សារព័ត៌មានមហាខ្មែរ

ថៃ គ្រោង​បញ្ចេញថវិកាជាង ១,៤ពាន់លានដុល្លារទៀត ជួយដល់ពលរដ្ឋរងគ្រោះព្រោះកូវីដ-១៩

0

រាជរដ្ឋាភិបាលថៃ បានត្រៀមរៀបចំនូវកញ្ចប់ថវិកាជាង ១,៤ ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីចែកជូនទៅដល់ ប្រជាពលរដ្ឋ១៥លាននាក់របស់ខ្លួន ដែលជាសំណើស្នើសុំរបស់ក្រសួងហិរញ្ញវត្ថុនេះ ហើយសំណើនេះកំពុងរង់ចាំការអនុម័តពីគណៈរដ្ឋមន្រ្តីថៃ នៅពាក់កណ្តាលខែកញ្ញានេះ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅថ្ងៃនេះ។
លោក ឡា វ៉ា រុន អគ្គនាយក​នៃការិយាល័យ​គោលនយោបាយ​សារពើពន្ធ បានគូស​បញ្ជាក់ថា នៅក្នុង​វិធានការថ្មី​នេះ រាជរដ្ឋាភិបាលថៃ នឹងប្រគល់ប្រាក់ ៣ពាន់បាត ឬប្រមាណ ៩៥ដុល្លារ ដល់ប្រជាពលរដ្ឋ​គ្រប់រូប សម្រាប់​ប្រើប្រាស់​ទិញទំនិញ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ចាំបាច់ត្រូវ​ចុះឈ្មោះ​ដាក់ពាក្យ​ស្នើសុំ ហើយទឹក​ប្រាក់នេះ នឹងត្រូវផ្ទេ​តាមរយៈ កម្មវិធី Pao Tang ​តែយ៉ាងណា វិធានការថ្មីនេះ គឺខុសពី​វិធាន​ការ​សង្គ្រោះមុនៗ។

លោក ឡា វ៉ា រុន បន្តថា ចំណុច​សំខាន់​ដែលខុសគ្នា គឺ រាជរដ្ឋាភិបាលថៃ ផ្តល់ប្រាក់តាម​កម្មវិធី Pao Tang ​ហើយកំណត់​ចំនួនប្រាក់ ដែលអាចចាយ​បាន​ប្រចាំថ្ងៃ មិនលើសពី ១០០បាត ទៅ ២០០​បាតនោះទេ តែចំណុចនេះ គឺស្ថិតនៅ​ក្រោម​ការជជែក​ពិភាក្សា​នៅឡើយទេ។
ទោះយ៉ាងណា​ក៏ដោយ បើសិនជាគ្មាន​ការចំណាយ​នៅក្នុង​ថ្ងៃធម្មតា​នោះទេ ប្រាក់នោះ នឹងអាច​បូកបញ្ចូល សម្រាប់ចំណាយ​នៅថ្ងៃ​បន្ទាប់បាន។

វិធានការនេះ រំពឹងនឹង​អាចបង្កើត​លំហូរ​សាច់ប្រាក់​បានជិត ៣ពាន់​លាន​ដុល្លារ​អាមេរិក ដែលស្មើនឹង ០,២៨% នៃកំណើន ​GDP របស់ថៃ ហើយក៏មាន​គោលដៅ​កាត់បន្ថយបន្ទុក​ចំណាយរស់​នៅប្រចាំថ្ងៃ​របស់ ប្រជាពលរដ្ឋ​ និងជំរុញ​ការប្រើប្រាស់​របស់ឯកជន ដែលអាច​គាំទ្រដល់ សហគ្រាសធុនតូច​និងមធ្យម​បន្ថែមទៀត។

គួរជម្រាបដែរថា នៅក្នុងគម្រោងនេះ រដ្ឋថៃ​ជួយឧបត្ថម្ភ​ដល់ការចំណាយ​ប្រមាណ ៥០% នៃការចំណាយ​សរុប ខណៈប្រជាពលរដ្ឋថៃ ត្រូវចំណាយ ៥០% ទៀត​ដោយខ្លួនឯង៕

អត្ថបទទាក់ទង