អភិបាលស្រុកបន្ទាយស្រី កំពុងរៀបចំបឹងធម្មជាតិឱ្យក្លាយជារមណីយដ្ឋានផ្ទះស្នាក់បៃតង
សៀមរាប៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បាននឹងកំពុងរៀបចំបឹងធម្មជាតិ ឱ្យក្លាយជារមណីយដ្ឋានផ្ទះស្នាក់បៃតង ដែលមើលទៅគួរឱ្យទាក់ទាញមិនចាញ់ផ្កា Lavender របស់បរទេសឡើយ ដែលនេះជាយន្តការអភិវឌ្ឍក្នុងមូលដ្ឋាន។
លោក ឃឹម ហ្វីណង់ បានឱ្យថ្លែងថា “ផ្កាត្រកៀត ផ្កាកំប្លោក” សម្រស់បុប្ផាជនបទ ស្អាតហើយឆ្ងាញ់ កំពុងតែរីកឡើងយ៉ាងរហង់នៅក្នុងបឹងមួយនៃរមណីយដ្ឋានផ្ទះស្នាក់បៃតង មើលទៅគួរឱ្យទាក់ទាញមិនចាញ់ផ្កា Lavender របស់បរទេសឡើយ។ ធម្មតាគេកាត់យកផ្កាទាំងនេះទៅលក់ ឬយកទៅធ្វើជាអន្លក់ហូបជាមួយទឹកគ្រឿង តែម្ចាស់រមណីយដ្ឋានប្រាប់ថា លើកនេះមិនកាត់លក់ទេ ទុកគ្រាន់ពុកម៉ែបងប្អូនមកថតរូបលេងកម្សាន្ត។លោកថា ទៅលេងបន្ទាយស្រី ផ្ទះស្នាក់បៃតង ផ្កាកំប្លោក។
សូមបញ្ជាក់ថា កំប្លោក ឬត្រកៀតប៉ោង ជាស្មៅទឹកពួកត្រកៀត ភិនភាគដូចត្រកៀត ប៉ុន្ដែកាលដែលនៅតូច មានពកផ្ដួចជាប្លោកប៉ោងឡើង បន្ទាប់មកទើបបែកចេញពន្លកជាស្លឹក ព្រោះហេតុនោះទើបហៅថា ត្រកៀតប៉ោង។ ត្រកៀតមានប្រយោជន៍ច្រើន ផ្កាដែលអ្នកខ្លះយកធ្វើជាអន្លក់ ចំណែកឯធាងវាគេប្រើជាបន្លែក៏បាន។
ចំណែកធាង និងស្លឹកស្រស់គេប្រើជាចំណីឱ្យគោ ក្របី។ ធាងវាបើកាត់ហាលថ្ងៃឱ្យស្ងួតហើយប្រើការបានច្រើនប្រភេទ គឺវេញខ្សែចំណង ខ្សែចែវ ធ្វើអង្រឹង ធ្វើកន្ទេល ធ្វើសំពៀត ជាដើម។ កំប្លោកមានគ្រប់ទិសទីនៅតាមទីកន្លែងដែលមានទឹក ដូចជាស្រះជាដើម ហើយបានកើតកូនកើតចៅច្រើនស្ទើរពេញស្រះ។
លោក ឃឹម ហ្វីណង់ បន្តថា បើនិយាយពីសម្រស់វិញនោះ គឺថាពិតជារុក្ខជាតិដែលដុះលើផ្ទៃទឹកយ៉ាងស្រស់ស្អាត “ផ្កាហ្នឹងរីកបានជិតមួយខែ ហើយអស់ម្តងប្រហែលមួយអាទិត្យក្រោយរីកម្តងទៀត។ ម្ចាស់កន្លែងគាត់និយាយថាអត់កាត់ទេ ទុកឱ្យភ្ញៀវដែលមកកម្សាន្តថតរូបលេង”។ ទីតាំងផ្កាកំប្លោកនេះ គឺនៅផ្ទះស្នាក់បៃតង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕