រដ្ឋបាលស្រុកប្រាសាទបាគង បើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែប្រវែង ៦៨៣ម៉ែត្របន្ថែមទៀត ភ្ជាប់ពីឃុំបាគង ទៅឃុំរលួស
សៀមរាប៖ កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ រដ្ឋបាលស្រុកប្រាសាទបាគង បានបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ ប្រវែង ៦៨៣ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០.១៥ ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិស្រុកឆ្នាំ២០២០ លក្ខណ:អន្តរឃុំរវាង ឃុំបាគង និងឃុំរលួស
ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណ:កម្មាធិការលទ្ធកម្ម គណ:កម្មការគ្រប់គ្រងគម្រោងស្រុក ក្រុមការងារបច្ចេកទេសខេត្ត អ្នកទទួលម៉ៅការគម្រោង អាជ្ញាធរ ភូមិ ឃុំពាក់ព័ន្ធនៃគម្រោងអន្តរឃុំទាំងពីរផងដែរ។
ផ្លូវនេះមានប្រវែងសរុបចំនួន ៣០៧៥ ម៉ែត្រ គ្រោងសង់សង់ជាផ្លូវបេតុងចាប់ពីចំណុចផ្សាររលួស ឃុំរលួស រហូតដល់ផ្លូវជាតិលេខ៦ ក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយប្រើប្រាស់មូលនិធិស្រុក និងឃុំទាំងពីរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សូមបព្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៩រហូតមកដល់ឆ្នាំ២០២០នេះ យើងសម្រេចការសាងសង់ផ្លូវនេះបានប្រវ៉ែង១៩១៥ម៉ែត្រហើយ ដោយនៅសល់ប្រវែង១១៦០ម៉ែត្រទៀត យើងនឹងបន្តសាងសង់បញ្ចប់ នៅឆ្នាំ២០២១ ខាងមុខនេះហើយ៕ ប្រភព៖ សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង