តិចអត់ដឹង ! អ្នកគេចវេះមិនបង់ពន្ឋគឺជាបទល្មើសព្រហ្មទណ្ឌ
បុគ្គលដែលធ្វើការគេចវេះពន្ធ និងបុគ្គលធ្វើឲ្យរាំងស្ទុះ ដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ គឺជាបទល្មើសព្រហ្មទណ្ឌ លើបទប្បញ្ញត្តិស្តីពីពន្ធដារ ។
នេះបើយោងតាមការបញ្ជាក់របស់លោក ស្រ៊ុន អង្គរ៉េន ប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ ដែលត្រូវបាន BTV Cambodia ស្រង់ប្រសាសន៍ចុះផ្សាយនៅថ្ងៃទី០៨ កញ្ញា ២០២០។
លោកបញ្ជាក់ថា ពាក់ព័ន្ធ នឹងបទល្មើសពន្ធដារ មានបុគ្គលមួយចំនួនតូច នៅតែព្យាយាមក្នុងការបន្លំពន្ធ នៅតែព្យាយាមក្នុងការកាត់បន្ថយប្រាក់ពន្ធ នៅតែព្យាយាមគេចវេះពន្ធ និងនៅតែប្រព្រឹត្តិបទល្មើសរាំងស្ទុះចំពោះប្រពន្ធគ្រប់គ្រងរបស់ពន្ធដារ។ ក្នុងនោះប្រសិនបើយើងអនុញ្ញាតឲ្យមានបទល្មើសនេះកើតឡើង នោះប្រព័ន្ធពន្ធដារគឺមិនរឹងមាំនោះឡើយ ព្រោះប្រព័ន្ធគ្រប់គ្រងពន្ធដារ គឺជាឆ្អឹងខ្នងយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធជាចំណូលរបស់រដ្ឋ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។
ជុំវិញបទល្មើសពន្ធដារនេះ បុគ្គលដែលធ្វើការគេចវេះពន្ធ និងបុគ្គលធ្វើឲ្យរាំងស្ទុះ ដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ គឺជាបទល្មើសព្រហ្មទណ្ឌ លើបទប្បញ្ញត្តិស្តីពីពន្ធដារ ។ បញ្ហានេះ អគ្គនាយកដ្ឋានពន្ធដារ មានវិធានជាច្រើនដូចជា ៖ ការអនុវត្តន៍វិធានការទប់ស្កាត់ (គឺមិនឲ្យបទល្មើសកើតឡើង ហើយតាមរកនោះឡើយ) ពោលគឺអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយ តាមរយៈការពន្យល់ និងការណែនាំផ្សេងៗ ជាពិសេសអគ្គនាយកដ្ឋានមានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដើម្បីកាត់បន្ថយការគេចវេះ ការក្លែងបន្លំឲ្យបានជាអតិបរិមា ។
ការលើកឡើងរបស់មន្រ្តីជំនាញពន្ឋដារខាងលើ បានធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ឋដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសយកពន្ឋលើប្រាក់ចំណេញ ឬពន្ធលើចំណេញមូលធន ដែលមានអត្រាពន្ធថេរ ២០% សម្រាប់អ្នកលក់ទិញអចលនទ្រព្យ ដី ធ្លី ផ្ទះសម្បែង ហើយដែលការប្រមូលពន្ឋនេះនឹងត្រូវចាប់ផ្ដើមអនុវត្តជាផ្លូវការពីថ្ងៃទី០១ មករា ២០២១ នេះតទៅ ទោះជា ក្រុមអ្នកជំនាញ និងអ្នកជំនួញអចលនទ្រព្យនៅកម្ពុជាបានបង្ហាញពីក្ដីបារម្ភខ្លាំងចំពោះការអនុវត្តគិតពន្ធថ្មីនេះ ដោយបានអះអាងថា វានឹងធ្វើឲ្យមានការបន្ថែមបន្ទុកចំណាយសម្រាប់ពលរដ្ឋពិសេសអ្នករកស៊ីក្នុងរបរនេះ ខណៈបញ្ហាកូវីដ-១៩ នៅមិនទាន់ផុតរលត់ទៅនៅឡើយនោះក្តី ៕