ពលរដ្ឋសម្រុកនាំគ្នាទៅបង់ពន្ធយានយន្ដយ៉ាងណែនតាន់តាប់ ខណៈសម្ដេច ហ៊ុន សែន ទើបតែប្រកាសមិនឲ្យមានការជួបជុំគ្នាច្រើន
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ជាថ្ងៃចុងក្រោយនៃកាតព្វកិច្ចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ នេះ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ។
អគ្គនាយកដ្ឋានពន្ធដារ ថ្លែងថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ ទេ ម្ចាស់យានយន្តនឹងត្រូវទទួលរងទោ សទណ្ឌតាមច្បាប់ ស្តីពីសារពើពន្ធជាធរមាន ។
ជាមួយគ្នានេះ បងប្អូនយើងក៏អាចបង់ពន្ធ នៅសាខាពន្ធដារខេត្ត-ខណ្ឌ ធនាគារ កាណាឌីយ៉ា អេស៊ីលីដា កម្ពុជាសាធារណៈ និង ផ្សេងៗទៀត ផងដែរ ដើម្បីចៀសវាងនូវការកកស្ទះ និង ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំអោយកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយ ។
ទោះបីយ៉ាងណា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃចុងក្រោយនៃកាតព្វកិច្ចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋ បានសម្រុកទៅបង់ពន្ធ ដោយធ្វើការប្រជ្រៀតគ្នា និង មានហា និ ភ័ យបំផុត បញ្ហាជំងឺកូវីដ-១៩ ។
ដោយកាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រកាសថា សូមអោយផ្អាកការជួបជុំ ឬ ការប្រជុំ ឬ ការរៀបអាពាហ៍ពិពាហ៍ ដែលមានមនុស្សច្រើនចូលរួម ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
មជ្ឈដ្ឋានមួយចំនួន មើលឃើញថា រយៈពេលនៃការបង់ពន្ធ គឺ មានយូរថ្ងៃណាស់មកហើយ តែហេតុអ្វី ដល់ថ្ងៃចុងក្រោយ ទើបប្រជាពលរដ្ឋសម្រុកគ្នាមកបង់ពន្ធបែបនេះ ? ដែលនេះគឺជាប្រការដ៏ហានិភ័យបំផុតក្នុងការចម្លងវីរុសកូវីដ-១៩ ៕