ឯ.ឧ.ស៊ុន ចាន់ថុល៖ ចិនសាងសង់ផ្លូវឱ្យកម្ពុជាជាង៣ពាន់ គ.ម. ក្រោមកម្ចីសរុប ៣ពាន់លានដុល្លារ
មកទល់បច្ចុប្បន្ន ក្រុមហ៊ុនចិនជាច្រើន បានសាងសង់ផ្លូវសរុបជាង ៣.០០០ គីឡូម៉ែត្រ និងស្ពានធំៗ ចំនួន ៨ ដែលមានប្រវែងសរុបជាង ៨ គីឡូម៉ែត្រ នៅប្រទេសកម្ពុជា ក្រោមកម្ចីសម្បទានប្រមាណ ៣ ពាន់លានដុល្លារអាមេរិកពីរដ្ឋាភិបាលចិន។
នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងសំណង់លើកទី១១ (11th International Infrastructure Investment and Construction Forum) កាលពីថ្ងៃទី ២ ធ្នូ កន្លងមកនេះ។
បើយោងតាមឯកឧត្ដម តួលេខនេះ មិនរាប់បញ្ចូលនូវគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តម្លៃ ២ ពាន់លានដុល្លារ ដែលក៏កំពុងសាងសង់ដោយក្រុមហ៊ុនចិន China Road and Bridge Corporation (CRBC) ដោយបច្ចុប្បន្នសម្រេចបានជាង ២៧% ហើយ។
ឯកឧត្តមមានប្រសាសន៍ថាទៀតថា៖ «ការសិក្សាផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញទៅព្រំដែនវៀតណាមក៏ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនចិនមួយផ្សេងទៀតដែរ»។
«រហូតមកដល់ពេលនេះប្រទេសចិនបានជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈកម្ចីសម្បទានជិត ៣ ពាន់លានដុល្លារអាមេរិកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ» ឯកឧត្តមបានបន្ត។
លើសពីនេះ រដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសដទៃទៀតដូចជា ជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូរដទៃទៀតដែលតែងតែជួយកម្ពុជា ជាពិសេសសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
ជាចុងក្រោយ ឯកឧត្តមបានចង្អុលបង្ហាញថាការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងសំណង់គឺជាគន្លឹះក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ព្រោះវាជួយបង្កើតឱកាសការងារ បង្កើនសេដ្ឋកិច្ចជាតិ និងរឹតបន្តឹងទំនាក់ទំនងក្នុងតំបន់ ដោយជំនួយពីបរទេសដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍដ៏ធំនេះ។