ក្រុមហ៊ុន ៤ ស្នើសិក្សាគម្រោងផ្លូវល្បឿនលឿន ពីភ្នំពេញ-សៀមរាប
បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៤ បានស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាសមិទ្ធលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ មានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួង នៅថ្ងៃទី២៩វិច្ឆិកា។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា លទ្ធផលនៃការសិក្សាធ្វើផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប របស់ក្រុមហ៊ុនទាំងនោះ មិនទាន់សម្រេចជាផ្លែផ្កា នៅឡើយទេ ប៉ុន្តែឯកឧត្តមរំពឹងថា កម្ពុជានឹងមានផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប។
ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ថ្ងៃមុខយើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញ ទៅ សៀមរាប ផងដែរ»។
ផ្លូវល្បឿនលឿនខ្សែដំបូងដែលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃនេះ គឺ ភ្នំពេញ-ព្រះសីហនុ មានតម្លៃជាង២០០០លានដុល្លារអាមេរិក។
បច្ចុប្បន្ន ក្រសួងសាធារណការ បានអនុញ្ញាតឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ (CRBC) របស់ចិន ក្នុងការសាងសង់ផ្លូវល្បឿនលឿនមួយខ្សែទៀតពីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង ក្រោមទុនវិនិយោគ ជាង ១៧០០លានដុល្លារ ផងដែរ៕