ខេត្តបាត់ដំបង និងកែប្រែមុខមាត់ថ្មី ក្រោយក្រុមហ៊ុនអភិវឌ្ឍន៍ចិនដ៏ធំ កំពុងសិក្សាគម្រោងបង្កើតឧទ្សានទេសចរណ៍ និងវប្បធម៌
បាត់ដំបង ៖ ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍ដ៏ធំរបស់ចិន ដែលមានទីស្នាក់ការនៅក្នុងខេត្តយូណាយ បាន និងកំពុងសិក្សាលម្អិតពីគម្រោងបង្កើតឧទ្យានទេសចរណ៍ វប្បធម៌ដ៏ធំនៅក្នុងខេត្តបាត់ដំបងជាមួយនឹងដើមទុនវិនិយោគរាប់សិបលានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោកអភិបាលខេត្តបាត់ដំបង។
អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ឱ្យដឹង នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ថា ក្រុមហ៊ុនចិនដែលមានបំណង់បោះទុនវិនិយោគ និងបង្កើតឧទ្យានទេសចរណ៍ និងវប្បធម៌ដ៏ធំប្រចាំនៅក្នុងខេត្តបាត់ដំបងមួយនេះ បានបោះទុនបង្កើតឧទ្យានកម្សាន្តនៅក្នុងក្រុងសៀមរាបមួយកន្លែងរួចហើយ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តទៀតថា “ដោយសារតែខេត្តបាត់ដំបងមានសក្ដានុពលទៅលើវិស័យទេសចរណ៍ និងវប្បធម៌ស្រាប់ ក្រុមហ៊ុនចិនដ៏ធំមួយនេះក៏មានបំណងបង្កើតឧទ្យានកម្សន្តមួយកន្លែងទៀត ខណៈដែលពេលនេះពួកគេកំពុងតែសិក្សាលម្អិតពីគម្រោងនៃការអភិវឌ្ឍន៍ រួមជាមួយនឹងការសិក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា” ។
ជាមួយនឹងគម្រោងដ៏ធំមួយនេះ ឯកឧត្តមបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលក្រុមហ៊ុនមានបំណងធ្វើការវិនិយោគជាឧទ្យានបែបវប្បធម៌ ច្នៃប្រឌិត សម្រាប់ឲ្យប្រជាពលរដ្ឋនៅខេត្តបាត់ដំបងទស្សនាកម្សាន្ត អាចដើរកំសាន្ត និងសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។
ឯកឧត្តមបានបញ្ជាក់ថា ខេត្តបាត់ដំបងជាខេត្តដែលមានភាពសម្បូរបែប ទាំងផ្នែកកសិកម្ម សេវាកម្ម និងទេសចរណ៍ ហើយក្រៅពីកសិកម្ម ខេត្តនេះមានជាតំបន់ទាក់ទាញទេសចរណ៍ជាច្រើនកន្លែង ជាប្រភេទកែច្នៃ និងធម្មជាតិ ជាពិសេសសំណង់ផ្ទះបុរាណជាច្រើនទៀត បានធ្វើឲ្យខេត្តមួយនេះទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន ព្រមទាំងអ្នកវិនិយោគផងដែរ ។ ចំណែកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក៏មានខ្វាត់ខ្វែង ការធ្វើដំណើរក៏ប្រើរយៈពេលកាន់តែខ្លី និងលឿនជាងមុន ។
ឯកឧត្តម ងួន រតនៈ បានបង្ហាញពីក្ដីសង្ឃឹមថា ក្រុមហ៊ុននឹងធ្វើការវិនិយោគលើគម្រោងឧទ្យានបែបវប្បធម៌ និងកែច្នៃនេះ ឲ្យលេចចេញរូបរាងឆាប់ៗនៅក្នុងខេត្តបាត់ដំបង ដើម្បីបម្រើភាពពេញចិត្តរបស់ប្រជាពលរដ្ឋទាំងមូល និងដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនអ្នកទៀតឲ្យមកទស្សនាខេត្តមួយនេះ ព្រោះខេត្តបាត់ដំបងជាខេត្តមួយដ៏ល្អឥតខ្ចោះ ក្នុងការរស់នៅ ការប្រកបអាជីវកម្ម និងសម្រាប់អ្នកទេសចរនានាមកទស្សនាខេត្តនេះផងដែរ ។
មុនពេលបង្ហាញពីគម្រោងនៃវិនិយោគនៅក្នុងខេត្តបាត់ដំបង ក្រុមខាងលើនេះបានបោះទុនវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងខេត្តសៀមរាបក្រោមការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងដើមទុនដំបូងជាង ២៧លានដុល្លារ ស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលផ្តល់ឱកាសការងារបានចំនួន២១៣កន្លែង ក្រោមឈ្មោះ Angkor Culture Investment and Development Group ៕