គម្រោងសិក្សាសាងសង់រថភ្លើងល្បឿនលឿនភ្នំពេញ សៀមរាប ប៉ោយប៉ែត ហាក់ដូចជាស្ងប់ស្ងាត់???
ភ្នំពេញៈ គំរោងសិក្សាសាងសង់រថភ្លើងល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប និងតភ្ជាប់ទៅកាន់ទីក្រុងប៉ោយប៉ែត ហាក់ស្ថិតក្នុងមន្ទិលឬភាពមិនច្បាស់លាស់នៅឡើយ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា គំរោងសិក្សាលើផែនការសាងសង់ខ្សែរថភ្លើងល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងសៀមរាប និងក្រុងប៉ោយប៉ែត លោកមិនមានព៌តមានជាក់លាក់នៅឡើយទេ។
លោកបន្តថា “ទោះបីជាមានក្រុមហ៊ុនសិក្សា ក៏គេមិនទាន់ទម្លាក់ឬបញ្ចេញរបាយការណ៍មកក្រសួងនៅឡើយ ហេតុនេះខ្ញុំមិនទាន់បានទទួលព៌តមាន ពីគំរោងនេះសិក្សាចប់ឬយ៉ាងណាឡើយ”។
ទោះជាយ៉ាងណានាពេលកន្លងមក ក្រុមហ៊ុនចិនមួយចំនួនធ្លាប់បានជួបជាមួយលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីស្នើសុំសិក្សាគំរោងដ៏ធំ និងទំនើបនេះ ហើយជាលទ្ឋផលក្រសួងបានអនុញ្ញាត្តឲ្យក្រុមហ៊ុនចិនសិក្សាលើគំរោងនេះ ប៉ុន្តែលទ្ឋផលបែបណាមិនទាន់ មានការបញ្ជាក់ពីលោកទេសរដ្ឋមន្រ្តីថាបានបញ្ចប់ឬយ៉ាងណានៅឡើយទេ។
ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណធ្លាប់បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលត្រូវការការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ កាន់តែច្រើន ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ដោយសារបញ្ហាហេដ្ឋារចនាសម្ព័ន្ឋ ជារឿងប្រឈមមួយក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។
លោកបន្តថា បញ្ហាហេដ្ឋារចនាសម្ព័ន្ឋបានធ្វើឲ្យការដឹកជញ្ជូនមានតម្លៃថ្លៃនៅកម្ពុជា ធៀបជាមួយប្រទេសក្នុងតំបន់ ហេតុនេះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជារឿងចាំបាច់ ហើយរដ្ឋាភិបាលបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្ម ប៉ុន្តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋត្រូវការពេលយូរ មិនមែបសង់ចប់មួយខែឬមួយថ្ងៃទេ។
លោកបន្តថា “ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ដែលជាតម្រូវការចាំាំបាច់សំរាប់រុញសេដ្ឋកិច្ចកម្ពុជា ទៅកាន់ដំណាក់កាលថ្មីមួយទៀត”។
គួររំលឹកផងដែរថាកាលពីឆ្នំា២០១៨ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុល បានបង្ហើបឲ្យដឹងថា នាពេលអនាគតកម្ពុជានឹងមានរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ប៉ោយប៉ែត និងពីភ្នំពេញទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង។
លោក ស៊ុន ចាន់ថុល បានបន្តឲ្យដឹងកាលពីពេលកាលណោះថា នៅពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនឯកជន កំពុងតែសិក្សាទៅលើគម្រោវិនិយោគ ផ្លូវរថភ្លើងល្បឿនលឿនកម្រឹតស្តង់ដារអន្តរជាតិចំនួន2ខ្សែ ដោយខ្សែទី1 ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងសៀមរាប និងបន្តទៅដល់ព្រំដែនកម្ពុជា-ថៃ ដែលស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មួយខ្សែទៀតចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។
លោកបន្តទៀតថា បច្ចុប្បន្នផ្លូវរថភ្លើងនៅកម្ពុជា មិនអាចរត់ក្នុងល្បឿនលឿននៅឡើយទេ ដោយសារមិនទាន់ស្របតាមស្តង់ដារអន្តរជាតិ ពោលគឺប្រវែងទទឹងផ្លូវមានត្រឹមតែ១ម៉ែត្រ។ ប្រសិនបើចង់រត់ក្នុងល្បឿនលឿនត្រូវពង្រីកឲ្យបាន១.៤៣៥ម៉ែត្រទើបស្របតាមស្តង់ដារអន្តរជាតិ។ ដូច្នេះហើយទើបមានក្រុមហ៊ុនឯកជន ស្នើសុំសិក្សាផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅសៀមរាប ហើយបន្តទៅក្រុងប៉ោយប៉ែត និងទៅក្រុងបាវិត ដែលមានទទឹងផ្លូវប្រវែង១.៤៣៥ម៉ែត្រ។
ទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលនៅមិនទាន់ឯកភាពនៅឡើយ ប៉ុន្តែប្រសិនក្រុមហ៊ុនឯកជនសាងសង់ផ្លូវដែកជាប្រភេទ BOT នោះប្រាកដជាឯកភាពមិនខាន។
រថភ្លើងនៅកម្ពុជានាពេលបច្ចុប្បន្ន មានលទ្ធភាពសាងសង់និងដាក់ឲ្យដំណើរការនូវផ្លូវនិងខ្សែរថភ្លើងត្រឹមល្បឿនមធ្យម ជាក់ស្តែងដូចជា ខ្សែរថភ្លើងពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ មានល្បឿនត្រឹម60គីឡូម៉ែត្រក្នុងមួយម៉ោង។
ដោយឡែក សម្រាប់ផ្លូវរថភ្លើងល្បឿនលឿនចំនួន2ខ្សែ ពីភ្នំពេញឆ្ពោះទៅក្រុងសៀមរាប-ប៉ោយប៉ែត និងពីភ្នំពេញឆ្ពោះទៅក្រុងបាវិត គឺមានល្បឿន100-200គីឡូម៉ែត្រក្នុងមួយម៉ោង៕