ចិនឌី៩ដែរហ្នឹង!តំណាងរដ្ឋាភិបាល​ចិនអះអាងថា ខ្លួនគ្មានទ្រព្យតម្កល់ទុកនៅអាមេរិក​សូម្បីតែ១សេន ដូច្នេះទណ្ឌកម្មគឺជារឿងឥតប្រយោជន៍

(ហុងកុង)៖ លោក លូ ហ៊ុយនីង (Luo Huining) ប្រធានការិយាល័យតំណាងរដ្ឋាភិបាលចិន ប្រចាំនៅទីក្រុងហុងកុង បានអះអាងថា ខ្លួនលោកគ្មានទ្រព្យសម្បត្តិតម្កល់ទុក នៅក្នុងសហរដ្ឋអាមេរិកឡើយ ដូច្នេះទណ្ឌកម្មពីសំណាក់អាមេរិក គឺឥតប្រយោជន៍នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០។
លោក លូ ហ៊ុយនីង បានលើកឡើងឆ្លើយតបនឹងទណ្ឌកម្ម ដែលត្រូវបានប្រកាសចេញដោយ​ក្រសួងរតនាគារជាតិអាមេរិកយ៉ាងដូច្នេះថា «នៅពេលដែលខ្ញុំត្រូវបានចុះទៅក្នុង​បញ្ជីទណ្ឌកម្មនៃសហរដ្ឋអាមេរិក នោះវាមានន័យថា ខ្ញុំបានធ្វើអ្វីដែលខ្ញុំគួរធ្វើសម្រាប់ប្រទេសរបស់ខ្ញុំ និងទីក្រុងហុងកុងហើយ។ ខ្ញុំគ្មានទ្រព្យសម្បត្តិសូម្បីតែមួយកាក់មួយសេន​នៅបរទេស។ តើវាមិនមែនជាការខិតខំប្រឹងប្រែងដាក់ទណ្ឌកម្ម ដោយខ្ជះខ្ជាយទេឬ?»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចចិត្តដាក់ទណ្ឌកម្មលើអភិបាលទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) និងមន្ត្រីក្រោមឱវាទមួយចំនួនទៀត ពីបទបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិសេរីភាពផ្នែកនយោបាយ នៃប្រជាជនរស់នៅលើទឹកដី ទីក្រុងស្វយ័តរបស់ចិនមួយនេះ។

ការកត់ឈ្មោះផ្នាក់ដឹកនាំកំពូលៗរបស់ហុងកុង ខាងលើនេះចូលទៅក្នុងបញ្ជីខ្មៅ​បានកើតមានឡើង​ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃខែកក្កដាកន្លងទៅនេះ បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ទណ្ឌកម្មចិន​ដែលបានបញ្ចេញច្បាប់សន្តិសុខជាតិថ្មី និងដាក់ឲ្យអនុវត្តជាផ្លូវការលើទីក្រុងស្វយ័តមួយនេះ។

បើតាមប្រភពពីសេតវិមានអាមេរិក លោកស្រី ខារី ឡាំ, អគ្គស្នងការប៉ូលិសហុងកុងលោក គ្រីស ថាំង (Chris Tang) ព្រមទាំងមន្ត្រីសន្តិសុខ និងយុត្តិធម៌ជាន់ខ្ពស់នៅទីក្រុងនេះ ត្រូវបានបង្កកទ្រព្យសម្បត្តិដែលពួកគេមាន ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ហើយជនជាតិអាមេរិកាំងនានា មិនអាចធ្វើទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយមន្ត្រីហុងកុងទាំងអស់នេះបានទៀតឡើយ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង