ផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប បានចាប់ផ្តើមដំណើរការស្ថាបនាយ៉ាងសកម្មហើយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកការដ្ឋានជាផ្លូវការ
សៀមរាប ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ — គ្រឿងចក្រជាច្រើនគ្រឿង រួមជាមួយអ្នកបច្ចេកទេសជាច្រើននាក់ បានចុះទៅតាម គោលដៅតាមបណ្តាផ្លូវទាំង៣៨ខ្សែ ដើម្បីធ្វើសកម្មភាពស្ថាបនាផ្លូវទាំងនេះ បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាលបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានថ្លែងថា ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនេះត្រូវបានសាងសង់ឡើងដោយអង្គភាព ចំនួនប្រាំមួយបែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ឬស្រាលដោយ ផ្ដោតជា សំខាន់លើគុណភាពប្រសិទ្ធភាព ជាមួយនឹងការបញ្ចប់គម្រោងឱ្យ បានទាន់ពេលវេលាតាម ការគ្រោងទុក។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានឱ្យដឹងដែរថា អង្គភាពដែលទទួលយកការងារ សាងសង់ផ្លូវទាំង៣៨ខ្សែនេះរួមមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុលនិងថែទាំផ្លូវ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។
ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួនប្រភេទក្នុងនោះ ប្រភេទទីមួយចាក់បេតុងកម្រាស់២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ប្រភេទទីពីរចាក់បេតុងកម្រាស់២០សង់ទីម៉ែត្រ
និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុង ហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ពីលើតែម្ដង ដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។
រហូតមកដល់ថ្ងៃទី០៨ខែធ្នូឆ្នាំ២០២០នេះ យើងឃើញថា អង្គភាពចំនួនប្រាំមួយនោះ បានចុះទៅតាមគោលដៅរាងៗខ្លួន និងកំពុងតែមមាញឹកក្នុងការ ស្ថាបនាផ្លូវដែលខ្លួនទទួលខុសត្រូវ ជាជំហានដំបូងនេះ សង្កេតឃើញថា ស្ថិតនៅក្នុងដំណាក់ កាលឈួសឆាយ និងពង្រីកផ្លូវទៅតាមទំហំដែលអាជ្ញាធរបានកំណត់៕