រដ្ឋប្រកាសលើកលែងបង់ពន្ធលើអាជីវកម្មសណ្ឋាគារ និងទេសចរណ៍ ៣ ខែបន្ថែមទៀតសម្រាប់ឆ្នាំ ២០២១
រដ្ឋាភិបាលប្រកាសបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ៣ ខែ បន្តទៀត សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដើម្បីជាវិធានការជួយដល់វិស័យទេសចរណ៍ក្នុងវិបត្តិកូវីដ-១៩នេះ។
បើយោងតាមប្រកាសរបស់របស់រដ្ឋាភិបាលដែលចេញផ្សាយកាលពីថ្ងៃទី ២៣ ធ្នូ ការលើកលែងនេះ សម្រាប់តែអាជីវកម្មទេសចរណ៍ក្នុងខេត្តក្រុងមួយចំនួនរួមមាន រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប កំពត បាវិត និងក្រុងប៉ោយប៉ែតប៉ុណ្ណោះ ដែលត្រូវអនុវត្តចាប់ពីខែ មករា រហូត ដល់ខែ មិនា ឆ្នាំ២០២០។
ជាមួយគ្នានេះ អ្នកជាប់ពន្ធក្នុងវិស័យទេសចរណ៍ទាំងអស់ក្នុងទីតាំងខាងលើ តម្រូវប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២០ ឱ្យបានមុនខែមិនាឆ្នាំ២០២១ ទោះមិនតម្រូវឱ្យបង់ពន្ធគ្រប់ប្រភេទក្ដី។
កន្លងមក រដ្ឋាភិបាលបានប្រកាសលើកលែងបង់ពន្ធលើអាជីវកម្មទេសចរណ៍ជាច្រើនលើកមកហើយ ចាប់តាំងពីមានវិបត្តិកូវីដ ១៩មក។ តួយ៉ាង កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប រយៈពេល ៤ ខែ ចាប់ពីខែ កុម្ភៈ ដល់ខែ ឧសភា ឆ្នាំ២០២០នេះ។
ក្រោយមក រដ្ឋាភិបាលប្រកាសបន្តលើកលែងការបង់ពន្ធ ២ខែទៀត ពោលគឺ ចាប់ពីខែមិថុនារហូតដល់ខែកក្កដា ឆ្នាំ២០២០ និងក្រោយមកបានបន្តលើកលែង ៣ ខែ បន្ថែមទៀត ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២០នេះ។
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលក៏បានបន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិកសម្រាប់ ១ នាក់ ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ដែលបំពេញការងារក្នុងវិស័យទេសចរណ៍ ដែលទទួលបានលិខិតអនុញ្ញាតឱ្យព្យូរកិច្ចសន្យាការងារពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។
អត្ថបទចាស់៖ អាជីវកម្មសណ្ឋាគារនិងផ្ទះសំណាក់នៅខេត្តសៀមរាបនឹងត្រូវលើកលែងពន្ធរយៈពេល៤ខែ
រាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប រយៈពេល៤ខែ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០ ដើម្បីជាវិធានការឆ្លើយតបចំពោះការធ្លាក់ចុះនៃវិស័យទេសចរណ៍ ដែលបណ្ដាលមកពីការភ័យខ្លាចចំពោះជំងឺកូវីដ19។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងអំពី បញ្ហាជំងឺកូវីដ19 ដែលបានធ្វើឱ្យអាជីវកម្មនៅក្នុងខេត្តសៀមរាបទទួលនូវផលប៉ះពាល់យ៉ាងខ្លាំងជាងខេត្តដទៃ ដែលសម្តេចបានចាត់ទុកថាវិធានការលើកលែងពន្ធនេះ ជាការជួយដល់អាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប ពោលគឺវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ឱ្យអាចបន្តអាជីវកម្មរបស់ខ្លួនបាន។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា ៖«យើងធ្លាប់បង់ពន្ធហើយ យើងមិនអាចហៅថាលើកលែងនោះទេ តែដើម្បីងាយស្តាប់ប្រើពាក្យលើកលែងបង់ពន្ធ តែរដ្ឋបង់ពន្ធជំនួស។ យើងមិនធ្វើទូទៅនោះទេ គឺធ្វើតែនៅ ខេត្តសៀបរាមតែប៉ុណ្ណោះ ព្រោះជាខេត្តមួយដែលធ្លាប់មានភ្ញៀវទេសចរទៅលេងនៅទីនោះច្រើន តែពេលនេះធ្លាក់ចុះ»។
យ៉ាងណាមិញ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់នៅតែមានសិទ្ធិដាក់លិខិត ប្រកាសពន្ធអាកររបស់ខ្លួន និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់អាជីវករ លើតម្លៃបន្ថែមជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។
គួរបញ្ជាក់ផងដែរថា ការភ័យខ្លាចចំពោះជំងឺកូវីដ19 បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ទាំងនៅក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ភ្ញៀវទេសចរបរទេស បានចូលមកកម្ពុជាបានធ្លាក់ចុះប្រមាណជាង៦០ភាគរយ ពិសេសនោះភ្ញៀវទេសចរជនជាតិចិនបានធ្លាក់ចុះក្នុងរង្វង់ជាង៩០ភាគរយ។
អត្ថបទចាស់៖ រដ្ឋាភិបាលប្រកាសលើកលែងការបង់ពន្ធសម្រាប់អាជីវកម្មទេសចរណ៍ ២ខែបន្តទៀត
រដ្ឋាភិបាលប្រកាសបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ២ខែ បន្តទៀត សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដើម្បីជាវិធានការជួយដល់វិស័យទេសចរណ៍ក្នុងវិបត្តិកូវីដ-១៩នេះ។
ការលើកលែងនេះ សម្រាប់តែអាជីវកម្មទេសចរណ៍ ក្នុងរាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប កំពត បាវិត និងក្រុងប៉ោយប៉ែត ដែលត្រូវអនុវត្ត ចាប់ពីខែ មិថុនា នេះ ទៅរហូត ដល់ខែ កក្កដា ឆ្នាំ២០២០។
រដ្ឋាភិបាលទើបនឹងចាត់វិធានការនេះ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ស្តីពី “វិធានការបន្ថែម សំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការស្ដារ និងជំរុញសេដ្ឋកិច្ចក្រោយពីវិបត្តិនៃជំងឺនេះ” កាលពីថ្ងៃទី២៦ ឧសភា ២០២០ ក្នុងគោលបំណងជួយដល់វិស័យឯកជននានា ដែលកំពុងរងការប៉ះពាល់ក្នុងវិបត្តិជំងឺកូវីដ-១៩ និងធានាលំនឹងសេដ្ឋកិច្ច និងសង្គម ក្រោយវិបត្តិនៃជំងឺនេះ។
នៅក្នុងសេចក្ដីប្រកាសដដែលនេះ រដ្ឋាភិបាលក៏បានចេញនូវវិធានការសំខាន់ៗផ្សេងៗទៀត ដូចជា វិធានការជួយរក្សាលំនឹងអាជីវកម្ម និងជីវភាពកម្មករ-និយោជិត វិធានការផ្ដល់ហិរញ្ញប្បទានសម្រាប់អាជីវកម្ម វិធានការបង្កើនហិរញ្ញប្បទានបន្ថែម ដើម្បីស្ដារ និងជំរុញកំណើនក្រោយវិបត្តិកូវីដ-១៩ វិធានការជំនួយសង្គម និងការដាក់ឲ្យអនុវត្តថ្នាលចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិកជាដើម ផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប រយៈពេល ៤ ខែ ចាប់ពីខែ កុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០នេះ ដើម្បីជាវិធានការឆ្លើយតបចំពោះការធ្លាក់ចុះនៃវិស័យទេសចរណ៍ ដែលបណ្ដាលមកពីការភ័យខ្លាចចំពោះជំងឺកូវីដ-១៩៕