ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងធ្វើពិធីតភ្ជាប់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ខាងមុខ
កំពង់ចាម៖ ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងធ្វើពិធីតភ្ជាប់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃម្សិលមិញនេះ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាត្រៀមផែនការបែងចែកភារកិច្ចរៀបចំពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ។
គួរបញ្ជាក់ថា សមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។
ស្ពាននេះ មានបណ្តោយប្រវែង ១ ១៣១ ម៉ែត្រ , ទទឹងប្រវែង ១៣.៥០ ម៉ែត្រ ចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និង បោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ នឹងបង្កលក្ខណៈប្រសើរបន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ៕