សុខ ទូច៖ កម្ពុជាត្រូវរក្សាកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដើម្បីផលប្រយោជន៍សេដ្ឋកិច្ចក្នុងបរិបទនៃជំងឺរាតត្បាត COVID-19
នាថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាតុមូលមួយជជែកពិភាក្សាស្តីពីការត្រៀមខ្លួនរបស់កម្ពុជាចំពោះមុខនៃបញ្ហាសេដ្ឋកិច្ចក្នុងអំឡុងវិបត្តិជំងឺរាតត្បាត COVID-19 និងការប្រឈមរបស់កម្ពុជាជុំវិញការប្រកួតប្រជែងឥទ្ធិពលពីប្រទេសមហាអំណាចលើពិភពលោក ដែលធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា។
កម្ពុជាត្រូវរក្សាកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដើម្បីផលប្រយោជន៍សេដ្ឋកិច្ចក្នុងបរិបទនៃជំងឺរាតត្បាត COVID-19
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងនៅក្នុងកិច្ចពិភាក្សានេះថា កម្ពុជាមិនបានបញ្ជាក់ថា ខ្លួនចាប់ដៃជាមួយប្រទេសចិនផ្តាច់មុខបោះបង់អាមេរិក ឬមហាអំណាចផ្សេងៗទៀតនោះទេ។ លោកអះអាងថា ថ្នាក់ដឹកនាំប្រទេសកម្ពុជាគឺមិនមែនរើសអើងថា ប្រទេសនេះកុម្មុយនីស្ត ឬសេរីនោះទេ គឺចាប់ដៃសហការទាំងអស់ឱ្យតែប្រទេសទាំងនោះ ផ្តល់ផលប្រយោជន៍ជូនសង្គមជាតិ។
លោក សុខ ទូច ថ្លែងថា៖ «កម្ពុជាត្រូវប្រើប្រាស់នយោបាយផ្កាចម្រុះពណ៌ចាប់ជាមួយចិន តែកម្ពុជាត្រូវត្រៀមខ្លួន មិនមែនចាប់ហើយសប្បាយចិត្តទេ ព្រោះចិនក៏ធ្វើកសិកម្ម ឧស្សាហកម្មដូចយើងដែរហើយវាយនភណ្ឌរបស់ចិនថោកជាងកម្ពុជាទៅទៀត»។
លោកបញ្ជាក់ថា អ្វីដែលកម្ពុជាត្រូវគិតគឺបង្រៀនមនុស្សឲ្យមានបេះដូងកុំឈ្លានពានគ្នាហើយការចាប់ដៃជាមួយចិនកម្ពុជាមិនត្រូវសប្បាយទេ ត្រូវមើលថា កម្ពុជាផលិតអ្វីបានខ្លះ កម្ពុជាមានអ្វីៗជារបស់ខ្លួនច្រើនណាស់អាចកែច្នៃបាន កុំគិតតែទិញរបស់គេ ហើយគិតតែរឿងសប្បាយៗនោះ។
លោកថា៖ «ខ្មែរត្រូវតែរៀបចំខ្លួនធ្វើយ៉ាងណាឲ្យបានល្អ អ៊ីចឹងកម្ពុជាត្រូវតែចាប់ដៃទាំងអស់ ដើម្បីប្រយោជន៍ដល់ប្រទេសមួយនេះ រដ្ឋាភិបាលខំប្រឹងហើយ សូមឲ្យអភិបាលខេត្តនីមួយៗ ស្ថាប័នរដ្ឋមន្ត្រីនីមួយៗត្រូវតែសហការគ្នាចងជាគ្រួសាររបស់កម្ពុជាកុំឲ្យទៅជាស្តេចត្រាញ់ បើទៅជាស្តេចត្រាញ់ ខ្ញុំជឿជាក់ថា មិនអាចជួយកម្ពុជាបានទេ»។
លោក ដៀប សុផល អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រក៏បានថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលនេះដែរថា អ្វីដែលកម្ពុជាត្រូវធ្វើ នៅពេលនេះគឺកម្ពុជាចង់ទាក់ទងទាំងអស់ សំខាន់ទាក់ទងដៃគូសហប្រតិបត្តិការណាដែលមានផលប្រយោជន៍អាចធ្វើឲ្យកម្ពុជាមានស្ថិរភាព សន្តិភាព បូរណភាពទឹកដី ដើម្បីបម្រើឲ្យផលប្រយោជន៍ប្រទេស។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា កម្ពុជាត្រូវមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសជិតខាងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រជាមួយមហាអំណាចមធ្យមក្នុងតំបន់ ទំនាក់ទំនងល្អជាមួយបណ្តាប្រទេសក្រៅតំបន់ បន្តទំនាក់ទំនងយុទ្ធសាស្ត្រជាប្រពៃណីជាមួយរុស្ស៊ី ថ្នមទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ពង្រឹងបន្ថែមនូវទំនាក់ទំនងជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយចិន និងរក្សាតុល្យភាពទំនាក់ទំនងជាមួយអឺរ៉ុប។
លោក គិន ភា បញ្ជាក់ថា ពួកមហាអំណាចមួយចំនួនធ្វើអ្វីៗ ដើម្បីចំណេញនយោបាយប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖ «យើងត្រូវដឹងថា ពួកមហាអំណាចមួយចំនួន គេធ្វើនយោបាយដើម្បីផលចំណេញរបស់គេទេ គឺគេមិនមែនធ្វើដើម្បីប្រជាធិបតេយ្យឲ្យយើងដើម្បីសិទ្ធិមនុស្ស ដើម្បីនីតិរដ្ឋ ដើម្បីយុត្តិធម៌អ្វីនោះទេ ពោលបើគ្មានផលចំណេញដល់ពួកគេ ពាក្យប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងយុត្តិធម៌មិនត្រូវបានប្រើឡើយ»។
លោកប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានថ្លែងពីម្សិលមិញថា ជាការពិតកម្ពុជាត្រូវតែមានភាពវៃឆ្លាត មិនត្រូវចាប់តែមហាអំណាចណាមួយហើយបោះបង់មហាអំណាចណាមួយទេ។
លោក ចន្ទរឿន បន្តថា៖ «បើសិនជាយើងអាចរក្សាទំនាក់ទំនង ឬក៏មានគោលនយោបាយការបរទេសដែលត្រូវដងត្រូវផ្លែជាមួយនឹងមហាអំណាចទាំងអស់ហ្នឹង យើងរឹតតែមានឱកាសនៅក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការក៏ដូចជាពាណិជ្ជកម្មជាមួយប្រទេសទាំងអស់នោះ»។
យ៉ាងណាក៏ដោយប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជារូបនេះកត់សម្គាល់ឃើញថានៅកម្ពុជាមិនទាន់មានគោលនយោបាយបែបនេះច្បាស់លាស់នៅឡើយ ច្រើនតែផ្អៀង ឬក៏លម្អៀងតែម្ខាងៗ នៅក្នុងសម័យកាលនីមួយៗ។
លោកថា៖ «ការលម្អៀងធ្វើឲ្យបាត់តុល្យភាពនៃជំហររបស់យើងជាប្រទេសដែលមានគោលនយោបាយការបរទេសអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ ហើយនៅពេលដែលយើងលម្អៀងផ្នែកគោលនយោបាយការបរទេសហ្នឹងអាចធ្វើឲ្យប្រទេសធ្លាក់ក្នុងស្ថានភាពមហន្តរាយ ជាពិសេសគឺក្លាយទៅជាដែនដីនៃការប្រទាញប្រទង់រវាងមហាអំណាច ដូចដែលយើងឃើញតាំងពីសម័យសង្គ្រាម ត្រជាក់ រហូតដល់ពេលបច្ចុប្បន្ននេះដែលកម្ពុជាក៏ក្លាយជាដែនដីនៃសង្គ្រាមត្រជាក់បែបថ្មីគឺបញ្ហាការប្រកួតប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»៕