៣០០លានដុល្លារ កម្ពុជារកបានពីការនាំចេញអង្ករ នៅ៨ខែឆ្នាំនេះ

កម្ពុជារកចំណូលពីការនាំចេញអង្ករលក់នៅក្រៅប្រទេសបានប្រមាណ ៣០០លានដុល្លារអាមេរិក នៅក្នុងរយៈពេល ៨ខែ ដំបូងនៅឆ្នាំ២០២០នេះ កម្ពុជាខណៈដែលបរិមាណអង្ករដែលបាននាំចេញសម្រេចបានដល់ទៅជិត៤៥ម៉ឺនតោន។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
តាមរបាយការណ៍​បាន​ឲ្យដឹងទៀតថា នៅ៨ខែ​ឆ្នាំនេះ ការនាំចេញ​អង្ករ​របស់​កម្ពុជា​មានការកើនឡើង​៣១% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០១៩ ក្នុងនោះ គោលដៅ​នាំចេញអង្ករ​ធំៗ​របស់​កម្ពុជា​មានដូចជា​ប្រទេសចិន​មាន​ចំណែកទីផ្សារ​៣៧% នៃការនាំចេញអង្ករ​សរុប បន្ទាប់មក​សហគមន៍អឺរ៉ុប​មាន​៣៤% និងប្រទេសអាស៊ាន​មាន​១៣%។

គួរចាប់អារម្មណ៍ដែរថា ទីផ្សារអង្ករ​របស់​កម្ពុជា​ទៅកាន់ប្រទេស​អូស្ត្រាលី ក៏កំពុង​មានសន្ទុះ​កើនឡើង​ខ្លាំង​ណាស់ដែរ ពោលគឺ​នៅរយៈពេល​៨ខែ​នៃពីរ​ឆ្នាំចុងក្រោយនេះ អង្ករ​កម្ពុជា​នៅទៅអូស្ត្រាលី កើនឡើង​ដល់ទៅ ជាង​៩៤៦% ឯណោះ។
ទោះជាបែបនេះក្ដី សម្រាប់​ក្នុងខែកក្កដា​កន្លងទៅនេះ ការនាំចេញអង្ករ​បាន​បង្ហាញពីការ​ធ្លាក់ចុះទៅវិញ​ប្រមាណជិត​៣៥%ឯណោះ បើធៀបនឹង​ទៅនឹង​ខែសីហា​ឆ្នាំមុន។ តាមការបញ្ជាក់​របស់​សហព័ន្ធស្រូវអង្ករ​ កាធ្លាក់ចុះ​នៃការនាំចេញអង្ករ​នៅខែចុងក្រោយនេះ គឺដោយសារតែ​បញ្ហា​បម្រែបម្រួលអាកាសធាតុ មិនមាន​ទឹកប្រើប្រាស់​គ្រប់គ្រាន់ និងមួយទៀតនោះ គឺដោយសារតែ​ការឈប់សម្រាក​សង​ចូលឆ្នាំខ្មែរ ដែលលើក​ពីខែ​មេសា មកខែសីហានេះ បានធ្វើឲ្យ​ការងារ​រដ្ឋបាល​និងសេវា​មួយចំនួន​មានការយឺតយ៉ាវ ពិសេស​នៅក្នុង​សប្ដាហ៍ទី៣ នៃខែសីហានេះ។

យ៉ាងណាក៏ដោយចុះ បើតាម​ការ​សន្និដ្ឋាន​របស់​អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ​កម្ពុជា​បាន​ឲ្យនាពេល​កន្លងទៅនេះ ថា ដោយសារតែបញ្ហា​អាកាសធាតុនេះ គោលដៅ​នាំចេញអង្ករ​ឲ្យបាន​ដល់ ៨០ម៉ឺនតោន ឬកៀក​ទៅនឹង​១លានតោន​ នៅឆ្នាំ២០២០នេះ ទំនង​ជាមិនអាច​សម្រេច​បាននោះទេ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង