ស្ថានីយ៍សូឡាតម្លៃជិត៣០លានដុល្លារនៅខេត្តពោធិ៍សាត់ នឹងបញ្ចេញថាមពលពេញ ៩០MW ដើមឆ្នាំក្រោយ
ស្ថានីយ៍ថាមពលសូឡា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ តម្លៃប្រមាណ ២៨ លានដុល្លារអាមេរិកគ្រោងនឹងបញ្ចេញថាមពលពេញលេញដល់ទៅ ៩០មេហ្គាវ៉ាត នៅដើមឆ្នាំក្រោយ ខណៈបច្ចុប្បន្នស្ថានីយ៍សូឡានេះកំពុងបញ្ចេញថាមពលចូលបណ្តាញជាតិ ៣០មេហ្គាវ៉ាតរួចហើយ។
ក្រុមហ៊ុនបានឱ្យដឹងដូច្នេះនៅក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី០១ ខែធ្នូ កន្លងមកនេះ។
វិនិយោគដោយក្រុមហ៊ុន SCHNEITEC CO., Ltd គម្រោងស្ថានីយ៍សូឡានេះ ត្រូវបានសាងសង់ឡើងលើ ផ្ទៃដីសរុប១៣៥ហិចតា ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ។
កាលពីខែកញ្ញា កន្លងមកនេះរោងចក្រនេះបានបញ្ចេញថាមពលចូលបណ្ដាញជាតិ ៣០មេហ្គាវ៉ាត់ រួចមកហើយ ដោយដើមឆ្នាំក្រោយអំឡុងខែ មករា ឬកុម្ភៈ នឹងបញ្ចេញបន្ថែម ៦០មេហ្គាវ៉ាត់ ទៀត ពោលគឺសរុបបានដល់ទៅ ៩០មេហ្គាវ៉ាត់។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានអនុម័តឱ្យសាងសង់រោងចក្រថាមពលថ្មីចំនួន២ នៅក្នុងខេត្តពោធិ៍សាត់ រួមមាន រោងចក្រសូឡានៅស្រុកក្រគរមួយនេះ និងគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង។
ក្រៅពីស្ថានីយ៍សូឡានៅខេត្តពោធិ៍សាត់ ថាមពលស្អាតដទៃទៀតនៅកម្ពុជា រួមមាន ស្ថានីយសូឡានៅបាវិត ដែលបញ្ចេញថាមពល ១០មេហ្គាវ៉ាត នៅកំពង់ស្ពឺ ៨០មេហ្គាវ៉ាត នៅកំពង់ឆ្នាំង ៦០មេហ្គាវ៉ាត និង៥មេហ្គាវ៉ាតទៀតចេញពីស្ថានីយថាមពលសូឡាខ្នាតតូចនៅបាវិត៕