កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន នឹងត្រូវចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០២១ ដែលកម្ពុជា សង្ឃឹមថា នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន
ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ដែលនឹងត្រូវចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០២១ខាងមុខនេះ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងជំរុញដល់ការនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនបន្ថែមទៀត ដូចជា ផលិត ផលកសិកម្ម និងកសិឧស្សាហកម្ម ដែលបច្ចុប្បន្នកម្ពុជា កំពុងផ្តោតជាសំខាន់។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា “ក្រោយការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងក្រោយបញ្ចប់កូវីដ១៩ ហើយចិន និងអាមេរិក មិនទាន់បញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយគ្នា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ដែលអាចស្រូបយកនូវបណ្ដាក្រុមហ៊ុនអន្តរជាតិនានា ចូលមកដាក់ទីតាំងនៅកម្ពុជា ដើម្បីផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារអាស៊ាន ទីផ្សារចិន អឺរ៉ុប និងទីផ្សារអាមេរិកផងដែរ”។
លោកឧកញ៉ា គូសបញ្ជាក់ថា នៅពេលដែលមានដំណើរការឡើងវិញ ក្រោយវិបត្តិកូវីដ១៩ គឺស្ទើរតែគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា នឹងមានការវិវត្តឡើងវិញ ទាំងវិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម ការដឹកជញ្ជូន រួមនឹងវិស័យអចលនទ្រព្យផងដែរ។
កន្លងមកនេះ ប្រទេសកម្ពុជា និងចិន បានប្ដេជ្ញានិងខិតខំរួមគ្នាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានដល់ ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ខាងមុខ ខណៈដែលកាលពីឆ្នាំ២០១៩កន្លងទៅ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ សម្រេចបានប្រមាណជាង ៨ពាន់លានដុល្លារអាមេរិក កើនឡើង ២៧% បើធៀបនឹងឆ្នាំ២០១៨។
គួរបញ្ជាក់ថា បើតាមក្រសួងពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងនេះ កំណើននាំចេញពីកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើងលើសពីអត្រាកំណើននៃឆ្នាំកន្លងទៅប្រមាណជាង ២០% គិតជាមធ្យម ក្នុងមួយឆ្នាំ។ ហើយទន្ទឹមនឹងនេះ កំណើនវិនិយោគពីបរទេស(FDI) ក៏រំពឹងថា នឹងកើនឡើងខ្លាំងផងដែរ៕