រដ្ឋាភិបាលកំពុងរៀបចំសាងសង់ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបង-ខេត្តសៀមរាប ប្រវែង ៧២ គ.ម
ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CHINA ROAD AND BRIDGE CORPORATION កំពុងសិក្សា និងរៀបចំសាងសង់ផ្លូវជាតិមួយខ្សែប្រវែង ៧២ គីឡូម៉ែត្រ តភ្ជាប់ពីបាត់ដំបង ទៅ ខេត្តសៀមរាប។ កិច្ចប្រជុំ ដើម្បីវាយតម្លៃប៉ះពាល់បរិស្ថាន លើគម្រោងសាងសង់ផ្លូវជាតិនេះ ធ្វើឡើងកាលពីថ្ងៃទី ២៦ តុលា នេះ ដោយមានការចូលរួមពីតំណាង ក្រុមហ៊ុនសាងសង់ និងមន្ត្រីអន្តរក្រសួង ដែលពាក់ព័ន្ធ។
បន្ទាប់ពីពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រួចមក អង្គប្រជុំបានឯកភាព និងសូមគាំទ្រ ចំពោះគម្រោងសាងសង់ផ្លូវជាតិនេះ។ ហើយក្រុមការងារបច្ចេកទេស នឹងបន្តនីតិវិធីសិក្សាលើផលប៉ះពាល់បរិស្ថាន ដោយសហការជាមួយនឹងក្រសួងបរិស្ថាន។
ផ្លូវជាតិថ្មីស្រឡាងមួយខ្សែនេះ នឹងសាងសង់ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្រោយ សំណើររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីអបអរសាទរបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទកាលពីខែ មីនា កន្លងទៅ។ បើយោងតាមប្រសាសន៍របស់សម្ដេច ផ្លូវនេះផងដែរ អាចកាត់បន្ថយពេលវេលាធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រ។
អត្ថបទចាស់៖ សម្តេចស្នើឱ្យស្ថាប័នពាក់ព័ន្ធសិក្សាអំពីការកសាងផ្លូវថ្មីពីខេត្តបាត់ដំបងទៅខេត្តសៀមរាប។ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ធ្វើការសិក្សាការកសាងផ្លូវថ្មី ដែលតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលផ្លូវនេះអាចកាត់បន្ថយពេលវេលា ក្នុងការធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រ។
ការស្នើនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» នារសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «យើងនឹងខំរៀបចំដើម្បីកសាងផ្លូវតភ្ជាប់រវាងខេត្តបាត់ដំបង ជាមួយនឹងខេត្តសៀមរាប ដែលផ្លូវនោះនឹងអាចជួយកាត់បន្ថយចំណាយនៃការធ្វើដំណើរ ដែលជាការធ្វើដំណើរពីបាត់ដំបង ទៅបន្ទាយមានជ័យ ហើយទៅកាន់ខេត្តសៀមរាប។ ប្រៀបធៀបនឹងផ្លូវថ្មី យើងអាចចំណេញរហូតដល់៦៩គីឡូម៉ែត្រ ដែលជាការតភ្ជាប់មួយក្នុងចំណោមការតភ្ជាប់ខាងផ្នែកគមនាគមន៍របស់យើង»។
សម្តេច តេជោ បានមានប្រសាសន៍ថែមទៀតថា «ចំណុចនេះ គឺស្ថិតនៅក្នុងបេក្ខភាពគម្រោងនៅឆ្នាំ២០២១។ ប្រសិនបើការសិក្សាជាក់លាក់រួចហើយនោះ យើងនឹងរកឥណទាន ដើម្បីធ្វើផ្លូវមួយខ្សែនេះ ដែលជាការតភ្ជាប់មួយដ៏សំខាន់ សម្រាប់ខេត្តបាត់ដំបង បន្ទាប់ពីខេត្តនានាដែលជាប់នឹងខេត្តបាត់ដំបងនេះ បានតភ្ជាប់ជាមួយនឹងខេត្តជុំវិញរួចហើយ ក្នុងនោះមានខេត្តបន្ទាយមានជ័យ ទៅខេត្តប៉ៃលិន ហើយពោធិ៍សាត់តភ្ជាប់ទៅខេត្តកោះកុង»។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានណែនាំអោយសាលាខេត្ត និងក្រសួងមន្ទីរពាក់ព័ន្ធសិក្សាលទ្ធភាពកែលម្អ និងដាក់ដំណើរការឡើងវិញព្រលានយន្តហោះបែកចាន ក្នុងខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់អាកាសចរក្នុងស្រុកឱ្យបានកាន់តែមានភាពងាយស្រួលជាងមុន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «បើទោះបីពេលនេះមិនទាន់ត្រូវការ ក៏ប៉ុន្តែនៅពេលខាងមុខនេះ យើងច្បាស់ជាត្រូវការព្រលានយន្តហោះសម្រាប់ ខេត្តបាត់ដំបង។ ដូច្នេះ បានជាខ្ញុំស្នើឲ្យឯកឧត្តមអភិបាលខេត្ត ស្នើឲ្យសម្តេចក្រឡាហោម ស ខេង យកចិត្តទុកដាក់ទៅលើការគ្រប់គ្រង ដីធ្លីនៅក្នុងតំបន់នេះ និងជៀសវាងនូវការកសាងសំណង់ខ្ពស់ ដែលវាអាចប៉ះពាល់ដល់ការហោះហើរ នៅពេលដែលយើងពង្រីកព្រលានយន្តហោះមួយនេះ»៕