សារព័ត៌មានមហាខ្មែរ

អាជីវកម្មដែលទាក់ទងនឹងវិស័យទេសចរណ៍ត្រូវបានជម្រុញបន្ថែមទៀត

8

យោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍បានឱ្យដឹងថា អាជីវកម្មដែលទាក់ទងនឹងវិស័យទេសចរណ៍ជាង ៣០ ភាគរយបានចាប់ផ្តើមប្រតិបត្តិការឡើងវិញបន្ទាប់ពីបានបិទឬផ្អាកសកម្មភាពចាប់តាំងពីខែមីនាឆ្នាំនេះដោយសារតែករណីនៃវីរុសកូវីដ១៩ ។

នៅក្នុងសន្និសីទកាសែតកាលពីពេលកន្លងទៅ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថាអាជីវកម្មដែលទាក់ទងនឹងវិស័យទេសចរណ៍រហូតដល់ ៩០ ភាគរយបានរងផលប៉ះពាល់ដោយវីរុសកូវីដ ១៩ ដែលមានដូចជាសណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋាន និងក្រុមហ៊ុន
ដទៃទៀត ។

លោកថា មូលហេតុនៃការបិទឬផ្អាកសកម្មភាពអាជីវកម្មទាំងនោះគឺដោយសារតែពួកគេឯកភាពក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ស្របពេលដែលគ្មានវត្តមានភ្ញៀវទេសចរណ៍អន្តរជាតិ។ ប៉ុន្តែដោយសារតែរដ្ឋាភិបាលមានការលើកទឹកចិត្តឲ្យមានការធ្វើដំណើរក្នុងស្រុក អ្នកទេសចរក្នុងស្រុកនិងជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមទៅកម្សាន្តនៅទីតាំងនានាក្នុងប្រទេស។

លោក ទិត ចន្ថា បន្តថា៖ «ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងអាជីវកម្មដែលពាក់ព័ន្ធជាច្រើនទៀតនឹងបើកអាជីវកម្មរបស់ពួកគេជាបណ្តើរៗ ដូច្នេះវានឹងបង្កើតការងារជាច្រើនដល់ប្រជាជន។ យើងក៏សូមធ្វើការកោតសរសើរចំពោះការដឹកនាំរបស់រដ្ឋាភិបាលដែលមានការគ្រប់គ្រងល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនិងការពារការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩នៅក្នុងសហគមន៍»។

លោកបន្ថែមទៀតថាយើងមិនអាចដឹងច្បាស់ថាតើវិស័យទេសចរណ៍នៅកម្ពុជានឹងវិលមករកភាពប្រក្រតីវិញនៅពេលណានោះទេ ខណៈដែលវាពឹងផ្អែកលើកត្តាចំនួនបី។ ទីមួយ នៅពេលដែលមានវ៉ាក់សាំងដែលអាចទុកចិត្តបាននិងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការការពារវីរុសកូវីដ១៩ ភ្ញៀវទេសចរនឹងចាប់ផ្តើមវិលត្រឡប់មកវិញនៅឆ្នាំ ២០២២។ ទីពីរ ប្រសិនបើមិនមានវ៉ាក់សាំងដែលត្រូវបានទទួលស្គាល់ហើយបញ្ហានេះត្រូវបានអូសបន្លាយ ការត្រឡប់របស់ភ្ញៀវទេសចរអន្តរជាតិនឹងមានភាពយឺតយ៉ាវ។ ចុងក្រោយ ក្នុងករនីដែលវីរុសកូវីដ១៩នៅតែបន្តកើតមានឡើង ដូច្នេះរដ្ឋាភិបាលបានរៀបចំនូវអ្វីដែលគេហៅថាគោលនយោបាយទេសចរណ៍ពិសេសសម្រាប់ការពារការឆ្លងវីរុស។

យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំនេះ ប្រទេសកម្ពុជាមានអាជីវកម្មដែលទាក់ទងនឹងវិស័យទេសចរណ៍សរុបចំនួន ៩ ៥៨៩ ដែលបានផ្តល់ការងារច្រើនជាង ១០៥ ១០៣ កន្លែង ។ ប្រទេសកម្ពុជាមានតំបន់ទេសចរណ៍ចំនួន ២៥៥ និងតំបន់ទេសចរណ៍ធម្មជាតិចំនួន ៨៣ នៅទូទាំងប្រទេស។

ជាមួយគ្នានេះផងដែរ លោក ទិត ចន្ថា ថ្លែងថារហូតមកដល់ពេលនេះ ករណីនៃវីរុសកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកជាង ៥ ម៉ឺននាក់នៅក្នុងវិស័យឧស្សាហកម្មទេសចរណ៍ ហើយប្រទេសកម្ពុជាបានបាត់បង់ប្រាក់ចំណូលសរុបប្រមាណជា ៥ ពាន់លានដុល្លារ។ ប៉ុន្តែ ដោយសារតែចំនួនភ្ញៀវទេសចរក្នុងស្រុកមានការកើនឡើងច្រើន កម្ពុជារំពឹងថានឹងរកចំណូលបានប្រមាណជា ៥០០ លានទៅ ១ ពាន់លានដុល្លារចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ។

ក្រសួងទេសចរណ៍បានរាយការណ៍ថាក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចំនួនប្រាំថ្ងៃដែលជំនួសឲ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចាប់ពីថ្ងៃទី ១៧-២១ ខែសីហា ភ្ញៀវទេសចរក្នុងស្រុកប្រមាណជា ១ លាន ៥ សែននាក់បានទៅកម្សាន្តនៅគោលដៅទេសចរណ៍ទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណោមនោះ ១០ ភាគរយ ដែលស្មើនឹងចំនួន ១៤ ០០០ នាក់គឺជាជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថាទឹកប្រាក់ជាង ១០០ លានដុល្លារត្រូវបានចូលទៅក្នុងសេដ្ឋកិច្ចជាតិ។ ដូច្នេះ ភ្ញៀវទេសចរក្នុងស្រុកដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍។

លោក ទិត ចន្ថាក៏បានអំពាវនាវដល់វិនិយោគិនក្នុងស្រុកឲ្យមានការវិនិយោគបន្ថែមទៀតទៅក្នុងវិស័យទេសចរណ៍ពីព្រោះ ខណៈដែលកន្លែងស្នាក់នៅ ទីតាំងលក់អាហារ ឬសេវាកម្មផ្សេងទៀតនាពេលបច្ចុប្បន្នមានការខ្វះខាតនៅក្នុងតំបន់គោលដៅទេសចរណ៍មួយចំនួន។

លោកថា៖ «វិស័យទេសចរណ៍ជួយដោះស្រាយបញ្ហាសង្គម សុខភាព និងជំរុញជីវភាពរស់នៅរបស់ប្រជាជន។ នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលអនុញ្ញាតឱ្យវិនិយោគិនដែលមានសក្តានុពលមកពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា។ អ្នកទេសចរនឹងត្រូវបានអនុញ្ញាតឱ្យចូលមកកាន់ប្រទេសវិញជាធម្មតានៅពេលអនាគតនៅពេលដែលស្ថានភាពនៃវីរុសកូវី១៩មានភាពប្រសើឡើង។ យើងក៏បានគិតដល់ការតភ្ជាប់ជាមួយបណ្តាប្រទេសក្នុងតំបន់ផងដែរ»៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

អត្ថបទទាក់ទង