គ្រាន់តែផ្ទុះព័ត៌មានកូរ៉េជួយធ្វើស្ពាន ដីនៅតំបន់អរិយក្សត្រចាប់ផ្ដើមឡើងថ្លៃបណ្ដើរៗបាត់
តម្លៃដីក្នុងតំបន់អរិយក្សត្រចាប់ផ្ដើមមានសន្ទុះឡើងវិញជាបណ្ដើរៗ បន្ទាប់ពីមានការផ្ទុះព័ត៌មានពីគម្រោងជួយសាងសង់ស្ពានពីតំបន់ជ្រោយចង្វារ ទៅតំបន់ស្វាយជ្រុំ ពីសំណាក់សាធារណរដ្ឋកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ ទោះបីមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយក្ដី។
ភ្នាក់ងារអចលនទ្រព្យមួយរូបបានប្រាប់ឲ្យដឹងថា គ្រាន់តែមានដំណឹងពីការសាងសង់ស្ពានភ្លាម តម្លៃដីក្នុងតំបន់នោះចាប់ផ្ដើមហក់ឡើងភ្លាមៗតែម្ដង បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈកាលពីមុនកូវីដ១៩ ដោយសារតែលើកនេះប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសដោយផ្ទាល់តែម្ដងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ នៅប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ។
មូលហេតុដែលធ្វើឲ្យដីនៅតំបន់នេះឡើងថ្លៃ ដោយសារតែតំបន់នេះនឹងកាន់តែគៀកជាមួយរាជធានីភ្នំពេញ ហើយវាក៏នឹងក្លាយជាតំបន់ដែលទាក់ទាញការវិនិយោគកាន់តែច្រើនផងដែរ បើសិនជាស្ពានត្រូវបានសាងសង់ភ្ជាប់តំបន់ទាំងពីរនេះមែន។
សូមបញ្ជាក់ថា តម្លៃដីបានឡើងខ្ពស់ខ្លាំងរហូតដល់ជិរ ១០០ដុល្លារឯណោះក្នុងមួយម៉ែត្រការ៉េសម្រាប់ដីចំការ ហើយចំពោះដីលំនៅដ្ឋាន និងដីពាណិជ្ជកម្មបានឡើងដល់ ៣០០ដុល្លារ ទៅ ៧៥០ដុល្លារឯណោះក្នុងមួយម៉ែត្រការ៉េ។ មិនតែប៉ុណ្ណោះ តម្លៃនេះអាចនឹងកើនឡើងលើសនេះថែមទៀតផង បើដំណឹងសាងសង់ស្ពានកាន់តែច្បាស់ជាងនេះ។