ការសាងសង់ផ្លូវ៣៨ខ្សែ ក្នុងខេត្តសៀមរាប បែងចែកជាបួនប្រភេទ
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការសាងសង់ផ្លូវចំនួន៣៨ខ្សែ នៅក្នុងខេត្តសៀមរាប ត្រូវបានបែងចែកជាបួនប្រភេទ ក្នុងនោះ៖
ប្រភេទទីមួយ ចាក់បេតុង ចំនួន២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ប្រភេទទីពីរ ចាក់បេតុង ចំនួន២០សង់ទីម៉ែត្រ និងកន្លែងខ្លះ៧សង់ទីម៉ែត្រ យោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរណ៍ និងការដឹកជញ្ជូន ប្រភេទទីបី ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុង ហើយអ៊ុតកៅស៊ូបេតុង តែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុង១៥សង់ទីម៉ែត្រ ពីលើតែម្ដង ដោយសារគ្រឹះផ្លូវនោះ នៅមានភាពរឹងមាំស្រាប់ទៅហើយ។
ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រុមការងារអន្តរក្រសួង បានចុះពិនិត្យសិក្សាលម្អិតលក្ខណៈបច្ចេកទេសផ្លូវ ដែលត្រូវសាងសង់ បានពិនិត្យជ្រើសរើសរួចរាល់ខ្សែផ្លូវអាទិភាព ដែលត្រូវសាងសង់ ប្រវែងសរុបចំនួន១០៨គីឡូម៉ែត្រ បានពិភាក្សាលម្អិតលើការងារបច្ចេកទេស ជាមួយអង្គភាពទទួលសាងសង់ បានតម្រូវឱ្យអង្គភាពសាងសង់អនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារ បច្ចេកទេស បានធ្វើបញ្ជីប៉ាន់តម្លៃចប់សព្វគ្រប់ និងបានប្រគល់ជូនអង្គភាពសាងសង់រួចរាល់ហើយផងដែរ។
អង្គភាពដែលទទួលយកការងារសាងសង់ផ្លូវទាំង៣៨ខ្សែនេះ រួមមាន៖ កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាយកដ្ឋានជួសជុល និងថែទាំផ្លូវក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានសាធារណការ នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សៀម រាប។
សូមជម្រាបថា ពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាប គ្រោងធ្វើឡើងក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ៕