រដ្ឋាភិបាលចំណាយទឹកប្រាក់៦៥លានដុល្លារជួសជុលផ្លូវជនបទចំនួន៥៥៣ខ្សែ ដែលខូចខាតដោយសារគ្រោះទឹកជំនន់!
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានឹងចំណាយកប្រាក់ប្រមាណ៦៥លានដុល្លារ ទៅលើការជួសជុលផ្លូវជនបទ ដែលខូចខាតដោយសារគ្រោះទឹកជំនន់ កាលពីពេលកន្លងទៅឡើងវិញចំនួន៥៥៣ ខ្សែនៅទូទាំងប្រទេសកម្ពុជា ស្មើនឹងប្រមាណ ៤៥០០គីឡូម៉ែត្រ ។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍កន្លទៅនេះថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២០ ផ្លូវនៅតាមទីជនបទទូទាំងប្រទេសមានចំនួន៥៥៣ខ្សែ ស្មើនឹងប្រមាណ ៤៥០០គីឡូម៉ែត្រដែលទទួលរងនូវការខូចខាត ដោយសារតែគ្រោះជំនន់ទឹកភ្លៀង ដោយគ្រោងនឹងប្រើប្រាស់ថវិការដ្ឋប្រមាណ៦៥លានដុល្លារ សម្រាប់ជួសជុល និងស្ដារឱ្យមានភាពល្អប្រសើរឡើងវិញ។
លោកបញ្ជាក់ថា ក្នុងចំណោមផ្លូវជនបទ ដែលរងការខូចខាតទាំង៥៥៣ខ្សែនេះ បច្ចុប្បន្នក្រសួង បានកំណត់យកផ្លូវ ដែលរងការខូចខាតធ្ងន់ធ្ងរជាងគេចំនួន ២៦១ ខ្សែ ប្រវែងសរុប២៣០០គីឡូម៉ែត្រ ជាអាទិភាពសម្រាប់ធ្វើការជួសជុលមុនគេនៅក្នុងខេត្តចំនួន១០រួមមាន ៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង កំពង់ធំ កំពង់ស្ពឺ សៀមរាប កំពង់ឆ្នាំង កណ្ដាល និងខេត្តកំពង់ចាម។
រហូតមកដល់ពេលនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកការដ្ឋានជួសជុលផ្លូវក្រាលក្រួសក្រហម ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងជាលក្ខណៈបន្ទាន់បានចំនួន១២ខ្សែប្រវែងសរុប១១០គីឡូម៉ែត្រ ក្នុងនោះក៏មានលូដោះទឹក និងស្ពានបេតុងមួយកន្លែងប្រវែង៣០ម៉ែត្រ។
យុទ្ធនាការជួសជុលផ្លូវជនបទ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងរដូវវស្សាឆ្នាំនេះ គឺជាយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីកម្ពុជា ដែលធ្វើយ៉ាងណាដើម្បីតភ្ជាប់ផ្លូវទាំងនោះ ឱ្យមានភាពល្អប្រសើរឡើងវិញ សម្រាប់ជួយគាំទ្រដល់ជីវភាពរស់នៅទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គមកិច្ចរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទទូទាំងប្រទេសកម្ពុជា៕