កម្ពុជា-ថៃ បានឯកភាពសម្រេចលើគោលការណ៍ចំនួន៣ក្នុងការបើកច្រកព្រំដែនប្រទេសទាំងពីរឡើងវិញ
បន្ទាយមានជ័យ៖ គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានបើកកិច្ចប្រជុំគ្នានៅច្រកទ្វារព្រំដែនខៅឌិន-ភ្នំដី ស្រុកខ្លងហាត ខេត្តស្រះកែវប្រទេសថៃ ទល់នឹងស្រុកសំពៅលូន ខេត្តបាត់ដំបង របស់កម្ពុជា។
កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់នោះ ផ្តោតលើការបន្ធូរបន្ថយច្បាប់ស្ដីពី ការគ្រប់គ្រងស្ថានការក្នុងគ្រាអាសន្ន ដើម្បីជួយដោះស្រាយដំណើរការសេដ្ឋកិច្ច ក្នុងតំបន់ដែលមានរបៀបវារៈចំនួន៣៖ ទី១៖ ឱ្យពលករកម្ពុជាចូលទៅធ្វើការក្នុងវិស័យកសិកម្ម ក្នុងប្រទេសថៃ។ ទី២៖ ឱ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្ម ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។ ទី៣៖ បើកប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន បណ្ដោះអាសន្នជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខ្លងឡឹក។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរង យោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន ព្រមទាំងក្រុមការងារទំនាក់ទំនងព្រំដែនទាំងអស់។ ចំណែកភាគីថៃ ដឹកនាំដោយអភិបាលខេត្តស្រះកែវ មេបញ្ជាការកងការពារកម្លាំងបូព៌ា នាយសេនាធិការរងសន្តិសុខផ្ទៃ ក្នុងខេត្តស្រះកែវ តំណាងក្រសួងមហាផ្ទៃ តំណាងកុងស៊ុល ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធការងារព្រំដែន។ ភាគីទាំងពីរ បានឯកភាពសម្រេចលើគោលការណ៍ចំនួន៣គឺ៖
ទី១៖ ឱ្យប្រជាពលរដ្ឋកម្ពុជា ចូលទៅធ្វើការក្នុងវិស័យកសិកម្មក្នុងប្រទេសថៃ ទៅព្រឹកមកល្ងាចតែត្រូវអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩។ បញ្ហានេះ សម្រេចលើភាគីទាំងសងខាងត្រូវពិចារណាវិធានការសុខាភិបាលជាកត្តាចាំបាច់។ ទី២៖ ឱ្យអាជីវករខ្មែរចូលទៅប្រកបអាជីវកម្មក្នុងផ្សាររោងក្លឿស្រុកអារញ្ញជាធម្មតាវិញ តែតម្រូវឱ្យធ្វើចត្តាឡីស័ក រយ:ពេល ១៤ថ្ងៃ ហើយអាចរស់នៅទីនោះរយៈពេល២-៣ខែ។ ទី៣៖ បើកឱ្យប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀម បណ្ដោះអាសន្នជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកកស្ទះនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។
ចំពោះបញ្ហាដែលនៅសល់ភាគីទាំងពីរ បានឯកភាពគ្នាដោះស្រាយបន្តទៀត នៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី១៧ ខែធ្នូដោយភាគីទាំងពីរ កម្ពុជា-ថៃ បានឯកភាពគ្នា នឹងធ្វើរបាយការណ៍រួមមួយ ដើម្បីសម្រេចរាល់ការពិភាក្សា និងដំណោះស្រាយនៅក្នុងពិធីប្រជុំនោះ៕