រឿងចាស់តែត្រូវដឹង! ឆ្នាំ២០២៣ កម្ពុជានឹងមានព្រលានយន្តហោះអន្តរជាតិខ្នាតធំ២ដែលចំណាយលុយសាងសង់ជាង២ពាន់លានដុល្លារ។ ក្នុងនោះស្ថិតនៅខេត្តសៀមរាប១ផងដែរ។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីថ្ងៃទី ២៤ ខែមិថុនា បានចុះហត្ថលេខាលើផែនការមេសាងសង់ចុងក្រោយនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI)។ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣។ ឆ្នាំ២០២៣នេះ ក៏ជាឆ្នាំនៃការបញ្ចប់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅក្នុងខេតកណ្តាលផងដែរ។ ព្រលានយន្តហោះអន្តរជាតិទាំងពីរនេះ គ្រោងនឹងចំណាយថវិកាសាងសង់ជាង២ពាន់លានដុល្លារអាមេរិក។
បើគ្មានអ្វីប្រែប្រួលទេ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងមានព្រលានយន្តហោះអន្តរជាតិខា្នតធំថ្មីចំនួនពីរ គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) និង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
អាកាសយានដ្ឋានអន្តរជាតិនេះ កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment(AIAI) ដែលជាការវិនិយោគដោយក្រុមហ៊ុនចិនក្នុងទឹកប្រាក់ចំនួន ៨៨០លានដុល្លារ នៅលើផ្ទៃដី១,៧០០ហិកតា។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដែលមានរយៈពេលសាងសង់៣៦ខែ។
ចំណែក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីវិញ មានទីតាំងនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។អាកាសយានដ្ឋានអន្តរជាតិថ្មីនេះគ្រោងវិនិយោគក្នុងទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារទៀតជារបស់ក្រុមហ៊ុន CAIC របស់លោកឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ ខាងមុខ។ អាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចនឹងទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅក្នុងឆ្នាំ២០២៣, ៣០លាននាក់នៅក្នុងឆ្នាំ២០៣០ និង ៥០លាននាក់នៅក្នុងឆ្នាំ២០៥០។
ដោយឡែក អាកាសយានដ្ឋានអន្តរជាតិកងកេងក្នុងខេត្តព្រះសីហនុវិញ ក៏កំពុងត្រូវបានពង្រីកបន្ថែមផងដែរ។ អាកាសយានដ្ឋានអន្តរជាតិនេះកំពុងត្រូវបានសាងសង់ពង្រីកបន្ថែមដោយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានSCA ដោយគ្រោងពង្រីកអាចឱ្យយន្តហោះចុះចតបានច្រើនជាង១៣គ្រឿង និង អាចស្វាគមន៍វត្តមានប្រភេទយន្ដហោះធុនធំបាន។
អាកាសយានដ្ឋានអន្តរជាតិនេះនឹងបញ្ចប់ការសាងសង់ពង្រីកបន្ថែមនៅក្នុងឆ្នាំ២០២២។ តាមគម្រោង អាកាសយានដ្ឋានអន្តរជាតិកងកេងក្នុងខេត្តព្រះសីហនុអាចទទួលអ្នកដំណើរបាន៣,៦ លាននាក់ក្នុងចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ និងពីឆ្នាំ២០៣០ ដល់ឆ្នាំ ២០៤០ អាចទទួលអ្នកដំណើរបាន៥ លាននាក់។
ក្រៅពីព្រលានយន្តហោះអន្តរជាតិទាំងបីនេះ កម្ពុជាក៏កំពុងអភិវឌ្ឍ និងគ្រោងអភិវឌ្ឍលើព្រលានយន្តហោះក្នុងស្រុកផ្សេងៗទៀតផងដែរ ដូចយ៉ាង ព្រលានយន្តហោះនៅក្នុងខេត្តកោះកុង ព្រលានយន្តហោះខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តមណ្ឌលគិរីជាដើម។ ចំពោះការអភិវឌ្ឍលើព្រលានយន្តហោះជាតិ និងអន្តរជាតិទាំងនេះ រដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាប្រមាណ៣,៥៦០លានដុល្លារអាមេរិក។ នេះបើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា៕