អគ្គនាយកដ្ឋានពន្ធដារ ពន្យល់ឆ្លើយតបទៅមតិរិះគន់ស្ដីពីពន្ធលើចំណេញមូលធន ២០ភាគរយ(វីដេអូ)

ភ្នំពេញ ៖ ក្រោយមានការរិះគន់ទៅលើសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការអនុវត្តពន្ធលើចំណេញមូលធន ដែលមានអត្រាពន្ធ២០ភាគរយ លើតែចំណែកដែលចំណេញក្រោយកាត់កងចំណាយ៨០ភាគរយ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានធ្វើការបកស្រាយ និងពន្យល់ទៅលើនីតិវិធីនៃការគណនានៃចំនួនពន្ធដែលត្រូវបង់ជៀសវាងមានការភ័ណ្ឌច្រឡំកាន់តែខ្លាំង និងប្រៀបធៀបទៅនឹងការអនុវត្តពន្ធនៅប្រទេសជិតខាង។
នៅក្នុងកិច្ចសម្ភាសន៍ និងជជែកពីបញ្ហាពន្ធលើចំណេញមូលធនដែលមានអត្រា២០ភាគរយ ជាមួយបណ្តាញផ្សព្វផ្សាយព័ត៌មាន Freshnews និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានធ្វើការពន្យល់ និងបកស្រាយបញ្ជាក់ទៅលើមតិរិះគន់ដោយការភ័ន្តច្រឡំមួយចំនួនដែលបានលើកឡើងជាសំណួរជុំវិញការតម្រូវឱ្យអនុវត្ត ។

លោក គង់ វិបុល បានបញ្ជាក់ថា “ការលើកទ្បើងពីមតិមួយចំនួនតូច ដោយប្រៀបធៀបវិធានការប្រទេសថៃ និងកម្ពុជា គឺមិនត្រឹមត្រូវនោះទេ ដោយលើកឡើងថា ថៃសម្រេចកាត់បន្ថយពន្ធឲ្យប្រជាពលរដ្ឋមានថវិកាទិញរថយន្តថ្មីប្រើប្រាស់ឯខ្មែរយើងដាក់ពន្ធបន្ថែម។ សូមជម្រាបថា ចំពោះករណីនេះ គឺខុសគ្នាស្រឡះ នៅប្រទេសថៃគេអនុវត្តពន្ធលើរូបវន្តបុគ្គល (Personal Income Tax) ជាយូរណាស់មកហើយគឺប្រមាណជាងកន្លះសតវត្សមកហើយ ខណៈដែលកម្ពុជាមិនទាន់អនុវត្តពន្ធប្រភេទរូបវន្តបុគ្គលនេះនៅទ្បើយទេ ដោយរាជរដ្ឋាភិបាលផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋបង្កើនកម្រិតជីវភាពរបស់ខ្លួនរហូតមក”។

លោកបានបន្តទៀតថា “ចំពោះពន្ធលើចំណេញមូលធនវិញ គឺខុសគ្នា យើងមិនមែនយកពន្ធលើប្រជាពលរដ្ឋទូទៅនោះទេ គឺយកពន្ធតែលើចំណេញមូលធន ឧទាហរណ៍ ប្រជាពលរដ្ឋ ឬអ្នកមានអចលនទ្រព្យលក់ទ្រព្យនោះ ហើយបានចំណេញទើបយកពន្ធ ប្រសិនការទិញលក់អចលនទ្រព្យនោះ មិនមានការចំណេញ គឺមិនមានការយកពន្ធលើចំណេញមូលធននេះទេ។ ខ្ញុំយល់ថា ខ្លឹមសារអត្ថបទប្រៀបធៀបរវាងវិធានការផ្នែកពន្ធរវាងកម្ពុជា និងថៃ នេះមិនបានឆ្លុះបញ្ចាំងការពិតទេ ព្រោះខ្មែរយើងមិនទាន់អនុវត្តពន្ធលើរូបវន្តបុគ្គល (Personal Income Tax) ទេ ហើយប្រជាពលរដ្ឋក៏មិន ដែលបានបង់ពន្ធប្រភេទនេះដែរ។ ម្យ៉ាងទៀត បើទោះបីជាប្រទេសថៃកាត់បន្ថយពន្ធនេះ ក៏ប្រជាពលរដ្ឋថៃ នៅតែត្រូវបង់ពន្ធប្រភេទនេះដែរ ចំណែកឯកម្ពុជា គឺប្រជាពលរដ្ឋពុំមានតម្រូវឱ្យបង់ពន្ធប្រភេទនេះទេ”។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីពន្ធលើចំណេញមូលធន ដែលមានអត្រាពន្ធថេរ ២០ភាគរយ។ តាមពិតការអនុវត្តពន្ធលើចំណេញមូលធននេះ ត្រូវចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ប៉ុន្តែត្រូវបានពន្យារពេលក្នុងការអនុវត្តរហូតដល់ថ្ងៃ០១ ខែមករា ឆ្នាំ២០២១។

សម្រាប់ពន្ធលើចំណេញមូលធននេះ មិនមែនជាការបង្កើតពន្ធថ្មីនោះឡើយ ពោលគឺពន្ធលើចំណេញមូលធននេះត្រូវបានកំណត់ក្នុងច្បាប់ឱ្យប្រមូលតាំងពីប្រមាណជាង ១០ ឆ្នាំកន្លងមកហើយ។

ដោយឡែកនៅក្នុងអំទ្បុងពេលនៃការរាតត្បាតនៃជំងឺ Covid-19 នេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះជីវភាពប្រជាពលរដ្ឋ ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចទាំងមូល ដោយបានដាក់ចេញនូវវិធានការគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ចំនួន៥លើករួចមកហើយ ក្នុងនោះក៏មានវិធានការផ្នែកពន្ធដារផងដែរ ជាអាទិ៍ការលើកលែងពន្ធមួយចំនួន សម្រាប់វិស័យងាយទទួលរងហានិភ័យ ដូចជា វិស័យទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍) វិស័យអាកាសចរណ៍ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងវិស័យអចលនទ្រព្យផងដែរ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង