អាកាសយានដ្ឋានរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅឃុំពពេល ស្រុកសូទ្រនិគម ខេត្ដសៀមរាបខណៈបច្ចុប្បន្ន សម្រេចបានជាង៣០ភាគរយហើយនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣
មន្ត្រីជំនាញបញ្ជាក់ថា ព្រលានយន្ដហោះថ្មីនៅខេត្តសៀមរាប នឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ ខណៈបច្ចុប្បន្ន សម្រេចបានជាង៣០ភាគរយហើយ។
ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានប្រសាសន៍ថា ការសាងសង់ព្រលានយន្ដហោះអន្តរជាតិថ្មីនៅខេត្តសៀមរាប ដែលអនុវត្តដោយក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន AIAI (Angkor International Airport Investment) មកដល់ពេលនេះ សម្រេចបានជាង៣០ភាគរយហើយ ហើយបើផ្អែកលើសកម្មភាព ដែលក្រុមហ៊ុនបានបង្កើនការងាទាំងយប់ទាំងថ្ងៃ
ដើម្បីឲ្យសម្រេចគោលដៅដូចអ្វីដែលកម្ពុជាបានគ្រោងទុកនោះ ដូច្នេះការសាងសង់អាកាសយានដ្ឋាននេះ គ្រោងនឹងបញ្ចប់ទាំងស្រុង និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ខាងមុខ បើទោះបីកម្ពុជាក៏ដូចជាសកលោក កំពុងជួបវិបត្ដិជំងឺកូវីដ១៩ក្ដី ប៉ុន្ដែការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីនៅតែដំណើរការជាធម្មតា ។
ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអមដំណើរឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ ។
គួររំលឹកថា គោលបំណងក្នុងបេសកកម្មនេះ គឺត្រួតពិនិត្យការងារ ៖ ១. ផែនការសាងសង់អាកាសយានដ្ឋានទាំងមូល ( Overall Schedule) , ២. សេចក្ដីរាយការណ៍អំពីវឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន ឆ្នាំ២០២០ ( Project Progress in 2020) , ៣. ផែនការសាងសង់អាកាសយានដ្ឋានឆ្នាំ២០២១ (Construction Plan for 2021) និង ៤. វិធានការត្រួតពិនិត្យ និងការបង្ការជំងឺឆ្លង កូវិដ១៩ ចំពោះបុគ្គលិក និងកម្មករដែលធ្វើការក្នុងគម្រោងសាងសង់អាកាសយានដ្ឋានទាំងមូល ( Pandemic Prevention and Control) ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានរជាតិសៀមរាបអង្គរនោះ មានទីតាំងស្ថិតនៅឃុំពពេល ស្រុកសូទ្រនិគម ខេត្ដសៀមរាប មានវិសាលភាពលើផ្ទៃដីទំហំប្រមាណ៧០០ហិកតា បានចាប់ផ្តើមសាងសង់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០និង គ្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្នុងរយៈពេល៣៦ខែ ហើយអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តសៀមរាប សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។
អត្ថបទចាស់៖ ឆ្នាំ២០២៣ កម្ពុជានឹងមានព្រលានយន្តហោះអន្តរជាតិខ្នាតធំ២ដែលចំណាយលុយសាងសង់ជាង២ពាន់លានដុល្លារ!
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីថ្ងៃទី ២៤ ខែមិថុនា ម្សិលមិញនេះ បានចុះហត្ថលេខាលើផែនការមេសាងសង់ចុងក្រោយនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI)។ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣។ ឆ្នាំ២០២៣នេះ ក៏ជាឆ្នាំនៃការបញ្ចប់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅក្នុងខេតកណ្តាលផងដែរ។ ព្រលានយន្តហោះអន្តរជាតិទាំងពីរនេះ គ្រោងនឹងចំណាយថវិកាសាងសង់ជាង២ពាន់លានដុល្លារអាមេរិក។
បើគ្មានអ្វីប្រែប្រួលទេ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងមានព្រលានយន្តហោះអន្តរជាតិខា្នតធំថ្មីចំនួនពីរ គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) និង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋានអន្តរជាតិនេះ កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment(AIAI) ដែលជាការវិនិយោគដោយក្រុមហ៊ុនចិនក្នុងទឹកប្រាក់ចំនួន ៨៨០លានដុល្លារ នៅលើផ្ទៃដី១,៧០០ហិកតា។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដែលមានរយៈពេលសាងសង់៣៦ខែ។
ចំណែក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីវិញ មានទីតាំងនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។អាកាសយានដ្ឋានអន្តរជាតិថ្មីនេះគ្រោងវិនិយោគក្នុងទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារទៀតជារបស់ក្រុមហ៊ុន CAIC របស់លោកឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ ខាងមុខ។ អាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចនឹងទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅក្នុងឆ្នាំ២០២៣, ៣០លាននាក់នៅក្នុងឆ្នាំ២០៣០ និង ៥០លាននាក់នៅក្នុងឆ្នាំ២០៥០។
ដោយឡែក អាកាសយានដ្ឋានអន្តរជាតិកងកេងក្នុងខេត្តព្រះសីហនុវិញ ក៏កំពុងត្រូវបានពង្រីកបន្ថែមផងដែរ។ អាកាសយានដ្ឋានអន្តរជាតិនេះកំពុងត្រូវបានសាងសង់ពង្រីកបន្ថែមដោយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានSCA ដោយគ្រោងពង្រីកអាចឱ្យយន្តហោះចុះចតបានច្រើនជាង១៣គ្រឿង និង អាចស្វាគមន៍វត្តមានប្រភេទយន្ដហោះធុនធំបាន។ អាកាសយានដ្ឋានអន្តរជាតិនេះនឹងបញ្ចប់ការសាងសង់ពង្រីកបន្ថែមនៅក្នុងឆ្នាំ២០២២។ តាមគម្រោង អាកាសយានដ្ឋានអន្តរជាតិកងកេងក្នុងខេត្តព្រះសីហនុអាចទទួលអ្នកដំណើរបាន៣,៦ លាននាក់ក្នុងចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ និងពីឆ្នាំ២០៣០ ដល់ឆ្នាំ ២០៤០ អាចទទួលអ្នកដំណើរបាន៥ លាននាក់។
ក្រៅពីព្រលានយន្តហោះអន្តរជាតិទាំងបីនេះ កម្ពុជាក៏កំពុងអភិវឌ្ឍ និងគ្រោងអភិវឌ្ឍលើព្រលានយន្តហោះក្នុងស្រុកផ្សេងៗទៀតផងដែរ ដូចយ៉ាង ព្រលានយន្តហោះនៅក្នុងខេត្តកោះកុង ព្រលានយន្តហោះខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តមណ្ឌលគិរីជាដើម។ ចំពោះការអភិវឌ្ឍលើព្រលានយន្តហោះជាតិ និងអន្តរជាតិទាំងនេះ រដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាប្រមាណ៣,៥៦០លានដុល្លារអាមេរិក។ នេះបើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា៕