ថែមពី​លើ​ការ​ថយ​ចុះ​ចំនួន​អតិថិជន​ស្នើ​រៀបចំ​ឥណទាន​ឡើង​វិញ លោក កាំង តុងងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង និង​ជា​អ្នក​នាំពាក្យ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បាន​កត់​សម្គាល់​ឃើញ​ថា មាន​សញ្ញា​ប្រែប្រួល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ទៀត​នោះ គឺ​ក្នុង​ចំណោម​អតិថិជន​២៥​ម៉ឺននាក់ មាន​អតិថិជន​មួយចំ​នួន​សុំ​បង់​ប្រាក់​ប្រចាំ​ខែ​ជា​ធម្មតា​ឡើង​វិញ ​ដូច​ខ្លឹម​សារ​មាន​ចែង​នៅ​ក្នុង​កិច្ចសន្យា​ជាមួយ​គ្រឹះស្ថាន​មី​ក្រូហិរញ្ញ​វត្ថុ​កន្លង​មក។

តាមរយៈ​និន្នាការ​ធ្លាក់​ចុះ​នៃ​សំណើរ​រៀបចំ​ឥណទាន​ឡើង​វិញ​នេះ លោក កាំង តុងងី មាន​សុទិដ្ឋិនិយម​ថា ផលប៉ះពាល់​លើ​អតិថិជន​នឹង​មាន​ការ​ធ្លាក់​ចុះ​ដល់​ចុង​ឆ្នាំ២០២០ ប្រសិន​បើ​កម្ពុជា​គ្មាន​ការ​ចម្លង​មេរោគកូវីដ១៩ ចូលដល់​សហគមន៍​​ទេ​នោះ។

ជុំវិញ​បញ្ហា​បំណុល​ពលរដ្ឋ​នៅ​អំឡុង​ពេល​នៃ​វិបត្ត​កូវីដ១៩​នេះដែរ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន ម្ដង​ជា​ពីរដង បាន​ស្នើ​សុំ​ដល់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថ​ទាំង​អស់​យោគ​យល់ និង​ធ្វើ​ការ​រៀប​ចំ​ឥណ​ទានឡើង​វិញ ចំពោះ​កូន​បំណុល​ដែល​ជំពាក់​ធនាគារ ហើយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​កិច្ច​សន្យា​ខ្ចី​ប្រាក់។ ហើយ​ជាថ្មី​ទៀត​ដែរ កាល​ពី​សប្ដាហ៍​មុន លោក ហ៊ុន សែន ក៏​បាន​ប្រាប់​ឲ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​អស់ រឹបអូស​ទ្រព្យ​សម្បត្តិ​អ្នក​ទាំង​ឡាយ​ណា​ដែល​ធ្វើ​តាម​ការ​អំពាវ​លោក សម រង្ស៉ី មិន​សង​បំណុល​ធនាគា​រ​។

តែ​បើ​តាម​លោក កាំង តុងងី មក​ដល់​ពេល​នេះ សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា នៅ​មិន​ទាន់​អនុវត្តវិធាន​ការ​រឹប​អូសទ្រព្យ​សម្បត្តិ​អតិថិជន​នៅ​ឡើយ​ទេ ដោយ​បន្ត​អនុវត្ត​វិធានការ​សម្រប​សម្រួល​ឲ្យ​អស់​ពី​លទ្ធភាព។ ក្នុង​នោះ​ក៏​មានដែរ ការ​ពន្យា​ពេល​សង​សម្រាប់​អតិថិជន ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ ក្នុង​ករណី​ដែល​អតិជន​ជួប​ការ​លំបាក​ខ្លាំង​៕

អត្ថបទទាក់ទង