ធនាគារ អេស៊ីលីដា ចេញរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នំា២០២០
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចេញរបាយការណ៍ប្រចាំត្រីមាសទី៣របស់ខ្លួន ដែលបង្ហាញពីលទ្ធផលល្អក្នុងកំណើនប្រាក់ចំណេញនិងកំណើនទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នដែលចេញដោយផ្សារមូលបត្រកម្ពុជា (CSX) កាលពីម្សិលមិញ។ យោងតាមរបាយការណ៍ដែលបានពិនិត្យដោយ KPMG សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ក្រុមហ៊ុនទទួលបានចំណូលសរុបចំនួន ៥៨៤,២៥ប៊ីលានរៀល និងប្រាក់ចំណេញចំនួន ១៤១,៩៥ប៊ីលានរៀល។
លទ្ធផលនេះបង្ហាញពីប្រាក់ចំណេញដែលមានការកើនឡើបប្រមាណជា ២៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ២៦,១០ទ្រីលានរៀល ដែលកើនឡើងចំនួន ៩៣៣,២៣ ប៊ីលានរៀល ស្មើនឹង ៣,៧១% និងមូលធនសរុបចំនួន ៤,២៩ ទ្រីលានរៀល កើនឡើងចំនួន ៣៦១,៥៧ ប៊ីលានរៀល ស្មើនឹង ៩,២០% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០១៩។
លោក ឆាយ សឿន ប្រធានក្រុមប្រឹក្សាភិបាល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឲ្យដឹងនៅក្នុងរបាយការណ៍ថា៖ «យើងមានសេចក្តីរីករាយចំពោះការអនុវត្តនិងវឌ្ឍនភាពជាយុទ្ធសាស្ត្រស្របតាមយុទ្ធសាស្ត្រអាជីវកម្មរបស់ធនាគារដែលទទួលបានលទ្ធផលជាវិជ្ជមាននៅត្រីមាសនេះ»។
ជាមួយគ្នានេះផងដែរ លោកក៏បានគូសបញ្ជាក់ថាចំនួនវិនិយោគិនសាធារណៈនៅក្នុងក្រុមហ៊ុនបានកើនឡើងនៅពេលតម្លៃភាគហ៊ុនធនាគារបានកើនឡើងដល់ប្រមាណជា ១៧,២០០ រៀលក្នុងមួយហ៊ុនកាលពីម្សិលមិញដោយសារលទ្ធផលប្រចាំត្រីមាស។
លោកថា៖ «យោងតាមកំណត់ត្រារបស់ធនាគារ អ្នកវិនិយោគសាធារណៈរបស់ធនាគារបានកើនឡើងចំនួន ៣៣,៥៧ ភាគរយពីចំនួន ២,៤៩៦ នាក់ដល់ ៣,៣៣៤ នាក់ដែលចាប់ផ្តើមពីថ្ងៃចុះបញ្ជីរហូតដល់ដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២០ ដែលបង្ហាញថាវិនិយោគិនសាធារណៈនៅតែបន្តវិនិយោគមូលនិធិរបស់ពួកគេប្រកបដោយទំនុកចិត្តក្នុងកំឡុងពេលមានវិបត្ដិកូវីដ១៩»។
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុនៃធនាគារអេស៊ីលីដាបានមានប្រសាសន៍ថាធនាគារបានបន្តរីកចម្រើនក្រោមទិសដៅគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជាក៏ដូចជារដ្ឋាភិបាល។
លោកស្រីបានមានប្រសាសន៍ថាទាំងធនាគារកណ្តាលនិងរដ្ឋាភិបាលបានលើកទឹកចិត្តធនាគារបន្តផ្តល់ប្រាក់កម្ចីដល់គ្រប់វិស័យជាពិសេសសហគ្រាសធុនតូចនិងមធ្យម។ លោកស្រីបានបន្ថែមថា៖ «យើងសង្កេតឃើញមានកំណើនល្អនៅក្នុងផ្នែកសហគ្រាសធុនតូចនិងមធ្យមសម្រាប់ប្រាក់កម្ចីដែលបានកើនឡើង ៧ ភាគរយបើធៀបនឹងចុងឆ្នាំ ២០១៩ ដោយសារអត្រាការប្រាក់បានធ្លាក់ចុះ»។
លើសពីនេះទៀត ដើម្បីគាំទ្រដល់ស្ថាប័នធនាគារនិងហិរញ្ញវត្ថុឱ្យមានសាច់ប្រាក់ងាយស្រួលបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការដើមទុនរបស់ខ្លួន នៅក្នុងខែមិថុនាឆ្នាំនេះ ធនាគារកណ្តាលក៏បានបន្ធូរបន្ថយសមាមាត្រហិរញ្ញវត្ថុមួយចំនួនផងដែរ។
លោកស្រី ម៉ារ អមរា បានបន្ថែមថាកំណើនដ៏រឹងមាំនេះត្រូវបានជួយជ្រោយជ្រែងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានកាត់បន្ថយពន្ធកាត់ទុកលើប្រាក់កម្ចីបរទេសក៏ដូចជាការបង្កើតសាច់ប្រាក់ងាយស្រួលបន្ថែមទៀតនៅក្នុងទីផ្សារ។ លោកស្រីថា៖ «ទាំងនេះគឺជាកត្តាដែលបានជំរុញឱ្យធនាគាររក្សាកំណើនប្រាក់ចំណេញ»។
គួរបញ្ជាក់ឲ្យដឹងផងដែរថា បច្ចុប្បន្នធនាគារអេស៊ីលីដាគឺជាធនាគារធំជាងគេនៅកម្ពុជាបើគិតលើប្រាក់កម្ចីសរុបនិងបណ្តាញសាខាចែកចាយដែលមានបុគ្គលិកបម្រើការសរុបចំនួន ១២,១១៩ នាក់៕ ប្រភព៖ Khmer Times