អស្ចារ្យណាស់! ក្រុងសៀមរាប និងប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ក្រោយការសាងសង់ផ្លូវទំាង៣៨ខ្សែបញ្ចប់នៅឆ្នំា២០២១ ចង់ដឹងច្បាស់សូមទស្សនារូបភាព!
គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនៅសៀមរាប បានបើកការដ្ឋានជាស្ថាពរហើយ ក្រោមអធីបតីភាពរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី ព្រឹកថ្ងៃទី ៣០ វិច្ឆិកានេះ។
ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកក្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។
តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។
ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះ នឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
ខ្សែផ្លូវសរុបទាំង៣៨ នេះមានប្រវែង ១០៨,៧៤ គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៤០លានដុល្លារអាមេរិក។ គម្រោងនេះនឹងសាងសង់រយៈ ១៣ខែ ដោយគ្រោងនឹងនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។
បន្ថែមពីនេះ ថវិការប្រមាណ ៩ លានដុល្លារអាមេរិកទៀត នឹងត្រូវបានចំណាយសម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ នេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ «ដើម្បីធានាគុណភាពនៃការសាងសង់ផ្លូវទាំង៣៨ ខ្សែនេះឱ្យស្របនឹង បទដ្ឋាន និងលក្ខណៈបច្ចេកទេសតាមប្រភេទខ្សែផ្លូវនីមួយៗ គណៈកម្មការអន្តរក្រសួង បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការងាររបស់អ្នកទទួលការ និងមានក្រុមការងារត្រួតពិនិត្យបច្ចេកទេសអន្តរក្រសួងចំនួន៩ទៀត ជាសេនាធិការដែលមានភារកិច្ចប្រចាំការនៅតាមការដ្ឋាននីមួយៗ ផងដែរ។»
នៅថ្ងៃដដែលនេះ សម្ដេចបានសម្រេចបង្វែរថវិកា ៥ លានដុល្លា ដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសីហនុមកកែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩ គីឡូម៉ែត្រ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តនេះផងដែរ៕