រដ្ឋាភិបាលព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០អវិជ្ជមាន គឺក្នុងរង្វង់ -១,៩ និងកើនឡើងវិញ ៣,៥% នៅឆ្នាំក្រោយ
រដ្ឋាភិបាលកម្ពុជាបានព្យាករចុងក្រោយនៅថ្ងៃសុក្រ ថាផលិតផលក្នុងស្រុក GDP របស់កម្ពុជានៅឆ្នាំ២០២០នេះ នឹងធ្លាក់មកនៅត្រឹមរង្វង់ -១,៩ ហើយកំណើនសេដ្ឋកិច្ចនេះនឹងងើបឡើងវិញនៅក្នុងរង្វង់ ៣,៥% នៅឆ្នាំ២០២១។ តាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនជាអវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជាដូច្នេះ គឺបណ្តាលមកពីការធ្លាក់ចុះនៃវិស័យចំបងចំនួន៣ គឺវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។
លោក មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា បានកើនឡើងអាស្រ័យលើកត្តាចំនួន៣ គឺឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ នៅអំឡុងពេលរាតត្បាតនៃកូវីដ១៩នេះ គឺវិស័យឧស្សាហកម្ម និងសេវាកម្ម។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចរូបនេះ លម្អិតថា ការបញ្ជារទិញមានការធ្លាក់ចុះ ជាពិសេសវិស័យកាត់ដេរ ខណៈកម្ពុជាជាប្រទេសដែលផលិតទំនិញសម្រាប់ផ្គត់ផ្គង់ទីផ្សារអន្តរជាតិ ដូចជាអឺរ៉ុប និងអាមេរិកជាដើម។ ជាមួយគ្នានេះ ការវិនិយោគក៏មានការថមថយដែរ នៅពេលសេដ្ឋកិច្ចកម្ពុជាមានការថមថយ ខណៈវិស័យទេសចរណ៍ មានការធ្លាក់ចុះខ្លាំង។ វិស័យទេសចរណ៍មានទំហំធំធេង ដែលជួយទៅដល់សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនអាកាសចរ តែកសិកម្មហាក់មានសញ្ញាណល្អឡើងវិញ ក៏ប៉ុន្តែកសិកម្មមិនអាចជួយអ្វីបានធំដុំនៅឡើយទេ។
ទោះយ៉ាងណា លោក មាស សុខសេនសាន បញ្ជាក់ថាកំណើនសេដ្ឋកិច្ចកម្ពុជា ដែលមានការធ្លាក់ចុះរហូដល់ដកនោះ គឺជាការព្យាករមួយដែលប្រហាក់ប្រហែលនឹងការព្យាកររបស់ស្ថាប័នហិរញ្ញវត្ថុធំៗ ដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូនិធិរូបិយវត្ថុអន្តរជាតិ។ ដោយឡែកស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាពេលនេះ គឺមិនអាក្រក់ជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់នោះទេ។
សូមរំលឹកថា កាលពីពេលកន្លងទៅនេះ ធនាគារពិភពលោក WB បានព្យាករថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ ទំនងជាមិនអាចរកឃើញកំណើនវិជ្ជមានទេ ប៉ុន្ដែនឹងមានដល់ -១% ក្នុងសេណារីយោគោល នៃការព្យាករ និង -២,៩% ក្នុងសេណារីយោដែលទាបបំផុត។ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក៏បានធ្វើការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាដែរ គឺថាអាចនឹងធ្លាក់ចុះមកដល់ ២,៣% ក្នុងឆ្នាំ២០២០ ដោយសារតែការរីករាលនៃមេរោគកូវីដ១៩ នៅជុំវិញសកលលោក ធ្វើឲ្យមានការថមថយសេដ្ឋកិច្ចនៃប្រទេសធំៗ និងប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា។ ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជា រំពឹងនឹងកើនឡើងវិញដល់ ៥,៧% នៅក្នុងឆ្នាំ ២០២១ ក្នុងករណីដែល វិបត្តិមេរោគកូវីដ១៩ ត្រូវបានបញ្ចប់ ហើយសកម្មភាពសេដ្ឋកិច្ច វិលមករកភាពប្រក្រតីវិញ។ នេះបើតាមADB។
ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMFវិញ ក៏បានព្យាករដែរ ដោយ IMFលើកឡើងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានការធ្លាក់ចុះរហូតដល់ -១,៥% ប៉ុន្ដែ នៅឆ្នាំ២០២១ខាងមុខ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងស្ទុះងើបឡើងវិញដល់ទៅ ៦,១%៕