ខេត្តសៀមរាប ទទួលបានជើងហោះហើរត្រង់ពីក្រុងសៀងហៃប្រទេសចិនជាលើកដំបូង
សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានទទួលការចុះចតជាលើកដំបូងនូវយន្តហោះរបស់ក្រុមហ៊ុន China Eastern Airlines ដែលហោះហើរត្រង់ ចេញពីទីក្រុងសៀងហៃ ប្រទេសចិន មកកាន់ខេត្តសៀមរាប ដោយនាំមកជាមួយនូវអ្នកទេសចរជនជាតិ ១៣២នាក់ កាលពីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។
នេះគឺជាការបើកជើងហោះហើរត្រង់ឡើងវិញជាលើកបំបូង ដែលតភ្ជាប់ពីទីក្រុងសៀងហៃ មកកាន់ទឹកដីអង្គរនៃខេត្តសៀមរាប ចាប់តាំងពីរដ្ឋាភិបាលចិន បានសម្រេចអនុញ្ញាតឲ្យប្រជាជនខ្លួនអាចធ្វើដំណើរចេញក្រៅប្រទេស កាលពីថ្ងៃទី ៨ខែមករា បន្ទាប់ពីប្រទេសនេះបានលុបចោលគោលនយោបាយសូន្យកូវីដ១៩ ដែលបានអនុវត្តអស់រយៈពេល ៣ឆ្នាំកន្លងមកនេះ។
លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្វើការហោះត្រង់មកកាន់ ខេត្តសៀមរាបជាលក្ខណៈ Regular Fligh ដោយហោះហើរក្នុងមួយសប្តាហ៍ចំនួន ៣ជើង គឺនៅថ្ងៃអង្គារ សុក្រ និង អាទិត្យ។
លោកបានអះអាងថា ឆ្នាំ២០២៣នេះ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤លាននាក់ ក្នុងនោះនឹងមានភ្ញៀវទេសចរចិនចន្លោះពី ៨០ម៉ឺន ទៅ ១លាននាក់ ហើយខេត្តសៀមរាប អាចទទួលទេសចរចិនប្រហែល ៣០% នៃទេសចរចិនសរុបមកកម្ពុជា។
បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានជើងហោះហើរជាមធ្យម ២៥០ជើងក្នុងមួយសបា្តហ៍ និងមានទេសចរជាមធ្យមចំនួនប្រមាណ ៣.៤០០នាក់ក្នុងមួយថ្ងៃ។ លោករដ្ឋលេខាធិការបានបន្ដថា
កម្ពុជាមានមោទកភាពដែលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ាប៉ារ៉ាហ្គេមលើកទី១២ និងខួប ១០ឆ្នាំនៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដផងដែរ ដែលអាចទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្ដសៀមរាបកាន់តែច្រើន។
សូមបញ្ជាក់ថា ការបើកជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ចិន មកកាន់ប្រទេសកម្ពុជា ធ្វើឡើងជាលើកទី ៣ហើយ ដោយលើកទី១ នៅខេត្ដព្រះសីហនុ។
លើកទី២ នៅរាជធានីភ្នំពេញ និងលើកទី៣ នៅខេត្ដសៀមរាបនាយប់ថ្ងៃទី០៣ ខែមីនាឆ្នាំ២០២៣នេះ ដែលមានភ្ញៀវទេសចរណ៍ចិនចំនួន ១៣២នាក់៕