កូវីដ-១៩ធ្វើអោយ ចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា រយៈពេល ១០ខែឆ្នាំនេះ ធ្លាក់ចុះយ៉ាងគំហុក
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល ១០ខែឆ្នាំ ២០២០នេះ មានប្រមាណ ១,២៦លាននាក់ បានធ្លាក់ចុះ ៧៦,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានប្រមាណ ៥,២៩លាននាក់។
របាយការណ៍ដដែលនេះបង្ហាញទៀតថា ប្រភពភ្ញៀវទេសចរអន្តរជាតិសំខាន់ៗមកកម្សាន្តនៅប្រទេសកម្ពុជា ទេសចរចិន បន្តនាំមុខគេ មានចំនួនសរុបប្រមាណ ៣១ម៉ឺននាក់ ធ្លាក់ចុះ ៨៤,៥ភាគរយ បន្ទាប់មកទេសចរថៃ មានចំនួន ១៩ម៉ឺននាក់ ធ្លាក់ចុះ ៤១,៥ភាគរយ, វៀតណាម មានចំនួន ១៨ម៉ឺននាក់ ធ្លាក់ចុះ ៧៤,៨ភាគរយ និងសហរដ្ឋអាមេរិក ជាង ៥ម៉ឺននាក់ ធ្លាក់ចុះ ៧១,៦ភាគរយ ក្រៅពីនោះភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងៗទៀត ក៏សុទសឹងបង្ហាញពីការធ្លាក់ចុះដូចៗគ្នានេះដែរ។
ការរាតត្បាតនៃជំងឺកូវីដ១៩ បាន និងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់មនុស្សនៅលើពិភពលោក ក្នុងនោះវាក៏បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរសេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល ត្រូវបានគេមើលឃើញថា រងផលប៉ះពាល់ខ្លាំងជាងគេ។
អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា ធ្លាប់បានអះអាងថា ផលប៉ះពាល់នេះ វាអាចនឹងបន្តអូសបន្លាយថែមទៀត ដែលត្រូវការពេល ៣ទៅ ៤ឆ្នាំទៀត ទើបស្ថានភាពត្រឡប់មកប្រក្រតីធម្មតាវិញ។
នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យអ្នកធ្វើដំណើរចូលមកកម្ពុជា ទាំងអស់ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃពេញ ចាប់ពី ថ្ងៃទី ១២ ខែធ្នូនេះ តទៅ បន្ទាប់ពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា។ បើទោះបីការដាក់ចេញវិធានការនេះ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍
ក៏ប៉ុន្តែនៅក្នុងដំណាក់កាលនេះ ការគិតគូរពីអាយុជីវិតរបស់ ប្រជាជនគឺជារឿងចាំបាច់ ដែលរាជរដ្ឋាភិបាលត្រូវតែធ្វើឱ្យបានលឿនដើម្បីបញ្ចៀសបញ្ហាធ្ងន់ធ្ងរ។
កាលពី ឆ្នាំ ២០១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៦,៦១លាននាក់ កើនឡើង ៦,៦ភាគរយ ពីចំនួន ៦,២លាននាក់ក្នុងឆ្នាំ ២០១៨៕