អ្នកនៅពីក្រោយខ្នងរបស់Jack Ma! Li Ying ស្ត្រីដៃស្ដាំរបស់មហាសេដ្ឋី Jack Ma ដែលពោរពេញដោយសមត្ថភាព តែមិនសូវចេញមុខ
Li Ying ជាស្ត្រីដៃស្ដាំរបស់មហាសេដ្ឋីចិន Jack Ma ត្រូវបានគេចាត់ទុកថា ជាស្ត្រីដែលពោរពេញដោយសមត្ថភាព និងជាសេដ្ឋីនីមួយរូបផងដែរ នៅក្នុងប្រទេសចិន ប៉ុន្ដែ នាងហាក់មិនសូវចេញមុខចេញមាត់នៅលើបណ្ដាញព័ត៌មានធំៗរបស់ពិភពលោកនោះទេ។ នៅក្នុងប្រទេសចិន អ្នកនាង Li Ying ជារឿយៗត្រូវបានគេឲ្យរហ័សនាមថា «Warren Buffett នៃប្រទេសចិន» ដែលសម្ដៅលើសមត្ថភាពនៃការគិតលើការវិនិយោគរបស់នាង។ តាមរយៈសារព័ត៌មាន South China Morning Post ខេមបូណូមីស សូមស្រង់យកប្រវត្តិត្រួសៗរបស់នាង Li Ying មកចែករំលែកមិត្តអ្នកអានដូចតទៅនេះ។
អ្នកនាង Li មិនត្រឹមតែត្រូវបានគេស្គាល់ថា ជាស្ត្រី ដែលពោរពេញដោយសមត្ថភាព ចំណេះដឹង ក្នុងការបំពេញការងារ និងជំនួញនោះទេ ប៉ុន្ដែ នាងក៏ត្រូវបានគេចាត់ទុកថា ជាស្ត្រីមួយរូបក្នុងចំណោម ស្ត្រីនៅលីវ ដែលមានមានភាពទាក់ទាញបំផុតក្នុងប្រទេសចិន ទាំងរូបសម្រស់ និងទ្រព្យសម្បត្តិ។
នៅឆ្នាំ២០១០ នៅក្នុងវ័យ ២៩ឆ្នាំ នាងនាង Li Ying ត្រូវបានមហាសេដ្ឋី Jack Ma និយាយអូសទាញនាងដល់ទៅ ៣លើក ដើម្បីឲ្យដើរចេញSilicon Valley មកបើកក្រុមហ៊ុន Yunfeng Capital ដែលជាក្រុមហ៊ុនមូលនិធិទុនឯកជនរបស់លោក។ ក្រុមហ៊ុននេះ ផ្ដោតលើការវិនិយោគបច្ចេកវិទ្យាកម្រិតខ្ពស់និងសហគ្រាសថាមពល។ ក្រោយមក អ្នកនាង Li បានសម្រេចចិត្តយល់ព្រមចូលរួមជាមួយលោក Jack Ma ដោយធ្វើជាសហស្ថាបនិកក្រុមហ៊ុន Yungfeng Capital ដោយមានរូបនាង លោក Jack Ma និងលោក David Yu។
ស្ថិតលើទំនួលខុសត្រូវលើការគ្រប់គ្រងលុយរាប់រយពាន់លានរបស់ក្រុមហ៊ុនបានធ្វើអ្នកនាង Li បានកំពុងប្រជែងតំណែងស្ត្រីមានជាងគេបង្អស់នៅក្នុងប្រទេសចិនជាមួយនឹងអ្នកស្រី Yang Huiyan ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បី។
បើទោះបីជា ទ្រព្យសម្បត្តិរបស់អ្នកនាង Li Ying មិនត្រូវបានបើកបង្ហាញក៏ដោយ ប៉ុន្ដែ តាមការរាយការណ៍របស់ព័ត៌មានចិន បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសរុបរបស់នាងអាចមានដល់ជាង ១,៤ ពាន់លានដុល្លារអាមេរិក។
មិនសូវជាមានព័ត៌មានចុះផ្សាយច្រើនពីសហស្ថាបនិករបស់លោក Jack Ma រូបនេះនោះទេ ប៉ុន្ដែអ្នកនាង ត្រូវបានគេដឹងថា មានវ័យ ៣៩ឆ្នាំ និងនៅលីវនៅឡើយ ហើយនាងក៏ជាអ្នកនិយមប្រើប្រាស់រថយន្ដទំនើបៗ ដូចជា Bentley, Mercerdes-Maybach និង Rolls-Royce ជាដើម។
អ្នកនាង Li ត្រូវបានគេដឹងថា បានធំដឹងក្ដីឡើងនៅក្នុងក្រុងស៊ិនជិន ប្រទេសចិន រហូតដល់ឆ្នាំទី២ នៃមធ្យមសិក្សា នាងត្រូវបានឪពុកម្ដាយ ឲ្យបន្ដការសិក្សានៅសហរដ្ឋអាមេរិក។ ដំបូងឡើយ នាងមិនពេញចិត្តនឹងគំនិតនេះទេ ព្រោះមិនចង់រើទៅរស់នៅឆ្ងាយពីផ្ទះ ប៉ុន្ដែ បន្ទាប់ពីបានព្រមព្រៀងជាមួយឪពុកម្ដាយរបស់នាង ដើម្បីរៀនផ្លោះថ្នាក់ (មធ្យមសិក្សា) នាងក៏បានយល់ព្រមទៅរៀននៅអាមេរិក។
នាងពិតជាមានសមត្ថភាពលេចធ្លោជាងមិត្តភ័ក្ដិក្នុងការដាក់ពាក្យទៅរៀននៅក្រៅប្រទេសនោះ ដោយនាងត្រូវបានវិទ្យាស្ថាន MIT, សាកលវិទ្យាល័យ Yale និង Stanford ទទួលយកឲ្យចូលរៀន ខណៈដែលកាលនោះ នាងមានវ័យត្រឹមតែ ១៧ឆ្នាំ។ នាងបានជ្រើសរើសរៀននៅវិទ្យាស្ថាន MIT ហើយបានបញ្ចប់ការសិក្សាត្រឹមតែរយៈពេល៣ឆ្នាំ។ នៅគ្រានោះ នាងមានវ័យ២០ ឆ្នាំ នាងទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងថ្នាក់អនុបណ្ឌិត ផ្នែកវិស្វករអេឡិចត្រូនិក និងវិទ្យាសាស្ត្រកុំព្យូទ័រ។
ការងារដំបូងរបស់អ្នកនាង Liគឺធ្វើការនៅក្រុមហ៊ុន Mckinsey & Company ជាកន្លែងដែលនាងកាន់ផ្នែកគ្រប់គ្រងការប្រឹក្សាយោបល់នៅក្នុង Silicon Valley។ នៅរយៈពេល ១៣ ឆ្នាំក្រោយមក នាងបានធ្វើការនៅក្នុងក្រុមហ៊ុនកំពូលវិនិយោគ Wall Street ដូចជា Ikano, UT និង KPCB ។
ក្រោយមក នៅពេលដែលលោក Jack Ma បានដឹងពីទេពកោសល្យ និងសមត្ថភាពរបស់នាង រួមទាំងការសិក្សា និងបទពិសោធន៍ធ្វើការងារផងនោះ លោក Jack Ma បាននិយាយអូសទាញនាងឲ្យចូលរួមជាមួយក្រុមហ៊ុនរបស់លោក ក្នុងការបង្កើតនូវក្រុមហ៊ុនថ្មី Yunfeng Capital។ ប៉ុន្ដែ មុននឹងអាចបញ្ចុះបញ្ជូលនាងបាន លោក Ma ក៏ចំណាយពេល ៣លើកផងដែរ។
អ្នកនាង Li ត្រូវបានតែងតាំងនាយកគ្រប់គ្រងទូទៅ នៃអគ្គនាយកក្រុមប្រឹក្សាភិបាល និងទទួលខុសត្រូវ លើការវិនិយោគក្នុងវិស័យបច្ចេកវិទ្យា និងថាមពលថ្មីៗ។ ភាពជោគជ័យរបស់នាងបានធ្វើឲ្យមូលនិធិដំបូងនៃក្រុមហ៊ុន Yunfeng Capital កើនដល់១០ពាន់លានយ័ន។ ទោះយ៉ាងណា បើតាមការរាយការណ៍របស់សារព័ត៌មាន នាងបានឈប់ពីក្រុមហ៊ុននេះ កាលពីឆ្នាំមុន ហើយបានចាប់ផ្ដើមក្រុមហ៊ុនផ្ទាល់ខ្លួនវិញ។ យើងនឹងរង់ចាំមើលថា តើនាងនឹងធ្វើអ្វីជាសមិទ្ធផលលេចធ្លោបន្ថែមទៀត ក្នុងជីវិតជំនួញរបស់នាង?
អ្នកនាង Li ត្រូវបានគេដឹងថា តែងតែដាក់ខ្លួន មិនសូវចេញមុខមាត់ទេ ហើយដោយសារតែរូបសម្រស់ និងចំណេះដឹងរបស់នាង នាងតែងតែធ្វើឲ្យមានការភ្ញាក់ផ្អើលនៅពេលដែលបានបង្ហាញខ្លួនជាសាធារណៈលើកដំបូង៕