សារព័ត៌មានមហាខ្មែរ

ការនាំចេញ​របស់ចិន កើន​ឡើង​ខ្ពស់ ផ្ទុយ​ពី​ការ​នាំចូល

9

យោងតាមតួលេខផ្លូវការ នៅខែសីហាកន្លងទៅនេះ ការនាំចេញរបស់ចិន បានកើនឡើងខ្ពស់ គិត​ចាប់ពី​មាន​វត្តមាន​ ជម្ងឺកូវីដ១៩មក។ ផ្ទុយទៅវិញ ការនាំចូលរបស់ចិន បានចុះថយខ្លាំង ដែលវាបង្ហាញ​អំពី​តម្រូវការក្នុងស្រុករបស់ចិន នៅតែទាប។ មហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ និងជាប្រទេសដែលមានទីផ្សារក្នុងស្រុកដ៏ធំមហិមា ចិនមានតួនាទីសំខាន់ ក្នុងការ​ពង្រឹង​ការ​ស្ទុះឡើងវិញ នូវសេដ្ឋកិច្ចសកលលោក។

ចិនជាប្រទេសទីមួយ​ ដែលបានរងផលប៉ះពាល់ ដោយវិបត្តិ​ជម្ងឺកូវីដ១៩មុនគេបង្អស់។​ តែចិន អាច​ប្រហែល​ជាប្រទេសដំបូងគេដែរ ដែលអាចងើបផុតពីវិបត្តិសេដ្ឋកិច្ច បង្កឡើងដោយកូវីដ១៩នេះ។ បើគិតចាប់តាំងពីផ្ទុះវិបត្តិកូវីដ​១៩មក ការនាំចេញរបស់ចិន បានកើនឡើងខ្ពស់ជាលំដាប់ ដោយនៅខែកក្កដា មានកំណើនចំនួន​ ៧,២% និង​ខែសីហា បានកើនចំនួន​ ៩,៥% ប្រៀបធៀបក្នុងរយៈពេលមួយឆ្នាំ។ នេះបើផ្អែក​តាម​តួលេខ ផ្សាយ​ដោយ ទីភ្នាក់​ងារព័ត៌មាន​ Bloomberg។

ទោះយ៉ាងនេះក្តី អ្នកវិភាគសេដ្ឋកិច្ច​លើកឡើងថា ការនាំចេញរបស់ចិន បានកើនឡើងដូចនេះ ក៏ដោយសារតែស្ថានការ​ជម្ងឺកូវីដ១៩ ហាក់បានធូរស្រាលឡើងវិញនៅតាមប្រទេសមួយចំនួន។ ក៏ប៉ុន្តែអ្នកជំនាញ បាន​ទាញចំណាប់អារម្មណ៍ថា នៅតាមប្រទេសមួយចំនួន​នៅអឺរ៉ុប ការឆ្លងរាលដាលកូវីដ១៩ ហាក់កំពុងស្ទុះឡើងវិញ ដែលនេះវាក៏អាចបង្អាក់ការ​នាំចេញ ទំនិញរបស់ចិន​ដែរ។

ប៉ុន្មានខែចុងក្រោយនេះ តម្រូវការទំនិញ សម្ភារៈ ដើម្បី​ការពារបង្ការជំងឺ ដូចជា​ ម៉ាស ទឹកអាល់កុលលាងដៃ សន្លឹក​ប្លាស្ទិកសម្រាប់ខណ្ឌចែក ជាដើម គឺបានកើនឡើងជាខ្លាំងនៅទូទាំងពិភពលោក។ ទំនិញទាំងនោះ ភាគច្រើនគឺផលិតនៅចិន។ តែទន្ទឹមនឹងនេះដែរ ប្រទេសខ្លះ បានបង្កើនការ​ប្រុងប្រយ័ត្ន ដោយចាប់ផ្តើមរៀបចំសង្វាក់ផលិតកម្ម ទំនិញសំខាន់ៗទាំងនោះ ដោយខ្លួនឯង ដើម្បី​បញ្ចៀស កុំឲ្យ​រំពឹងតែទៅលើការនាំចូលពីចិន។

ដោយឡែក ការនាំចូលរបស់ចិនវិញ មិនមានកំណើនដូចអ្វីដែលគេរំពឹងទុកទេ។ ខែសីហា ការ​នាំចូលរបស់ចិន បានថយចុះ​ចំនួន ២,១%។ ដែលនេះមានន័យថា តម្រូវការក្នុងស្រុក ស្ថិតនៅកម្រិត​ទាប បើទោះបីជាចិន បានបើកដំណើរការឡើងវិញ​ក្តី តែវិស័យទេសចរណ៍ និងការធ្វើដំណើរក្នុងស្រុក នៅតែមិនទាន់​​ត្រលប់​មករកភាពប្រក្រតីទេ។

ក្នុងរវាង​ប៉ុន្មានខែចុងក្រោយនេះ ការនាំចូលរបស់ចិន បានស្ទុះឡើង តែក្នុងទំនិញកសិកម្មតែប៉ុណ្ណោះ ដោយហេតុថា ចិនបានជួប​គ្រោះទឹកជំនន់ ផ្ទួនៗគ្នា​ បណ្តាលឲ្យ​ខូចផលដំណាំ និង​ទិន្នផល​កសិដ្ឋាន។ ប្រការនេះ បានធ្វើឲ្យ​ចិន ត្រូវការប្រមូលទិញ គ្រាប់ធុញ្ញជាតិ សណ្តែក អង្ករ ស្រូវសាឡី និងសាច់គោ សាច់ជ្រូកពីបរទេស។ ការនាំចេញខ្ពស់ ឯការនាំចូលវិញទាប ដែលវាធ្វើឲ្យជញ្ជីង​ពាណិជ្ជកម្ម​ចិន ត្រូវ​គេរិះគន់ ជាពិសេសពីសំណាក់ សហរដ្ឋអាមេរិក៕

អត្ថបទទាក់ទង