មើលទៅទំនងដល់ហើយ! ឪឡឹកលឿង បន្ទាយស្រី ធម្មជាតិស្រស់ៗ ផ្អែម ឆ្ងាញ់ ប្លែកអារម្មណ៍ មើលទៅពណ៌ គួរឲ្យចង់ញុំា…
នាថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២០ នេះ អភិបាលស្រុកបន្ទាយស្រី គឺលោក ឃឹម ហ្វីណង់ បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹកពី ឪឡឹកលឿងបន្ទាយស្រី មើលទៅពិតជាស្រស់ៗ គួរឲ្យចង់ទទួលទានណាស់។ លោកបានបញ្ជាក់ប្រាប់បន្ថែម នៅក្នុងហ្វេសប៊ុករបស់លោក ថា ៖
“«ឪឡឹកលឿងបន្ទាយស្រី»៖ ផ្អែម ឆ្ងាញ់ ប្លែកអារម្មណ៍ ស្រស់ថ្មីពីធម្មជាតិ! ក្រុមកសិករនៃគម្រោងកសិទេសចរណ៍សាកល្បងនៅក្នុងស្រុកបន្ទាយស្រី កំពុងតែប្រមូលផលពីការខិតខំប្រឹងប្រែងរបស់ខ្លួន បណ្តើរៗហើយ។
បើទោះជាទើបតែដាំបានក្នុងទំហំជាលក្ខណៈគ្រួសារនៅឡើយ ហើយនៅមានកត្តាបច្ចេកទេសខ្លះទៀតត្រូវកែលម្អបន្ថែម ឪឡឹកទាំងអស់នេះទទួលបានការពេញចិត្ត និងចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកពិសា ព្រមទាំងបានឆ្លុះបញ្ចាំងពីសក្តានុពលដ៏ធំនៃការធ្វើកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី និងកាលានុវត្តភាពសម្រាប់អ្នកវិនិយោគផងដែរ។
ជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រែក្លាយកសិកម្មនៅក្នុងស្រុកបន្ទាយស្រីឱ្យទៅជាដែនដីកសិទេសចរណ៍ដ៏គួរឱ្យទាក់ទាញមួយ គម្រោងសាកល្បងមួយនេះស្ថិតនៅក្នុងចង្កោមនៃគំនិតផ្តួចផ្តើមជាច្រើនទៀតដែលរដ្ឋបាលស្រុកបានសហការជាមួយអង្គការដៃគូ និងអ្នកបច្ចេកទេសកសិកម្ម ដើម្បីតម្រង់ទិស និងផ្តល់ជំនួយគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកទីផ្សារ សំដៅធ្វើយ៉ាងណាឱ្យសហគមន៍កសិករនៅក្នុងស្រុកមានភាពជឿជាក់ និងអាចឈោងចាប់យកសក្តានុពលនៃការធ្វើកសិកម្មសម្រាប់បម្រើឱ្យវិស័យទេសចរណ៍បាន។
កសិទេសចរណ៍ពាក់ព័ន្ធនឹងការដាំកសិផលទាំងឡាយណាដែលមានភាពទាក់ទាញសម្រាប់អ្នកទេសចរ ដូចជាប្រភេទបន្លែ ផ្លែឈើ ឬការចិញ្ចឹមសត្វដែលមានភាពប្លែក ប្រចាំតំបន់ និងតាមបែបធម្មជាតិជាដើម។
ភាគច្រើនតែងលក់បានក្នុងតម្លៃថ្លៃ តែក៏តម្រូវឱ្យមានការចំណាយទុនខ្ពស់ជាងកសិកម្មប្រភេទដទៃទៀតផងដែរ ដែលជាហេតុទាមទារឱ្យមានការតម្រង់ទិស ការលើកទឹកចិត្ត ការផ្សព្វផ្សាយ និងការគាំទ្រដល់ប្រជាកសិករនៅក្នុងស្រុក ព្រោះការផ្លាស់ប្តូរទម្លាប់ និងការព្រមទទួលយកហានិភ័យពីភាពស្រពេចស្រពិលនៃទម្រង់កសិកម្មថ្មី មិនមែនជាភាពងាយស្រួលនោះឡើយ។
តួយ៉ាង ដូចជាការប្តូរពីការដាំឪឡឹកចម្ការដែលពិបាករកទីផ្សារ(មានទំហំតូច គ្រាប់ច្រើន និងពណ៌ផ្កាឈូកស្លេកៗ) មកដាំឪឡឹកពូជ ដែលមានតម្រូវការខ្ពស់សម្រាប់វិស័យទេសចរណ៍ជាដើម(ធំជាង ផ្អែមជាង ពណ៌ដិតជាង និងមានគ្រាប់តិច)។ ក្រៅពីឪឡឹកលឿង នៅមានឪឡឹកពូជប្រភេទផ្សេងៗទៀត ដែលកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងផងដែរ។
កន្លងមក គំនិតផ្តួចផ្តើមជាច្រើនត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញ និងផ្សព្វផ្សាយពីចក្ខុវិស័យកសិទេសចរណ៍ និងបង្កើតឱ្យមានផ្លែឈើតំបន់ និងម្ហូបអាហារតំបន់ ដូចជាការចែក និងដាំដើមឈើហូបផ្លែ(ត្រសក់ផ្អែម ទុរេន សាវម៉ៅ ឪឡឹកពូជ ក្រូចឆៃវ៉ាន់ តាង៉ែន ល្ហុងហូល្លង់ លម៉ើ ខ្នុរការ៉ុត) ការដាំបន្លែធម្មជាតិ និងការចិញ្ចឹមសត្វ (ជ្រូកកណ្តុរ ពពែ មាន់ស្រែ មាន់ព្រៃ ឃ្មុំ)។”។
ក្នុងនោះ គេឃើញ ហ្វេសប៊ុកមួយទៀតឈ្មោះ “ទៅលេងបន្ទាយស្រី” បានស៊ែរផុសមួយនេះ ព្រមទំាងមានភ្ជាប់លេខទំនាក់ទំនង ម្ចាស់ចំការ គឺ 085 675 388។ ដូចនេះបើសិនជាបងប្អូនចង់សាក អាចទំនាក់ទំនងលេខនេះបាន៕