ដំណឹងល្អ! រដ្ឋកំណត់សង់ផ្លូវថ្មី១ខ្សែ ៧២គីឡូម៉ែត្រ ភ្ជាប់សៀមរាប-បាត់ដំបង ក្នុងឆ្នាំ២០២៤
គម្រោងសាងសង់ផ្លូវមួយខ្សែ មានប្រវែង៧២គីឡូម៉ែត្រ ភ្ជាប់ខេត្តសៀមរាបទៅកាន់ខេត្តបាត់ដំបង នឹងចាប់ផ្តើមដំណើរការសាងសង់នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះហើយ។
លោក ព្រួញ រិទ្ធិ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានមានប្រសាសន៍ឱ្យដឹងពីកាលបរិច្ឆេទ នៃការចាប់ផ្តើមដំណើរការគម្រោងសាងសង់ផ្លូវមួយខ្សែនេះ ដែលអាចចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤។
លោកបានមានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវមួយខ្សែនេះជាសរសៃឈាមដ៏សំខាន់ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចូលក្នុងគម្រោងអាទិភាពផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកាន់តែងាយស្រួល និងចំណាយពេលតិចជាងមុន រវាងខេត្តទាំងពីរ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្ថែមថា ផ្លូវនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបម្រើដល់វិស័យទេសចរណ៍ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិថែមទៀតផង។
ចំណែក ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗកន្លងទៅ បានមានប្រសាសន៍ឱ្យដឹងថា នៅពេលដែលគម្រោងសាងសង់ផ្លូវនេះរួចរាល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញចូលខេត្ដទាំង ២ នឹងចំណេញចម្ងាយផ្លូវរហូតដល់ទៅ ៨០ គីឡូម៉ែត្រ បើធៀបនឹងការធ្វើដំណើរលើផ្លូវ ដែលមានបច្ចុប្បន្ន។
គួររម្លឹកថា កន្លងមករដ្ឋាភិបាលបានធ្វើការសិក្សាចប់សព្វគ្រប់លើគម្រោងសង់ផ្លូវមួយខ្សែនេះរួចរាល់ហើយ ដោយសហការជាមួយក្រុមហ៊ុន China Road and Bridge Corporation កាលពីខែសីហា ឆ្នំា២០២១មកម្ល៉េះ៕