គម្រោងចំណតយន្តហោះលើទឹក គ្រោងនឹងបង្កើតឡើងនៅទន្លេស្រែពក ខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ ក្រសួងទេសចរណ៍ បានបង្ហាញផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដោយសារខេត្តនេះ សម្បូរទីតាំងភូមិសាស្ត្រ និងមានសក្តានុពលសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ពិសេសភ្ញៀវទេសចរអន្តរជាតិតែម្ដង។
ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិគ្រោះយោបល់លើសេចក្ដីព្រាងលើកទី៣ នៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងទេសចរណ៍, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា តំបន់ប្រជុំជនស្រុកកោះញែក មានសក្ដានុពលជាតំបន់កសិទេសចរណ៍ ពិសេសអាចរៀបចំជាចំណតយន្តហោះលើទឹក (Water Plane) នៅទន្លេស្រែពក នៃស្រុកកោះញែក។
លោករដ្ឋមន្ត្រីទេសចរណ៍បន្តថា ថ្វីដ្បិតទន្លេស្រែពកមិនអំណោយផលដល់ការធ្វើនាវាចរទេសចរណ៍ ឬដឹកជញ្ជូនមិនបានក៏ពិតមែន (ដោយសារសម្បូរថ្មប៉ប្រះទឹក) តែគេ អាចរៀបចំជាចំណតយន្តលើទឹក ដូចបណ្ដាប្រទេសមួយចំនួន ដែលឱ្យយន្តហោះហោះហើរមកកាន់តំបន់បឹងទន្លេសាប ឬទៅកាន់កោះរ៉ុងបានថែមទៀតផង។
ក្នុងកិច្ចប្រជុំនោះដែរ លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍ បានបង្ហើបថា ផែនការអភិវឌ្ឍប៉ូលទេសចរណ៍ធំៗចំនួន ៦ ត្រូវបានគណៈកម្មការអន្តរក្រសួងជ្រើសរើសកំណត់ និងដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២០-២០៣៥។ ប៉ូលទេសចរណ៍ធំៗទាំង ៦ រួមមាន៖
តំបន់អេកូទេសចរណ៍ក្នុងដែនជម្រកសត្វព្រៃ តំបន់របៀងអេកូទេសចរណ៍និងទេសចរណ៍ជនជាតិដើមភាគតិច តំបន់ក្រុងសែនមនោរម្យ តំបន់អាកាសយានដ្ឋានមណ្ឌលគិរីនៅស្រុកអូររាំង តំបន់សមាហរណកម្មច្រកទ្វារព្រំដែន និងតំបន់ប្រជុំជនស្រុកកោះញែក ខាងលើផ្ទាល់តែម្តង។
លោក ថោង ខុន បានបន្តថា ក្រុមការងារជំនាញនឹងសរសេរបន្ថែមនូវធាតុចូលសំខាន់ៗមួយចំនួនទៀតពីអន្តរក្រសួង-ស្ថាប័ន ដើម្បីរៀបចំជាសេចក្ដីព្រាងចុងក្រោយ នឹងបន្តដាក់ជូនគណៈកម្មការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិនៅចុងខែធ្នូ ឆ្នាំ២០២០។ បន្ទាប់ពីបានឯកភាពពីគណៈកម្មការនេះហើយ នឹងបន្តដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំ២០២១ ខាងមុខ៕