ក្រុមហ៊ុនចិនមួយគ្រោងបោះទុន១០០០លានដុល្លារបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅខេត្តស្វាយរៀង
ស្វាយរៀងៈ ក្រុមហ៊ុនអភិវឌ្ឍន៍ និងវិនិយោគចិនដ៏ធំមួយ បានចុះហត្ថលេខាភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយសមាគមឧស្សាហកម្មការពារបរិស្ថាននៅកម្ពុជា (Epiac) រួចរាល់ ក្នុងការអនុវត្តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅលើផ្ទៃដីទំហំប្រមាណ ៤៥០ហិកតា ក្រោមទុនវិនិយោគទំហំ១០០០លានដុល្លារ។
ក្រុមហ៊ុន QiLu (Cambodia) Special Economic Zone Co Ltd អ្នកអភិវឌ្ឍន៍ និងប្រតិបត្តិករសួនឧទ្យានឧស្សាហកម្ម QiLu (ខេមបូឌា) ដែលគ្រប់គ្រងដោយជនជាតិចិន ក្នុងសប្តាហ៍នេះ បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយសមាគមឧស្សាហកម្មការពារបរិស្ថាននៅកម្ពុជា (Epiac) ។
ប្រធានក្រុមហ៊ុន QiLu លោក Xing Baoguo បានមានប្រសាសន៍ថា រដ្ឋាភិបាលបានចេញអនុក្រឹត្យតាំងពីថ្ងៃទី២៨ ខែមីនាឆ្នាំ ២០១៧ បង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ។ គម្រោងមួយនេះនឹងត្រូវសាងសង់ជា៣ ដំណាក់កាល ដោយដំណាក់កាលទី១ នឹងត្រូវដាក់នៅលើផ្ទៃដី ២១៥ ហិកតា ដំណាក់កាលទី២ នឹងមានទំហំ១៤៥ ហិកតា ហើយដំណាក់កាលទី៣ នឹងបន្ថែម ៩០ហិកតា។
ដោយឡែកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនេះ ក៏មានការបែងចែកតំបន់ដាច់ដោយឡែកពីគ្នាផងដែរ ដូចជា តំបន់ឧស្សាហកម្មនឹងត្រូវចែកជា ៦ ផ្នែក រួមមានសម្លៀកបំពាក់ វាយនភ័ណ្ឌ ផលិតផលឧស្សាហកម្មធុនស្រាល គ្រឿងម៉ាស៊ីន សម្ភារៈសំណង់ និងសារធាតុគីមី។
ជាមួយគ្នានេះដើម្បីធានាថា ធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងដើរតួជាត្រីវិស័យនៅក្នុងគម្រោងតំបន់ឧស្សាហកម្មបន្ថែម ក្រុមហ៊ុនបានដាក់អេកូឡូស៊ី និងបរិស្ថានស្ថិតនៅកំពូល នៃរបៀបវារៈផែនការអភិវឌ្ឍរបស់គម្រោង។
ជាមួយនឹងគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដែលមានតម្លៃ១០០០ដុល្លារមួយនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា រាល់គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់ សុទ្ធតែផ្តល់នូវផលប្រយោជន៍ទាំងសេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងតំបន់។ ដោយឡែកសម្រាប់គម្រោងអភិវឌ្ឍន៍ ដែលមានតម្លៃយ៉ាងសន្ធឹកសន្ធាប់មួយនេះ លោកបានបង្ហាញពីក្ដីសាទរ និងជំរុញអនុវត្តឱ្យបានកាន់តែលឿន កាន់តែល្អបំផុត។
លោកឧកញ៉ាបានបញ្ជាក់ថា “ប្រសិនបើគម្រោងមួយនេះមានពិត ហើយនឹងត្រូវបានអនុវត្តពិត និងប្រកបដោយសុក្រឹតភាព វាគឺជាមហាសំណាងរបស់ប្រជាជននៅក្នុងតំបន់ពាក់ព័ន្ធនៃខេត្តស្វាយរៀង ជាពិសេសបង្កភាពងាយស្រួល និងកាន់តែអាចទាក់ទាញវិនិយោគិនមកបន្ថែមទៀត” ។
លោកបន្តថា “ប៉ុន្តែខ្លាចតែជាការលើកពីគម្រោងហើយការអនុវត្ត មិនបានកំណត់នូវពេលវេលាជាក់លាក់ ដែលវាអាចនឹងក្លាយជាបញ្ហាដល់អ្នកវិនិយោគនៅក្នុងវិស័យពាក់ព័ន្ធ ឬអាចបង្កហានិភ័យដល់អ្នកជំនួញខ្នាតតូច និងមធ្យម ដែលទិញអចលនវត្ថុទុកវិនិយោគយកចំណេញតាមគ្នា” ។
ដូច្នេះសម្រាប់អ្នកវិនិយោគ ក្នុងវិស័យដីធ្លីក៏ត្រូវពិចារណា និងសិក្សាពីគម្រោងឱ្យបានច្បាស់មុនពេលសម្រេចចិត្ត៕