សម្ដេច ហ៊ុន សែន៖ កម្ពុជានាំចេញទំនិញសម្រេចបានទំហំទឹកប្រាក់ ២២ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងឲ្យដឹងថាការនាំចេញរបស់កម្ពុជាគិត ត្រឹមម្សិលមិញសម្រេចបានទំហំទឹកប្រាក់ ២២ ពាន់លានដុល្លារអាមេរិកកើនឡើងចំនួន ១៨ ភាគរយ ។ សម្តេចបានរំពឹកទុកថាសេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះ ឡើងវិញនៅឆ្នាំ ២០២១ ខាងមុខខណៈឆ្នាំ ២០២០ នេះសេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះដល់ចំណុចអវិជ្ជមានដោយសារវិបត្តិកូវីដ១៩ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដោយសុទិដ្ឋិនិយមបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាលនិងមេធាវីស្ម័គ្រចិត្តសម្តេច តេជោសែន នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ២០២០ នៅទីស្តីការនាយករដ្ឋមន្ត្រី ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«ខ្ញុំគិតថាសន្ទុះនៅឆ្នាំ២០២១នឹងមានសន្ទុះឡើងវិញ (កំណើនសេដ្ឋកិច្ច) ។ ឆ្នាំនេះបើទោះបីជាចំណូល មានការបាត់បង់ក៏ប៉ុន្តែមកដល់ពេលនេះចំណូលដែលយើងទទួលបានគឺមានប្រមាណជាង ៤,៥០០លានដុល្លាររួចស្រេចទៅហើយក្នុងនោះចំណូលបានមកពី ពន្ធដារប្រមាណ២,៥០០លានដុល្លារ,ចំណូលបានមកពីគយបានប្រមាណ២,១០០លានដុល្លារ ។
អីចឹងវាអាចទៅគៀកនឹង ៥,០០០ លានដុល្លារនៃចំណូល ថវិកាចរន្តនៅក្នុងឆ្នាំនេះឯសាច់ប្រាក់ដែលយើងសល់សន្សំយើងបានយកទៅចំណាយក្នុងចំនួនតិចតួចឥឡូវបន្តឲ្យយើងនៅសល់ក្នុងដៃប្រមាណ៣,០០០លានដុល្លារ »។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ឆ្នាំនេះទោះបីយ៉ាងណាក៏ដោយយើងបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាកច្រើន កូវីត ទឹកជំនន់ ព្រឹត្តិការណ៍ ៣ វិច្ឆិកា។សេដ្ឋកិច្ចរបស់យើងអវិជ្ជមាន ប៉ុន្តែទំហំនៃការនាំចេញរបស់យើងបានកើនដល់១៨ភាគរយស្មើនឹង២២ពាន់លានដុល្លារ។
អញ្ចឹងកូវីដអាចបំផ្លាញយើងប៉ុន្តែកូវីដមិនអាចសម្លា ប់យើងបានទេ ដូចនេះទាមទារឲ្យយើងត្រូវធ្វើសកម្មភាពព្រមព្រមគ្នា។សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏បានថ្លែងសូមការយោគយល់ពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលឆ្នាំ២០២១ រាជរដ្ឋាភិបាលមិនអាចដំឡើងប្រាក់បៀវត្សជូនបានទេដោយរក្សាទុកនូវអត្រាដដែលដូចឆ្នាំ២០២០ ។
ប៉ុន្តែឆ្នាំ២០២១រាជរដ្ឋាភិ បាលនៅរក្សាការដំឡើងប្រាក់ចូលនិវត្តន៍សម្រាប់អតីតយុទ្ធជននិងមន្ត្រីរាជការដែលបានចូលនិវត្តន៍មុនៗដើម្បី ឱ្យប្រាក់សោធននិវត្តន៍នេះមានប្រហាក់ប្រហែលអ្នកទើបចូលនិវត្តន៍ក្រោយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា៖ចំពោះកម្មករកម្មការិនីតាមរោងចក្រគឺដំឡើងប្រាក់ខែបានតែ២ដុល្លារប៉ុណ្ណោះពី១៩០ទៅ១៩២ដុល្លារក្នុងដំណាក់ការកូវីដ ។ សម្តេចបានឲ្យដឹងទៀតថាឥឡូវនេះយើងបានកាត់បន្ថយនូវការចំណាយចិញ្ចឹមកម្មករដែលមុននេះមានប្រមាណ ១៥ ម៉ឺននាក់មកនៅត្រឹមតែប្រមាណ ៥ ម៉ឺននាក់តែប៉ុណ្ណោះដោយសាររោងចក្រនានាបានបើកដំណើរការឡើងវិញ ខ្លះក៏បានបើកថ្មី ដែលក្នុងនោះមានកម្មករបុគ្គលិកសណ្ឋាគារប្រហែលជា ១ ម៉ឺននាក់ ។
ប៉ុន្តែរាជរដ្ឋាភិបាលក៏ត្រូវទទួលបន្ទុកចិញ្ចឹមប្រជាជនរបស់ដែលរងផលប៉ះពាល់ដោ យសារកូវីដ១៩នេះរហូតដល់ទៅ៦៧ម៉ឺនគ្រួសារស្មើនឹងមនុស្សប្រមាណ៣លាននាក់ ។ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាជិត២០០លានដុល្លារហើយសម្រាប់ការបើកផ្ដល់ឱ្យទាំងអ្នកមានផ្ទៃពោះដែលយើងនៅតែបន្តឧបត្ថម្ភបន្ថែមទៀត បូករួមជាមួយការបន្តរ៉ែកពន្ធមនុស្សជាង ៣លាននាក់ទៀត ។
សម្តេចបន្តថាកម្ពុជាពិតជាមានសំណាងដោយសារតែរាជរដ្ឋាភិបាលបានសន្សំសាច់ប្រាក់បានជាង៣០០០លានដុល្លារ។ រាជរដ្ឋាភិបាលក៏នឹងបញ្ចេញសាច់ប្រាក់ប្រមាណ ១៥០លានដុល្លារដើម្បីធ្វើផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបបន្តទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថាយើងមិនមែនជាប្រទេសអ្នកមានប៉ុន្តែរបៀបដឹកនាំចាត់ចែងប្រទេសមួយប្រៀបដូចជាស្ត្រីមេផ្ទះដែលមានភាពប៉ត់ចត់បំ ផុតណាគួរចាយ,ណាមិនគួរចាយ,ណាលៃទុកសម្រាប់ស្បៀងអាហារ,ណាទុកសម្រាបខោអាវកូនគឺត្រូវមានរបៀបចាត់ចែងច្បាស់លាស់ណាស់អញ្ចឹងបានជាយន្តការអគ្គមេបញ្ជាការតែមួយគឺជាជោគជ័យនៃកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជាដែលយើងមានសមត្ថភាពដោះស្រាយយកទៅចែកជូនប្រជាជន ។
សម្តេចតេជោបន្តថារាជរដ្ឋាភិបាលនឹងបន្តឧបត្ថម្ភដល់ប្រជាជនក្រីក្រ និង កម្មករ នៅខែ១១ និងខែ ១២ បន្តទៀតប្រសិនជាកូវីដមិនត្រូវបានបញ្ចប់ទេនោះ ហើយដែលមុននេះយើងត្រៀមធ្វើរយៈពេល ១0 ខែ ។ សម្តេចតេជោបានឲ្យដឹងទៀតថាពីដំបូងយើងគិតថាចំណាយត្រឹម ២៥ លានដុល្លារក្នុងមួយខែ។ប៉ុន្តែ ឥឡូវយើងចាយរហូតដល់ជាង ៣០លានដុល្លារក្នុងមួយខែ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងចំអកឲ្យពួកអ្នកវិភាគក្រៅច្បាប់ថា៖ កម្ពុជាមិនទាន់ដល់ដំណាក់កាលស្លាប់ទេមានអ្នកខ្លះនិយាយថាបន្តិចទៀតកម្ពុជាងាប់ហើយដោយសារកាត់ EBAចំនួន២០ភាគរយ ។
សម្តេចលើកឡើងថាបើពិនិត្យលើមុខទំនិញរបស់កម្ពុជាពាក់ព័ន្ធនៅទីផ្សារនៅអឺរ៉ុបគឺមានតិចតួចណាស់អញ្ចឹងវាមិនមានអ្វីនោះទេ។ កូវីដក៏មិនអាចសម្លាប់យើងបាន អេប៊ីអេ២០ភាគរយក៏មិនអាចសម្លាប់យើងបានដែរ។អញ្ចឹងផ្ដល់ឱកា សឱ្យប្រជាពលរដ្ឋរបស់យើងពិសេសក្នុងវិស័យកសិកម្មកំពុងមានកំណើនការធ្វើស្រូវបានល្អពិតមែនតែវាខូចខាតតែយើងស្ដារឡើងវិញដោយត្រូវមានការជួយអន្តរាគមន៍បញ្ហាទឹកព្រោះកន្លែងខ្លះមានកន្លែងខ្លះក៏ខ្វះទឹកយើងត្រូវត្រៀមអន្តរាគមន៍នៅពេលខាងមុខ ៕