អបអរសាទរ!សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ២00 លានរៀល សម្រាប់បម្រើឱ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែប ក្នុងខេត្តគោលដៅ ១១
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយឧបត្ថម្ភថវិកាចំនួន ២00 000 000រៀល សម្រាប់បម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែប ក្នុងខេត្តគោលដៅចំនួន ១១ខេត្ត។ នេះបើតាមការឱ្យដឹងពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ តាមរយៈបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី៧ ខែធ្នូនេះ។
បើតាមលោក វេង សាខុន ការឧបត្ថម្ភថវិកាចំនួន ២00 000 000រៀលនេះ ជាការលើកទឹកចិត្ត និងជំរុញសន្ទុះអភិវឌ្ឍន៍វិស័យវារីវប្បកម្ម និងឈានទៅធ្វើអាជីវកម្មជាលក្ខណខ្នាតតូចតែម្តង ក្នុងទិសដៅធានាឲ្យបាននូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល បង្កើតឱកាសការងារនៅជនបទ ក្នុងការចិញ្ចឹមត្រី កង្កែប និងចិញ្ចឹមសត្វក្នុងក្របខណ្ឌបច្ចេកទេសសាមញ្ញ ប្រើរយ:ពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលកម្រៃច្រើន និងជាពិសេសរក្សាបានស្ថានភាពប្រក្រតីនៃគន្លងជីវភាពថ្មីក្នុងអំឡុងពេលមានវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលនៅតែបន្តអូសបន្លាយ។
លោករដ្ឋមន្ត្រីកសិកម្ម ក៏បានលើកឡើងឱ្យដឹងផងដែរថា ក្នុងចំណោមខេត្តគោលដៅទាំង ១១ ក្នុងនោះ ក៏មានខេត្តឧត្តរមានជ័យផងដែរ ដែលខេត្តនេះ កាលពីថ្ងៃទី៦ ខែធ្នូម្សិលមិញ បានរាយការណ៍ឱ្យដឹងថា នៅទូទាំងខេត្ត មានកសិករចំនួន ១០៥គ្រួសារ ( ៧៥គ្រួសារ ទទួលបានកូនត្រីអណ្តែង និង ៣០គ្រួសារ ទៀតទទួលបានកូនកង្កែប) ព្រមទាំងសម្ភារសម្រាប់ចិញ្ចឹមមួយចំនួនទៀត។ ក្នុងវគ្គទី១ ពួកគាត់ទទួលបានផលពីការចិញ្ចឹមនេះ យកមកដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ និងលក់ចែកចាយនៅក្នុងមូលដ្ឋាន (ត្រីអណ្តែងប្រមាណ ៤ក្បាល/kg តម្លៃ ៦ ០០០រ/kg កង្កែប ៦ក្បាល/kg លក់បានតម្លៃ ១០ ០០០រ/kg) ចំពោះការចិញ្ចឹមត្រីអណ្តែងប្រើរយ: ពេលជាង ២ខែ និងកង្កែបជាង ៥០ថ្ងៃ អាចប្រមូលផលបាន។
ដោយឡែក មានកសិករចំនួន ៣០គ្រួសារ បាននិងកំពុងចិញ្ចឹមត្រីអណ្តែងនៅវគ្គបន្តដែលទទួលបានកូនត្រីពីគម្រោង។ ផ្ទុយទៅវិញមាន ៤៥គ្រួសារ បានផ្អាកចិញ្ចឹមបណ្តោះអាសន្ត មូលហេតុជាប់ដៃប្រមូលផលស្រូវ និងដំឡូងមី ប៉ុន្តែទោះជាយ៉ាងណា ក្រោយពេលប្រមូលផលស្រូវ និងដំឡូងមីរួច ពួកគាត់នឹងចាប់ផ្តើមចិញ្ចឹមឡើងវិញ។
ចំពោះកង្កែប ក្នុងចំណោមកសិករ ៣០គ្រួសារ ក្នុងនោះមាន ១០គ្រួសារបានបង្វែរទិសដៅពីការចិញ្ចឹមកង្កែបសាច់ មកចិញ្ចឹមកង្កែបពូជវិញដើម្បីផ្គត់ផ្គង់កូនដល់អ្នកចិញ្ចឹមកង្កែបសាច់ក្នុងសហគមន៍របស់ពួកគាត់ ហើយ ២០គ្រួសារទៀតបានផ្អាកចិញ្ចឹម បញ្ហាក៏ដូចកសិករចិញ្ចឹមត្រីអណ្តែងដែរ។
យោងតាមមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រោយពីទទួលបានគម្រោងចិញ្ចឹមខាងលើ កសិករ និងសាធារណជនមួយចំនួនបានចាប់អារម្មណ៍លើការចិញ្ចឹមត្រីអណ្តែង ដោយគិតមកទល់ពេលនេះ ចំនួនកូនត្រីដែលបានលក់ជូនទៅកសិករ និងសាធារណជន ជាពិសេសផ្នែកកងទ័ពចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ស្បៀង នៅតាមតំបន់ឈរជើងបានចំនួន ៣០កន្លែង ស្មើនិង ៧០០គ.ឡ គិតជាកូនត្រីប្រមាណជាង ១៤០ ០០០កូនត្រី ពីស្ថានីយកសិកម្មគោករំដួល ហើយកង្កែបកំពុងរង់ចាំត្រៀមបង្កាត់ពូជនាពេលខាងមុខ។
មិនតែប៉ុណ្ណោះ តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានរៀបចំជា ៣បណ្តុំក្នុងនោះ អាជីវកម្មត្រីអណ្តែង ២បណ្តុំមានកសិករចូលរួម ៩៨គ្រួសារ ដែល១គ្រួសារទទួលបានចំណី ២ការ៉ុង តង់១ ទំហំ ៤mx៦m កូនត្រីអណ្តែង ៥០០ក្បាល និងកសិករគំរូ ២រូប ជាអ្នកបង្កាត់ និងភ្ញាស់ត្រីដើម្បីលក់ផ្គត់ផ្គង់ឲ្យកសិករ ដោយម្នាក់ៗទទួលបានថវិកាសម្រាប់រៀបចំរោង តង់ និងឧបករណ៍សម្រាប់ការបង្កាត់ចំនួន ៤ ០០០ ០០០រៀលផងដែរ។
ដោយឡែក បង្កងមានសមាជិកបណ្តុំ ៤៦រូប ដោយពួកគាត់ទទួលបាន តង់ ម៉ូទ័រ និងមេបាពូជ ២គូរ និងកសិករគំរូ ១រូប ជាអ្នកបង្កាត់ ភ្ញាស់ ទទួលបានថវិកា ២ ៨០០ ០០០រ សម្រាប់ធ្វើ រោង អាង និងឧបករណ៍សម្រាប់បម្រើឲ្យការបង្កាត់ពូជ។
ដើម្បីបង្កើនសមត្ថភាពផ្សព្វផ្សាយបច្ចេកទេសជូនដល់ប្រជាកសិករ រក្សានិរន្តរភាពចិញ្ចឹម មន្ទីរ បានបញ្ជូនមន្រ្តីជំនាញទៅចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេស បង្កាត់ពូជត្រីអណ្តែង ត្រីប្រា ត្រីឆ្ពិន ត្រីទីឡាព្យា និងកង្កែប នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបនៅខេត្តព្រៃវែងដោយមានការគាំទ្របច្ចេកទេសពីមន្រ្តីជំនាញរដ្ឋបាលជលផល។
ក្រោយពីពួកគាត់ទទួលបានចំណេះដឹង និងបទពិសោធន៍ បច្ចុប្បន្នមន្រ្តីជំនាញបានសាកល្បងអនុវត្តការបង្កាត់ត្រីអណ្តែងកូនកាត់ អាហ្រ្វិកទទួលបានជោគជ័យ ដែលអាចមានលទ្ធភាពផ្គត់ផ្គង់ជូនប្រជាកសិករនៅក្នុងតំបន់ ហើយទិសដៅបន្តនឹងខិតខំបង្កាត់ត្រីឆ្ពិន ត្រីកន្ធរ ដើម្បីធានាបរិមាណផ្គត់ផ្គង់កូនត្រី ដល់ប្រជា ពលរដ្ឋ ហើយជំរុញរៀបចំខ្សែច្រវាក់ផលិតកម្មវារីវប្បកម្ម ធានាដល់ការផ្គត់ផ្គង់នៅក្នុងមូលដ្ឋាន និងពង្រីកសមត្ថភាពការចិញ្ចឹមបន្តទៀតសំដៅជំរុញការផលិតសម្រាប់នាំចេញតំបន់៕