ក្រុមហ៊ុនណាហ្គាខបវិនិយោគរមណីយដ្ឋាននៅសៀមរាបក្នុងទឹកប្រាក់៣៥០លានដុល្លារតែមិនបង្កប់ល្បែង
ក្រុមហ៊ុន ណាហ្គាខប ដែលជាម្ចាស់និងប្រតិបត្តិករណាហ្គាវើលក្នុងរាជធានីភ្នំពេញ បានបង្ហាញផែនការអភិវឌ្ឍរមណីយដ្ឋានមិនមានល្បែង ក្នុងទំហំទឹកប្រាក់វិនិយោគចំនួន ៣៥០ លានដុល្លារ នៅខេត្តសៀមរាបក្នុងគោលបំណងលើកកម្ពស់តំបន់ប្រាសាទអង្គរវត្ត ដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក។
រដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន NagaGroup Global Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនណាហ្គា ដោយជួលរយៈពេល ៥០ ឆ្នាំ លើផ្ទៃដី ៧៥ ហិកតា ដែលមានចម្ងាយតែ ៥០០ ម៉ែត្រពីភាគខាងត្បូងតំបន់ហាមឃាត់ខាងក្រៅជុំវិញប្រាសាទអង្គរវត្ត។
យោងតាមសេចក្តីប្រកាសនៅយប់ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០២០ បានឱ្យដឹងថា ការអភិវឌ្ឍថ្មីលើគម្រោងនេះអាចនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៥ ពោលគឺមុនពេលគម្រោងណាហ្គាវើល ៣ តម្លៃ ៣.៥០០ លានដុល្លារ។ គម្រោងនេះមានឈ្មោះជាផ្លូវការថា Angkor Lake of Wonder នៅលើផ្ទៃដី ៧៥ ហិកតា ធំជាងទំហំរួមនៃ កន្លែងកម្សាន្តខ្នាតអន្តរជាតិ Disneyland និង Disney California ផ្សងព្រេងនៅ Los Angeles រួមបញ្ចូលសណ្ឋាគារលំដាប់ខ្ពស់ ឧទ្យានទឹក សួនឧទ្យាន បច្ចេកវិទ្យា កន្លែងកម្សាន្តតាមដងទឹក និងកន្លែងប្រជុំធ្វើសន្និសីទ និងតាំងពិព័រណ៍។
មិនតែប៉ុណ្ណោះ ក៏មានកន្លែងកម្សាន្តមួយឈ្មោះថា Siem Reap China Town ផ្តល់ជូននូវអាហារតាមចិញ្ចើមថ្នល់ Street Food ហាងស្រា តន្រ្តី និងដើរទិញឥវ៉ាន់ ដែលនឹងត្រូវបានរួមបញ្ចូលជាមួយនឹងសួនច្បារ និងត្រូវបានការពារដោយគម្របដំបូលអាកាសធាតុ ដែលជួយលើកកម្ពស់មិនប៉ះពាល់ដល់បរិស្ថាន។
ក្រុមហ៊ុនណាហ្គាខបបានឱ្យដឹងថា ការអភិវឌ្ឍន៍នេះនឹងបម្រើដល់គោលបំណងជាច្រើនដូចជា ការបង្កើនដំណើរទស្សនកិច្ចរបស់ភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប ស្របពេលណាហ្គាវើលអនុវត្តយុទ្ធសាស្ត្រធ្វើដំណើរថ្មីភ្ជាប់ខេត្តសៀមរាបនិងភ្នំពេញ។ ក្រុមហ៊ុននេះមានបំណងអនុវត្តយុទ្ធសាស្រ្តធ្វើការជាមួយភ្នាក់ងារទេសចរណ៍តាមអ៊ិនធឺរណែត និងភ្នាក់ងារទេសចរណ៍ប្រទេសចិន និងកន្លែងផ្សេងទៀត ដើម្បីផ្តល់ជូននូវដំណើរកម្សាន្តដោយផ្អែកលើមូលដ្ឋានពេញលេញក្នុងខេត្តសៀមរាបនិងភ្នំពេញ។
គម្រោង Angkor Lake of Wonder បានរចនាឡើងដោយក្រុមហ៊ុន US-Based Steelmen Partners មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនឌីហ្សាញនៅពីក្រោយណាហ្គាវើលដ៍ មានផែនការមេផ្អែកលើគំនិតបង្កើតភាពសប្បាយរីករាយក្នុងរមណីយដ្ឋាន។
ណាហ្គាខបរំពឹងថា គម្រោងបង្កើតរមណីយដ្ឋានមិនមែនជាកន្លែងលេងល្បែង និងកាស៊ីណូ អាចនៅរួមគ្នាផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ នៅពេលដែលតំបន់សៀមរាបអង្គរ Angkor Lake of Wonder និងគម្រោង NagaWorld Complex បង្ហាញលទ្ធផលវិជ្ជមានមួយចំនួន នោះក្រុមហ៊ុននឹងបន្តស្វែងរកឱកាសអភិវឌ្ឍន៍ដែលអាចទទួលបាននិងចំណេញនៅក្នុងខេត្តព្រះសីហនុវិញម្តង៕