សូមប្រយ័ត្ន! គម្រោងដីឡូត៍ និងផ្ទះល្វែងនៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែអត់ទាន់មានច្បាប់អនុញ្ញាតទាំងអស់
សៀមរាប៖ គម្រោងដីឡូត៍ និងផ្ទះល្វែង នៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែអត់ទាន់មានច្បាប់អនុញ្ញាតទាំងអស់។ ដីភាគច្រើនជាប់គម្របព្រៃឈើ និងមួយចំនួនទៀតជាប់តំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ នេះជាការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីប្រាប់សារព័ត៌មានក្នុងស្រុកមួយ ក្នុងពេលថ្មីៗនេះ។
លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ចាប់តាំងពីលោកចូលកាន់តំណែងជាអភិបាលស្រុកបន្ទាយស្រីនៃខេត្តសៀមរាបមក លោកនៅមិនទាន់បានអនុញ្ញាតឱ្យមានលិខិតសាងសង់ផ្ទះល្វែង និងដីឡូតិ៍នៅតំបន់គ្រប់គ្រងរបស់លោកនៅឡើយទេ។ មិនតែប៉ុណ្ណោះកន្លងមក អាជ្ញាធរស្រុកបន្ទាយស្រី ថែមទាំងបានបើកយុទ្ធនាការចុះរុះរើស្លាកយីហោដីឡូត៍ និងផ្ទះល្វែង នៅស្រុកបន្ទាយស្រីទាំងអស់ផងដែរ។
ការចុះរុះរើនោះ ដោយហេតុថា គម្រោងផ្ទះល្វែងដីឡូត៍ទាំងនោះមិនទាន់មានលិខិតអនុញ្ញាតពីអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ។
ទោះជាមានការលើកឡើងដោយអភិបាលស្រុកបន្ទាយស្រី បែបនេះក្ដី គេសង្កេតឃើញនៅក្នុងស្រុកបន្ទាយស្រី នៅតែមានគម្រោងដីឡូត៍ និងផ្ទះល្វែងមួយចំនួន បានបើកការដ្ឋានសាងសង់ និងពុះឡូត៍លក់ជាហូរហែផងដែរ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនទាំងនោះ បានប្រកាសបើកការដ្ឋានលក់ដីឡូត៍ និងផ្ទះល្វែងជាសាធារណៈថែមទៀត។
សូមបញ្ជាក់ថា ស្រុកបន្ទាយស្រី គឺជាស្រុកមួយដែលស្ថិនៅជាប់នឹងក្រុងសៀមរាប និងជាតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សារា។ ទាក់ទងនឹងការទិញលក់ដីនៅតំបន់គ្រប់គ្រងដោយអាជ្ញាធរអប្សានេះ អាជ្ញាធរនេះ ធ្លាប់បានប្រកាសមិនទទួលស្គាល់ និងចាប់ខ្លួនបុគ្គលមួយចំនួនរួចមកហើយដែលប្រកាសលក់ដីនៅតំបន់នោះ និងបានប្រកាសប្រាប់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរ មុននឹងសម្រេចចិត្តទិញដីនៅតំបន់នោះ ចៀសវាងការខាតបង់ពេលវេលា និងថវិកា៕