សារព័ត៌មានមហាខ្មែរ

គម្រោងព្រលានយន្តហោះដ៏ធំសម្បើមនៅកោះកុង គ្រោងបញ្ចប់ដំណាក់កាលទី ១នៅចុងឆ្នាំ២០២០នេះ

5

គម្រោងអាកាសយានដ្ឋានតារាសាគរដ៏ធំសម្បើមនៅកោះកុង គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី ១ នៅចុងឆ្នាំ ២០២០នេះហើយ។ នេះបើតាមការឱ្យដឹងពី លោក LI TAO ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Union Development ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងនេះ។

លោក LI TAO បានឱ្យដឹងដូច្នេះ ក្នុងជំនួបជាមួយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីព្រឹកថ្ងៃទី ២៦ សីហា កន្លងមកនេះ។

លោកបានឱ្យដឹងថា ការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិ គឺប្រព្រឹត្តទៅតាមផែនការ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ ក្នុងឆ្នាំនេះ។ ជាមួយគ្នានេះដែរ លោកក៏បានស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី ឱ្យបន្តជួយដល់ការសាងសង់បន្ថែមទៀតផងដែរ។
តាមផែនការ គម្រោងនេះ នឹងត្រូវចំណាយទឹកប្រាក់ ២០០លានដុល្លារ ដោយគម្រោងទាំងមូលរួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ។ ក្រោយសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិ នឹងអនុញ្ញាតឱ្យយន្តហោះធុនយក្ស ប្រភេទ ប៊ូអីង ៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន។

គួរបញ្ជាក់ផងដែរ គម្រោងអាកាសយានដ្ឋានតារាសាគរនេះ ក៏ជាប្រធានបទក្ដៅគគុកមួយ ដែលកន្លងមកទទួលបានការរិះគន់ជាច្រើនពីអ្នកវិភាគអន្តរជាតិថាសាងសង់ឡើងសម្រាប់បម្រើវិស័យយោធាចិន (អានបន្ថែម)។ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានច្រានចោលម្ដងហើយម្ដងទៀតលើការលើកឡើងនេះ ហើយអះអាងថាគម្រោងនេះកសាងឡើងសម្រាប់វិស្សមកាលទេសចរណ៍ប៉ុណ្ណោះ។

អត្ថបទទាក់ទង