សារព័ត៌មានមហាខ្មែរ

រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដើម្បីបង្កើនចំណូលជូនជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន

0

(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា គណៈកម្មការកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)» សិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំផែនការមេនេះ ត្រូវបានរំពឹងថានឹងក្លាយជាយន្តការដ៏មានសារៈសំខាន់ចាំបាច់ សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្នក៏ដូចជាអនាគត ឆ្លើយតបនឹងឥទ្ធិពលនៃជំងឺឆ្លងកូវីដ-១៩ (COVID-19) ជាពិសេស ត្រូវសម្រេចឱ្យបាននូវបំណងប្រាថ្នារួមរបស់រាជរដ្ឋាភិបាល ដើម្បីជាអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ដូចខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី១៖ ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់ជាលក្ខណៈជា សកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី២៖ ធានាឱ្យបាននូវផលប្រយោជន៍សង្គម-សេដ្ឋកិច្ច ជាអតិបរមាពីវិស័យទេសចរណ៍ ពោលគឺតំបន់ប្រវត្តិសាស្រ្តអង្គរ, តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប, តំបន់ទន្លេសាប, ឧទ្យានជាតិភ្នំគូលែន និងតំបន់ជនបទដែលជាគោលដៅទេសចរណ៍ ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី៣៖ ខេត្តសៀមរាប ត្រូវតែជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរ ដែលមានគុណភាពមកកម្សាន្ត ម្តងហើយម្តងទៀត ស្នាក់នៅយូរ និងចំណាយច្រើន អាចបង្កើននូវចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាប័ន្ន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ «ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) ក៏នឹងឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុក «វិស័យទេសចរណ៍ជាមាសបៃតង» ក្នុងការចូលរួមដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញ ដើម្បីប្រែក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព (Alternative Tourism/Quality Destination) មានការគ្រប់គ្រងលើការអភិវឌ្ឍវិស័យទេសចរណ៍ច្បាស់លាស់ និងកាត់បន្ថយផលប៉ះពាល់ ជាអវិជ្ជមានដល់តំបន់អង្គរ និងធនធានធម្មជាតិឱ្យបានជាអតិបរមា សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តច្រើនដង ពិសេសភ្ញៀវទេសចរកម្រិតខ្ពស់ ដើម្បីបង្កើននូវប្រភពចំណូលជូនជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការព្យាករណ៍ក្នុងឆ្នាំ ២០៣៥ ទេសចរណ៍អន្តរជាតិនាំមកនូវចំណូលចំនួន ៤,៧៦៥លានដុល្លារ និងទេសចរណ៍ជាតិ នាំមកនូវចំណូលចំនួន ១,២៨០លានដុល្លារ ។ ជារួម ចក្ខុវិស័យរបស់ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) គឺ «ការក្តាប់យកមកវិញនូវមោទនភាព ជាគោលដៅទេសចរណ៍ចម្បងបំផុត របស់វិស័យទេសចរណ៍កម្ពុជា និងជាគោលដៅទេសចរណ៍ចម្បង ក្នុងតំបន់អាស៊ីអាគ្នេយ៍» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីសម្រេចបានចក្ខុវិស័យខាងលើនេះ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)» បានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តចំនួន ០៧ រួមមាន៖ ១៖ យុទ្ធសាស្រ្ដអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពខេត្តសៀមរាប, ២៖ យុទ្ធសាស្រ្ដវិនិយោគទេសចរណ៍ និងការអភិវឌ្ឍរបៀងទេសចរណ៍ថ្មីៗក្នុងខេត្តសៀមរាប, ៣៖ យុទ្ធសាស្រ្ដអភិវឌ្ឍន៍ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ និងការតភ្ជាប់, ៤៖ យុទ្ធសាស្រ្ដពង្រឹងគុណភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប, ៥៖ យុទ្ធសាស្រ្ដក្នុងការគ្រប់គ្រងបរិស្ថានខេត្តសៀមរាប, ៦៖ យុទ្ធសាស្រ្ដអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ខេត្តសៀមរាប, និង ៧៖ យុទ្ធសាស្រ្ដអភិបាលកិច្ចសម្រាប់ទ្រទ្រង់ ការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប (ក្នុងនោះមានយុទ្ធសាស្រ្តចំនួន ៤៦ សកម្មភាពអនុវត្តចំនួន ១៥១ ដែលបានកំណត់រយៈពេលនៃការអនុវត្ត: រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយការបង្កើតយន្តការស្ថាប័ន អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Destination Management Organisations – DMO’s) រួមសម្រាប់ខេត្តសៀមរាបហៅថា «គណៈកម្មការអភិវឌ្ឍទេសចរណ៍សៀមរាប-អង្គរ» នឹងមានអង្គភាព គ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក (Sub-DMO’s) អមគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរនេះ តាមតំបន់ទាំង ៦ ដូចជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១៖ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Sub-DMO) តំបន់ឧទ្យានជាតិភ្នំគូលែន, ២៖ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Sub-DMO) តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី, ៣៖ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Sub-DMO) តំបន់បេតិកភណ្ឌអង្គរ, ៤៖ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Sub-DMO) តំបន់ទីក្រុងសៀមរាប, ៥៖ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Sub-DMO) តំបន់បឹងទន្លេសាប ៦៖ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Sub-DMO) តំបន់ទីក្រុងសៀមរាបថ្មី (Grand Siem Reap) ក្រោមទម្រង់ជាតំបន់ទេសចរណ៍ពិសេស ដែលមានអ្នកអភិវឌ្ឍក្រោមទម្រង់ជា PPP ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពី «ការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥» និងបានសម្រេចដូចខាងក្រោម៖ ទី១៖ គាំទ្រជាគោលការណ៍លើ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥» និងសូមវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ក្រុមការងារដែលបានរៀបចំផែនការនេះឡើង។ ទី២៖ ស្នើឱ្យកែសម្រួល និងកាត់បន្ថយនូវខ្លឹមសារលម្អិត ដោយរំលេចតែចំណុចគោលធំៗជាយុទ្ធសាស្ត្រ ដើម្បីឱ្យផែនការមេនេះមានខ្លឹមសារខ្លី តែចំគោលដៅច្បាស់លាស់ជាមុន ។ ទី៣៖ ស្នើឱ្យក្រសួង-ស្ថាបន័ពាក់ព័ន្ធដែលជាសមាជិក សមាជិការគណៈកម្មការអន្តរក្រសួង ពិនិត្យឱ្យបានលម្អិតលើផ្នែក ដែលពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ខ្លួន រួចបញ្ជូនផ្នែកនោះមកក្រុមការងារគណៈកម្មការបញ្ចូលទៅក្នុងផែនការមេនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្ត ។ ទី៤៖ សម្រេចឱ្យបង្ស៉ីគ្នារវាង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥» និង «ផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប» ដែលរាជរដ្ឋាភិបាលបានសម្រេចរួចហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការអន្តរក្រសួង និងក្រសួង-ស្ថាប័នពាក់ព័ន្ធបានសហការដ៏ល្អក្នុងការរៀបចំឯកសារ ដ៏មានសារៈសំខាន់នេះឡើង ដែលជាសេចក្តីព្រាងផែនការមេនេះ ។ អង្គប្រជុំ សម្រេចប្រជុំឆ្លងម្តងទៀតនៅចុងខែ តុលា ឆ្នាំ២០២០ ក្រោយពីការកែសម្រួល មុននឹងគោរពដាក់ជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចដ៏ខ្ពស់ខ្ពស់៕

អត្ថបទទាក់ទង